ជាតិ
​ឥទ្ធិពល​ព្យុះ​ម៉ូ​ឡាវ​ធ្វើ​ឲ្យ​តំបន់​វាលទំនាប មាត់សមុទ្រ ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ធ្លាក់ភ្លៀង​ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា​
28, Oct 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨-២៩ ខែតុលា កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ទី​១៨ ឈ្មោះ​ម៉ូ​ឡាវ ដែល​ធ្វើឱ្យ​តំបន់​វាលទំនាប តំបន់​មាត់សមុទ្រ បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ពីថ្ងៃ​ទី​២៨ តុលា​-៣ វិច្ឆិកា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ ទី​២៧ ខែតុលា​។

 
​ឥទ្ធិពល​ព្យុះ​ទី​១៨​នេះ នឹង​បង្ក​ឱ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១-២៤​អង្សារ​សេ អតិបរមា ២៧-៣០​អង្សារ​សេ ដែល​ធ្វើឱ្យ​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងក្រោម និង​ជាប់​ព្រំដែន​វៀតណាម បន្ត​ធ្លាក់ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា​។ តែ​សម្រាប់​ថ្ងៃទី ២៨-២៩ ខែតុលា ពិសេស ភាគ​ពាយ័ព្យ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។ 
 
​រីឯ​បណ្ដា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន មាន​សីតុណ្ហភាព​អ​ប្បរមា ២០-២២ អង្សារ​សេ អតិបរមា ២៧-៣០ អង្សារ​សេ ដោយ​បន្ត​ធ្លាក់ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា តែ​នៅ​ថ្ងៃទី​២៨-២៩ ខែតុលា នឹង​លាយឡំ​ជាមួយ​ខ្យល់​ខ្លាំង​។​
 
​ចំណែកឯ តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អ​ប្បរមា​២២-២៤ អង្សារ​សេ អតិបរមា ២៧-២៩ អង្សារ​សេ និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។ ជាមួយគ្នានេះ ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕
​​

Tag:
 ​ឧតុនិយម​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com