អន្តរជាតិ
អាល្លឺម៉ង់ នៅ​ចន្លោះ​រវាង​បាតុករ​គាំទ្រ​ស្ដេច​ថៃ និង​បាតុករ​ទាមទារ​ឲ្យ​កែទម្រង់​រាជានិយម​
27, Oct 2020 , 4:22 pm        
រូបភាព
អ្នកគាំទ្រព្រះមហាក្សត្រ នៅមុខស្ថានទូតថៃ។ រូបភាព៖ AFP
អ្នកគាំទ្រព្រះមហាក្សត្រ នៅមុខស្ថានទូតថៃ។ រូបភាព៖ AFP
ដោយ:
​ស្ថានការណ៍​នយោបាយ​ថៃ បាន​វិ​វត្ត​ទៅកាន់​កម្រិត​ថ្មី​មួយទៀត បន្ទាប់ពី​បាតុករ​ប្រឆាំង​រដ្ឋាភិបាល និង​ទាមទារ​កំណែទម្រង់​រប​ប​រាជានិយម​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាល្លឺម៉ង់​នៅ​ថ្ងៃទី​២៦ តុលា​។ បាតុករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ពិនិត្យ​លើ​សកម្មភាព​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ពេល​គង់នៅ​ទីនោះ​។ រដ្ឋាភិបាល​អាល្លឺម៉ង់​ធ្លាប់​បង្ហើប​ថា ជាការ​មិនអាច​ទទួល​យកបាន បើ​មហាក្សត្រ​ថៃ​ធ្វើ​នយោបាយ​ពី​ទឹកដី​របស់ខ្លួន​។​

 
​អាល្លឺម៉ង់ កំពុង​ជាប់​ជំពាក់ជំពិន​នៅក្នុង​បាតុកម្ម​នៅ​ថៃ​របស់​ក្រុមនិស្សិត​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​ថៃ​។ ហេតុដែល​ដែល​បាតុករ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាល្លឺម៉ង់​នេះ ដោយសារតែ​មហាក្សត្រ​ថៃ​ចំណាយពេល​មួយ​ភាគ​ធំ​នៅ​ទីនោះ ខណៈ​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ននេះ អនុញ្ញាត​ឲ្យ​មហាក្សត្រ​អនុវត្ត​អំណាច​របស់​ទ្រង់​ពី​ក្រៅប្រទេស​ដោយ​ពុំ​ចាំបាច់​ជ្រើសតាំង​រាជា​នុ​សិទ្ធិ ឬ​ប្រមុខរដ្ឋស្តីទី​ឡើយ​។​
 
​ឆ្លើយតប​ទៅនឹង​ការដាក់​ញត្តិ​ដោយ​បាតុករ រដ្ឋមន្ត្រី​អាល្លឺម៉ង់​លោក​Heiko Maas លើកឡើងថា​៖« យើង​កំពុង​ពិនិត្យមើល​ស្ថានការណ៍​នេះ​»​។ លោក​ព្រមាន​ថា នឹងមាន​ចំ​ណាត​ការ​ភ្លាមៗ បើ​គេ​រកឃើញថា សកម្មភាព​របស់​មហា​ក្សត្រ​ថៃ​ខុសច្បាប់​អាល្លឺម៉ង់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters​។​
 
​ក្នុង​ញត្តិ​ដាក់​ទៅ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​បាងកក បាតុករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ពិនិត្យ​ទៅ​មើល​សំណុំរឿង​ចំនួន​៤ ទាក់ទង​នឹង​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍​។ ទី​១​បាតុករ​ចង់ដឹងថា ទ្រង់​បំពេញ​ព្រះរាជកិច្ច​ពី​ទឹកដី​អាល្លឺម៉ង់​ឬ​យ៉ាងណា ទី​២​គឺ​ការបង់ពន្ធ​លើ​មរតក ទី​៣​ការបំពាន​សិទ្ធិមនុស្ស និង​ទី​៤ គឺ​របៀបរបប​នៃ​ការរស់នៅ​អាល្លឺម៉ង់​។​
 
​បាតុករ​បានបញ្ជាក់​ក្នុង​ញត្តិ​ថា ពេលវេលា​នៃ​ការផ្លាស់ប្តូរ​បានមក​ដល់ ហើយ​ចរន្ត​ប្រជាធិបតេយ្យ​ក៏​មិនអាច​បញ្ឈប់​បានដែរ​។ នៅ​ចុងបញ្ចប់​នៃ​ញត្តិ​បាតុករ​បាន​ចុះហត្ថលេខា ដោយ​ដាក់ថា​«​ពី​មនុស្ស មិនមែន​លម្អងធូលី​» ដោយ​សំដៅលើ​ការប្រើប្រាស់​ពាក្យ​ក្នុ​សង្គម​ថៃ​ដែល​ប្រជាជន​ជា​លម្អងធូលី​ក្រោម​ព្រះបាទ​ព្រះមហាក្សត្រ​។​
 
​មុននឹង​បាតុករ​ប្រឆាំង​ដាក់​ញត្តិ​ទៅ​ស្ថានទូត ក្រុម​អ្នកគាំទ្រ​រាជានិយម​ក៏បាន​ជួបជុំ​នៅមុខ​ស្ថានទូត​រដ្ឋ​អឺរ៉ុប​នេះ​ផងដែរ ដោយបាន​ដាក់​លិខិត​ទៅ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក Georg Schmidt ។ ពួកគេ​ទទូច​ឲ្យ​អាល្លឺម៉ង់​ស្តាប់ និង​ពិចារណា​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ព័ត៌មាន​ដែល​បានមកពី​ភាគី​ទាំងអស់ ដើម្បី​បង្ការ​ការធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ដុនដាប​។​
 
​លិខិត​នេះ ក៏​អះអាង​ដែរ​ថា​ការទាមទារ​របស់​ក្រុមបាតុករ​ម្ខាង​ទៀត ដូចជា​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​កំពុងស្ថិត​ក្នុង​ដៃ​សភា និង​ការទាមទារ​ដទៃទៀត​កំពុង​ត្រូវបាន​ដោះស្រាយ​តាមបែប​ប្រជាធិបតេយ្យ ដែលមាន​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ​ហើយ​។​
 
​ក្រុមបាតុករ​គាំទ្រ​ព្រះមហាក្សត្រ​បំបែក​ការជួបជុំ​នៅមុខ​ស្ថានទូត​អាល្លឺម៉ង់​ដោយ​សន្តិវិធី ដោយ​ចៀសវាង​ការប៉ះទង្គិច​គ្នា​ជាមួយ​បាតុករ​ទាមទារ​កំណែទម្រង់​របបរាជានិយម ដែល​យក​ញត្តិ​មក​ដាក់​នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា​ដដែល​៕
 
 

Tag:
 ថៃ​
 ​អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com