អន្តរជាតិ
ជប៉ុន បន្ត​ជំហរ​មិន​ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​
27, Oct 2020 , 9:29 pm        
រូបភាព
ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato ។ រូបភាព AFP
ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato ។ រូបភាព AFP
ដោយ៖​កង ម៉េង​ហុង
 
​នៅ​ថ្ងៃទី ២៦ ខែតុលា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ ប្រកាសថា ជប៉ុន​ប នឹងមិន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ដែល​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ហើយក៏​មិន​ស្វាគមន៍​ការចូល​ជា​ធរមាន​របស់​សន្ធិសញ្ញា​នេះ​នៅ​ឆ្នាំក្រោយ​។ ប៉ុន្តែ​អ្នក​រស់រានមានជីវិត​ពី​ការផ្ទុះ​គ្រាប់បែក​ប្រល័យ​លោក កាលពី​ជាង​៧០​ឆ្នាំមុន បន្ត​ទទូច​រដ្ឋាភិបាល​ឱ្យ​ចូលរួម​ដើម្បី​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ​។​

 
​ជប៉ុន ដែលជា​ប្រទេស​តែមួយគត់​រង​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ នៅតែ​ប្រកាន់​ជំហរ​មិន​ចូលរួម​ក្នុងការ​សន្ធិសញ្ញា​ហាមឃាត់​ការ​សាយភាយ​នុយក្លេអ៊ែរ​ដដែល បន្ទាប់ពី​អង្គការសហប្រជាជាតិ​បញ្ជាក់ថា មាន​ប្រទេស​៥០​បានផ្ដល់​សច្ចាប័ន​ដែល​គ្រប់គ្រាន់​សម្រាប់​ការចូល​ធរមាន​នៅ​ឆ្នាំក្រោយ​។ 
 
​ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​លោក Katsunobu Kato បាន​និយាយថា ជប៉ុន​នៅតែ​រក្សា​គោលដៅ​ការសម្រេចបាន​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ ប៉ុន្តែ​មិន​គិតថា​សន្ធិសញ្ញា​នេះ ជា​មធ្យោបាយ​ល្អ​ឡើយ លោក Kato បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា វិធីសាស្ត្រ​របស់​ជប៉ុន គឺ​ខុសគ្នា​ពី​សន្ធិសញ្ញា​នេះ ហើយ​ជប៉ុន​មិនមាន​ការផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ឡើយ​។ 
 
«​យើង​នៅ​សង្ស័យថា តើ​ការគាំទ្រ​នឹង​បន្ត​កើនឡើង​ឬ​ក្នុងចំណោម​ប្រទេស​មិនមាន​នុយក្លេអ៊ែរ ដោយ​មិនទាន់​រាប់បញ្ចូល​ប្រទេស​នុយក្លេអ៊ែរ​នោះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Kato ។ 
 
​ជប៉ុន ធ្លាប់បាន​និយាយ​កន្លងមក​ថា វា​មិនមាន​ភាពប្រាកដនិយម​ទេ​ក្នុង​ការបន្ត​សន្ធិសញ្ញា​ជាមួយ​មហាអំណាច​នុយក្លេអ៊ែរ និង​រដ្ឋ​ដែល​មិនមែនជា​អាវុធ​នុយក្លេអ៊ែរ ដែល​មិន​ចុះសម្រុង​គ្នា​។ ត្រង់ចំណុច​នេះ លោក Kato និយាយថា ជប៉ុន​បានជ្រើសរើស​ការធ្វើជា​ស្ពាន​ក្នុងការ​បង្រួម​គម្លាតរ​វាង​ភាគី​ទាំងពីរ ជំនួស​ឲ្យ​ការចុះហត្ថលេខា​វិញ​។​
 
​យ៉ាងណាមិញ អ្នក​រស់រានមានជីវិត​ពី​ការវាយប្រហារ​របស់​គ្រាប់បែកបរមាណូ នៅតែ​អំពាវ​នា​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ក្លាយជា​ប្រទេស​ដែល​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មួយ​នេះ​។ លោក Terumi Tanaka ជា​អ្នក​នៅ​រស់រានមានជីវិត​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Hiroshima និង Nagasaki កាលពី​ខែសីហា​ឆ្នាំ ១៩៤៥  លើកឡើងថា លោក​មិនបាន​បោះបង់ចោល​ក្តីសង្ឃឹម​ទេ​។​
 
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី ២៤ ប្រទេស​ចំនួន ៥០ បានផ្តល់​យល់ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ដែលជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ការចូល​ជា​ធរមាន​ក្នុង​រយៈពេល ៩០ ថ្ងៃ​។ ការប្រកាស​នេះ​ត្រូវបាន​សាទរ​ដោយ​សកម្មជន​ប្រឆាំង​នុយក្លេអ៊ែរ ប៉ុន្តែ​សន្ធិសញ្ញា​នេះ​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដ៏ទៃទៀត​។​
 
​សន្ធិសញ្ញា​នេះ​ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក ១៩៣ នាក់​កាលពី​ខែកក្កដា​ឆ្នាំ ២០១៧ ដោយ​សំឡេងគាំទ្រ ១២២ ។ មហាអំណាច​នុយក្លេអ៊ែរ​ទាំង ៥ និង​ប្រទេស​ចំនួន ៤ ផ្សេងទៀត​ដែល​ត្រូវបាន​គេ​ស្គាល់ ឬ ជឿជាក់ថា មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​ជាំ ឥណ្ឌា ប៉ា​គី​ស្ថាន កូរ៉េខាងជើង និង អ៊ីស្រាអែល បានធ្វើ​ពហិការ​ការចរចា និង​ការបោះឆ្នោត​លើ​សន្ធិសញ្ញា​នេះ​រួមជាមួយ​ប្រទេស​ច្រើន​ទៀត​៕
 
 

Tag:
 ជប៉ុន​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com