កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ថាព័ត៌មានចូលនិវត្តន៍ពីជម្រើសជាតិបារាំងដើម្បីប្រឆាំង Macron ជា Fake News
× Paul Pogba ខ្សែបម្រើក្រុម Manchester United នៅថ្ងៃទី២៦ ខែតុលា អះអាងថា របាយការណ៍ចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ដើម្បីតវ៉ាប្រឆាំងប្រធានាធិបតីបារាំងលោក Emmanuel Macron ជាព័ត៌មានក្លែងក្លាយ «Fake News»។
យោងតាមកាសែតអង់គ្លេស The Sun ដែលបានចុះផ្សាយនៅថ្ងៃទី២៦តុលា Pogba ដែលជួយក្រុមមាន់គកបារាំងឈ្នះ World Cup ឆ្នាំ២០១៨ ចង់បញ្ចប់អាជីពពីជម្រើសជាតិ បន្ទាប់ពីលោក Macron បានប្តេជ្ញាប្រឆាំងក្រុមឥស្លាមជ្រុលនិយម។ ការអះអាងរបស់ប្រធានាធិបតីបារាំងនេះ ធ្វើឡើងបន្ទាប់ពីមានការកាត់ក្បាលគ្រូប្រវត្តិវិទ្យាលោក Samuel Paty កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ។
ជុំវិញករណីនេះ ខ្សែបម្រើក្រុមបិសាចក្រហម Man Utd វ័យ២៧ឆ្នាំ បានបដិសេធដាច់ខាត ហើយថែមទាំងហៅការចុះផ្សាយព័ត៌មានរបស់ The Sun ថាជា Fake News ទៀតផង។ «ព័ត៌មានក្លែងក្លាយដែលមិនអាចទទួលយកបាន»។ Pogba ដែលជាអ្នកកាន់សាសនាឥស្លាមបាន screenshot ចំណងជើងរបស់ The Sun យកទៅបង្ហោះលើបណ្តាញសង្គម Instagram របស់ខ្លួនដូច្នេះ។
ឃាតកម្មសម្លាប់ដោយកាត់ក្បាល ទៅលើគ្រូបង្រៀនឈ្មោះ Paty ក្នុងក្រុងប៉ារីស កើតឡើងដោយសារតែគ្រូអនុវិទ្យាល័យរូបនេះ បានយករូបត្លុកបង្ហាញពន្យល់សិស្សក្នុងថ្នាក់រៀន។ អំពើឃោឃៅនេះ បានធ្វើឲ្យក្តុកក្តួលចិត្តខ្លាំងពីសំណាក់ប្រជាជន ក៏ដូចជាអ្នកនយោបាយបារាំងផង។ រដ្ឋាភិបាលបារាំងលោក Macron បានប្តេជ្ញាចាត់វិធានការឲ្យមានប្រសិទ្ធិភាពបំផុតដើម្បីប្រឆាំងឥស្លាមជ្រុលនិយម ក៏ដូចជាទប់ស្កាត់ កុំឲ្យមានអំពើព្រៃផ្សៃដូច្នេះកើតឡើងទៀត។
យ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក Macron ខាងលើបានបង្កឲ្យមានការតវ៉ានៅក្នុងបណ្តាប្រទេសដែលមានជនមូស្លីមភាគច្រើន។ នៅក្នុងប្រទេសស៊ីរី ជនមូស្លីមខ្លះ បានដុតរូបលោក Macron ខណៈប្រជាជនលីប៊ីនាំគ្នាដុតទង់ជាតិបារាំងនៅក្នុងរដ្ឋធានីរបស់ពួកគេ។
Pogba ទើបបង្ហាញខ្លួនឲ្យក្រុមលោក Didier Deschamps ក្នុងការប្រកួតពានរង្វាន់ Nations League កាលពីថ្ងៃទី១៥ តុលាកន្លងទៅ ក្នុងជ័យជម្នះលើក្រូអាស៊ីក្នុងលទ្ធផល ២-១។ រូបគេក៏នៅតែមានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងដដែល សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយហ្វាំងឡង់នៅថ្ងៃទី១១ ខែវិច្ឆិកា មុនបន្តទៅជួបព័រទុយហ្គាល់ និងស៊ុយអែត ពាន Nations League នៅថ្ងៃទី១៥ និង១៨ ខែវិច្ឆិកា៕
Tag:
Paul Pogba
Fake News
© រក្សាសិទ្ធិដោយ thmeythmey.com