អន្តរជាតិ
ពលរដ្ឋ​វៀតណាម​ចាត់ទុក​ព្យុះ​ត្រូពិច​នៅក្នុង​ប្រទេស​ជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​ធម្មតា​
27, Oct 2020 , 7:59 pm        
រូបភាព
​ក្រុមការងារ​កំពុងដ​ក​ខ្សែភ្លើង​ដែល​ដាច់​ដោយសារ​ព្យុះ​ត្រូពិច Noul នៅ​ក្រុង Hue ប្រទេស​វៀតណាម ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​
​ក្រុមការងារ​កំពុងដ​ក​ខ្សែភ្លើង​ដែល​ដាច់​ដោយសារ​ព្យុះ​ត្រូពិច Noul នៅ​ក្រុង Hue ប្រទេស​វៀតណាម ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ — ​ព្យុះ​ត្រូពិច​ដែល​កើតមាន​ជា​បន្តបន្ទាប់ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ប្រទេស​វៀតណាម ដោយសារតែ​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ ដោយបាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​បាន​នាំ​ឲ្យ​មាន​អាកាសធាតុ​អាក្រក់​កាន់តែ​ច្រើនឡើង​មកលើ​ប្រទេស​នេះ​។​

 
​វៀតណាម​ស្ថិតនៅក្នុង «​តំបន់​រងគ្រោះ​ដោយ​ព្យុះ​ស៊ីក្លូន​» មួយ​ក្នុងចំណោម​តំបន់​ចំនួន​ប្រាំ​នៅលើ​ពិភពលោក និង​ទទួលរង​ព្យុះ​ជា​មធ្យម​ចំនួន ៤,៣​លើក​។ គិត​ត្រឹម​ខែតុលា​ឆ្នាំនេះ ព្យុះ​ត្រូពិច​ចំនួន​៦​បាន​បោកបក់​មកលើ​ប្រទេស​វៀតណាម នេះ​បើ​យោងទៅតាម​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​ឥណ្ឌូចិន​។​
 
​លោក Adam McCarty សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន Mekong Economics ក្នុង​ទីក្រុង​ហាណូយ​បាន​និយាយថា​៖«​បញ្ហា​មិន​សំខាន់​ស្ថិតនៅលើ​ការខាតបង់​ច្រើន ឬ​តិចជាង​មុន​នៅ​ឆ្នាំនេះ​នោះទេ​។ បញ្ហា​គឺថា និន្នាការ​កើតមាន​ព្យុះ​កំពុងតែ​កើនឡើង ហើយ​នេះ​គឺជា បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។​
 
​សូម្បីតែ​នៅក្នុង​របាយការណ៍​កាល​ពី​ឆ្នាំ ២០១១ ស្តីពី​ប្រទេស​វៀតណាម ទីភ្នាក់ងារ​ទទួលបន្ទុក​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា ព្យុះ​ទី​ហ្វុ​ង​ដែល​បាន​សន្ទុះ​ខ្យល់​ខ្លាំង​ជាង​ព្យុះ​ត្រូពិច «​ហាក់ដូចជា កើតមានឡើង​កាន់តែ​ញឹកញាប់​»​។ ហើយ​របាយការណ៍​នេះ​គឺ​តាំងពី ១០​ឆ្នាំមុន​មកម្ល៉េះ​។​
 
​ប្រទេស​វៀតណាម​ដែលមាន​ប្រជាជន​ចំនួន ៩៧​លាន​នាក់ គឺជា ប្រទេស «​ងាយ​រងគ្រោះ​» ជាងគេ​បង្អស់​មួយ​។ នេះ​បើ​យោងទៅតាម​ទិន្នន័យ​គេហទំព័រ Climatelinks.org ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​អាមេរិក​។ គេហទំព័រ Climatelinks បាន​ឲ្យ​ដឹងថា ប្រទេស​វៀតណាម​គួរតែ​រំពឹងថា នឹងមាន​សីតុណ្ហភាព​ខ្ពស់ជាង​មុន កំណើន​លក្ខខណ្ឌ​អាកាសធាតុ​ធ្ងន់ធ្ងរ និង​កំណើន​នីវ៉ូទឹក​សមុទ្រ​។​
 
