ភ្នំពេញ៖ ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់ការពារធម្មជាតិមួយ ដែលមានមានប្រភេទជីវៈចម្រុះជាង ១០០០ប្រភេទ។ បើតាម លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃកែវសីមានេះ គឺមានប្រភេទជីវៈចម្រុះច្រើនជាងគេបង្អស់ នៅក្នុងចំណោមតំបន់ការពារធម្មជាតិទាំង៥៦ នៅកម្ពុជា។
ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់ការពារធម្មជាតិចំនួន ៥៦ ក្នុងប្រទេសកម្ពុជា។ ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដី ២៩២ ៦៩០ហិកតា មានទីតាំងស្ថិតនៅតាមជួរភ្នំអាណាម៉ៃត៍ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ ដែលមានប្រភេទជីវៈចម្រុះជាង ១ពាន់ប្រភេទ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាននៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលលោកបានបន្តបញ្ជាក់ថា ប្រភេទជីវចម្រុះនោះ គឺជាចំនួនច្រើនជាងគេ ក្នុងចំណោមតំបន់ការពារធម្មជាតិ នៅកម្ពុជា។
បច្ចុប្បន្ន មានប្រជាពលរដ្ឋប្រមាណ ១៨ ០០០នាក់ ដែលរស់នៅ និងពឹងផ្អែកលើព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ តាមការសិក្សាស្រាវជ្រាវរបស់អង្គការ WCS ដែនជម្រកសត្វព្រៃកែវសីមា មានលក្ខណៈសំខាន់ជាអន្តរជាតិ សម្រាប់ធ្វើការអភិរក្សប្រភេទសត្វពានរ ដែលមានសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿងច្រើនជាងគេលើលោក។ ដែនជម្រកសត្វព្រៃកែវសីមា បានបង្កើតឡើងនៅឆ្នាំ២០០២ ជាការគ្រប់គ្រងដោយក្រសួងបរិស្ថាន និងមានការគាំទ្រពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។
ទោចថ្ពាល់លឿង
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ (២០១០-២០២០) ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងអង្គការ WCS បានអង្កេតតាមដាន និងផ្ដោតលើសត្វព្រៃ ១៣ ប្រភេទសំខាន់ៗ ដែលមានវត្តមាននៅដែនជម្រកសត្វព្រៃកែវសីមា។
សត្វព្រៃទាំង ១៣ ប្រភេទនោះរួមមាន៖ ស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាព្រាម ស្វាក្ដាម ស្វាត្រោស ស្វាអង្កត់ ក្ងោក ជ្រូកព្រៃ ឈ្លូស ទន្សោង ខ្ទីង រមាំង និងប្រើស។ លោកបន្តថា ប្រភេទសត្វ និងរុក្ខជាតិប្រមាណ ៧៥ប្រភេទ ក្នុងដែនជម្រកព្រៃកែវសីមា កំពុងរងការគំរាមកំហែង និងស្ថិតក្នុងបញ្ជីក្រហម។
លោក នេត្រ ភក្រ្តា ក្នុងសន្និសីទសារព័ត៌មាននៅក្រសួងបរិស្ថានថ្ងៃទី ២៦ តុលា ស្ដីពីស្ថានភាពប្រភេទសត្វសំខាន់ៗក្នុងដែនជម្រកសត្វព្រៃកែវសីមា
ក្រសួងបរិស្ថាន និងអង្គការ WCS កំពុងមានការព្រួយបារម្ភ អំពីការវិនាសផុតពូជនៃប្រភេទសត្វពានរ បានថយចុះ។ ប៉ុន្តែសម្រាប់ពពួកពានរ ៣ប្រភេទផ្សេងទៀតមាន ស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្ដាម និងជ្រូកព្រៃមានចំនួនថេរ។ ដោយឡែកស្វាត្រោស និងសត្វក្ងោកមានការកើនឡើង។
ដោយសារបច្ចុប្បន្ន ផ្ទៃដីតំបន់អភិរក្សធម្មជាតិមានទំហំធំ ប៉ុន្តែចំនួននៃមន្ត្រីឧទ្យានុរក្សមានត្រឹមជាង ១ពាន់នាក់ប៉ុណ្ណោះ ដូច្នេះការគ្រប់គ្រងបទល្មើសពាក់ព័ន្ធធនធានធម្មជាតិ ក៏នៅតែកើតមានឡើង។ ហេតុដូចនេះ ទាមទារឲ្យមន្ត្រីមូលដ្ឋាន និងឧទ្យានុរក្សបង្កើនការរឹតបន្តឹង ការអនុវត្តច្បាប់។ នេះជាការបញ្ជាក់ របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា ក្នុងប្រទេសកម្ពុជាមានខេត្តតែចំនួន ៥ប៉ុណ្ណោះ ដែលមិនមានតំបន់ការពារធម្មជាតិដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង។ ទន្ទឹមនឹងនេះខេត្តព្រៃវែង ក៏នឹងមានតំបន់ការពារធម្មជាតិក្នុងពេលឆាប់ៗដែរ ខណៈដែល ក្រសួងបរិស្ថាន មានគម្រោងបង្កើតតំបន់ បឹងស្នេហ៍ ជា«តំបន់ការពារទេសភាពបឹងស្នេហ៍»នោះ៕
ស្វាកន្ទុយស