​ព្យុះ​ត្រូពិច Linfa បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១៤​នាក់ និង​បណ្តាល​ឲ្យ ២១​នាក់​ទៀត​បាត់​ខ្លួន​គិត​មក​ត្រឹម​ថ្ងៃទី​២១ ខែតុលា ដោយសារតែ​ព្យុះ​នេះ​បាន​បោកបក់​ឆ្លងកាត់​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀតណាម​។ ព្យុះ​ទី​ពីរ​គឺ ព្យុះ Nangka បាន​បោកបក់​មកលើ​តំបន់​ដូចគ្នានេះ​កាលពី​ថ្ងៃ​ពុធ ទី​២១ ខែតុលា​។ ហើយ​មនុស្ស​ចំនួន ២៨ នាក់​ត្រូវបាន​រាយការណ៍​ថា បាន​បាត់​បង់ជីវិត​។​
 

​ស្ត្រី​ម្នាក់​ពាក់អាវ​ភ្លៀង​ជិះ​កង់​ពេល​ភ្លៀង​ធ្លា​ក់នៅ​ក្រុង​ហាណូយ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ខណៈដែល​ព្យុះ​ត្រូពិច Nangka ធ្វើ​ឲ្យ​បាក់​ដី​នៅ​ភាគ​កណ្ដាល​វៀតណាម​។​
 
​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ព្យុះ​នានា​កាលពី​ខែតុលា​បាន​បង្ក​ការខូចខាត​ទៅលើផ្ទះ​សម្បែង​យ៉ាងហោចណាស់ ២៧៤.៥០០​ពាន់​ខ្នង​។ ព្យុះ​ទាំងនេះ​បាន​បោកបក់​មកលើ​តំបន់កសិកម្ម ដែល​សម្បូរ​ទៅដោយ​ដំណាំ​ស្រូវ ដូង និង​ផ្លែឈើ​ប្រចាំ​តំបន់​ត្រូពិច​។ ជាទូទៅ ដំណាំ​ទាំងនេះ​ត្រូវបាន​ដាំ​នៅ​តំបន់​វាលទំនាប ដែល​ងាយ​នឹងរង​គ្រោះ​ដោយសារ​ទឹកជំនន់​។​
 
​គេហទំព័រ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះថា Nhan Dan Online គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​បាន​រាយការណ៍​ថា គ្រោះ​បាក់​ដី​នៅ​ការដ្ឋាន​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នៅ​ខេត្ត Thua Thien Hue បាន​បណ្តាល​ឲ្យ​កម្មករ​ចំនួន ១៧​នាក់​បាត់​ខ្លួន ។ ក្រុម​អ្នក​ជួយសង្គ្រោះ​ចំនួន​១៣​នាក់​នៅ​ខេត្ត​មួយទៀត​ដែលមាន​គ្រោះ​បាក់​ដី​ក៏​កំពុងតែ​បាត់​ខ្លួន​ផងដែរ​។ 
 
​លោក Ralf Matthaes ជនបរទេស​មករ​ស់​នៅ​រយៈពេល​វែង និង​ស្ថាបនិក​ក្រុមហ៊ុន​ប្រឹក្សា​ស្រាវជ្រាវ Infocus Mekong Research ក្នុង​ក្រុង​ហូជីមិញ បាន​និយាយថា គ្រោះ​បាក់​ដី​បានកើត​មាននៅ​តំបន់ភ្នំ​ជា​រៀងរាល់ឆ្នាំ​។ 
 
​លោក Matthaes បាន​និយាយថា​៖ «​តំបន់ភ្នំ​គឺជា កន្លែង​កើតមាន​គ្រោះ​បាក់​ដី​ជាទូទៅ​។ យើង​កំពុង​ស្ថិតនៅ​ចំ​កណ្តាល​រដូវភ្លៀង​ធ្លាក់ ដូច្នេះ ខ្ញុំ​គិតថា វា​មិនមែនជា​រឿង​ខុសធម្មតា​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​»​។​
 
​ព្យុះ​ត្រូពិច​ភាគច្រើន​កើតមាន​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀតណាម ដោយ​មិន​ប៉ះចំ​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ជា​តំបន់ឧស្សាហកម្ម​របស់​ប្រទេស វៀតណាម​នោះទេ​។ ប្រជាជន​នៅ​តំបន់​ភាគ​កណ្តាល​វៀតណាម​ជាទូទៅ​ជា​ប្រជាជន​ក្រីក្រ​រស់នៅ​ក្នុងផ្ទះ​ចាស់​ទ្រុឌ​ទ្រាម​ក្នុង​តំបន់​ដែល​ឧស្សាហ៍​រងគ្រោះ​ពី​ទឹកជំនន់​។​
 
​លោក McCarty បាន​និយាយថា ការកើតមាន​ជា​ញឹកញាប់​នៃ​បាតុភូត​ព្យុះ​ប្រកបដោយ​គ្រោះថ្នាក់​បានធ្វើ​ឲ្យ​ផែនការ​ជួយសង្គ្រោះ​ពេល​មាន​គ្រោះធម្មជាតិ​របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​ជា «​ប្រព័ន្ធ​»​។ លោក​បាន​បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធ​ក៏​កំពុងតែ​រីកចម្រើន ខណៈ​វិស័យ​កសិកម្ម​កំពុង​បោះជំហាន​ទៅមុខ​ដោយមាន​ការប្រើប្រាស់​គ្រឿងចក្រ​កាន់តែ​ច្រើនជាង​មុន ហើយ​ប្រជាជន​កំពុងតែ​ងាក​ពី​ការធ្វើ​កសិកម្ម​មក​ធ្វើការ​នៅ​ទីក្រុង​។​
 
​ក្រុមអ្នកវិភាគ​នៅ​វៀតណាម​និយាយថា មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​តាមដាន​ទំហំ​នៃ​ការខូចខាត​បន្ទាប់ពី​មាន​ព្យុះ និង​ស្វះស្វែង​ជួយ​ជនរងគ្រោះ​តាម​មធ្យោបាយ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​ចាប់ផ្តើម​លែង​សូវ​យកចិត្តទុកដាក់​អំ​ពី​ការគំរាមកំហែង​ពី​ព្យុះ​ដែល​កើតមានឡើង​ថ្មីៗ​ហើយ​។​
 
​លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៅ​ទីក្រុង​ហូជីមិញ​បាន​និយាយថា​៖ «​ខ្ញុំ​គិតថា ពួកគេ​ស៊ាំ​ទៅនឹង​ការកើតមាន​ព្យុះ​ទៅហើយ​។ នៅ​វៀតណាម នៅពេលដែល​យើង​ឮដំណឹង​ពី​ព្យុះ​តាមរយៈ​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម អ្វីដែល​យើង​យកចិត្តទុកដាក់​មុនគេ​នោះ​គឺ ការខូចខាត និង​ផលប៉ះពាល់​ផ្សេងៗ​»​។​
 
​លោក Nguyen បាន​បន្តថា ប្រជាជន​ដែលមាន​ជីវភាព​ប្រសើរ​នៅ​ក្រុង​ហូជីមិញ តាមដាន​បណ្តាញ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ទាក់ទិន​នឹង​ផលប៉ះពាល់​ដោយសារ​បាតុភូត​ព្យុះ​ដោយ​ផ្នែក ដើម្បី​ពួកគេ​អាច​បរិច្ចាគ​ជួយ​ជនរងគ្រោះ​។ លោក​បាន​បន្ថែមថា ការបរិច្ចាគ​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ​នៅ​វៀតណាម ដោយសារ​តែមាន​ព្យុះ​ជា​ទៀងទាត់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com