ខុសពីឆ្នាំមុនៗ «វេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPBF)» លើកទី៣ នឹងរៀបចំឡើងតាមអនឡាញពីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ ហើយនោះក៏ព្រោះតែជំងឺរាតត្បាតសកលកូវីដ-១៩។
ក្នុងព្រឹត្តិការណ៍នេះ ទីភ្នាក់ងារអភិវឌ្ឍន៍និងពាណិជ្ជកម្មអាមេរិក នឹងស្វាគមន៍មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងតូចទាំងធំក្នុងតំបន់និងសកល និងដៃគូអភិវឌ្ឍដទៃទៀត អមជាមួយរបៀបវារៈសំខាន់ៗដែលកំណត់អនាគតនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross និងរដ្ឋមន្ត្រីថាមពលអាមេរិក Dan Brouillette ផងដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy ដែលនឹងចូលរួមពិភាក្សាក្នុងវេទិកានេះផងដែរនោះ បានលើកទឹកចិត្តប្រជាជនកម្ពុជាចូលរួមជាមួយលោកក្នុងវេទិកាពាណិជ្ជកម្មប្រចាំឆ្នាំនេះ ។
តាមរយៈវីដេអូបង្ហោះលើហ្វេសប៊ុកផ្លូវការបស់ស្ថានទូត លោកសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺល្អសម្រាប់អ្នកជំនួញ មន្រី្តរដ្ឋាភិបាល និងនិស្សិតនៅកម្ពុជា ដែលមានការចាប់អារម្មណ៍ចង់ដឹងបន្ថែមពីនិន្នាការចុងក្រោយ នៅក្នុងវិស័យសេដ្ឋកិច្ចឌីចីថល សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ។ល។
លោក Murphy នឹងធ្វើជាវាគ្មិនពិភាក្សាត្រង់ប្រធានបទ «កាលានុវត្តភាព និងទស្សនវិស័យធុរកិច្ច ក្នុងបណ្ដាប្រទេសក្នុងតំបន់មេគង្គ (Business Opportunities and Outlook in the Mekong Countries)» ជាមួយនឹងអគ្គរដ្ឋទូតអាមេរិកប្រចាំឡាវ Peter M. Haymond, អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម Daniel J. Kritenbrink, និងភារធារីអាមេរិកប្រចាំមីយ៉ាន់ម៉ា Gwen Cardno ខណៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំថៃ Michael George DeSombre ជាអ្នកសម្របសម្រួលកិច្ចពិភាក្សានេះ។
សូមបញ្ជាក់ថា វេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPBF) គឺជាព្រឹត្តិការណ៍ឈានមុខមួយក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មរបស់ខ្លួននៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
កិច្ចពិភាក្សារបស់វេទិកានេះ នឹងផ្តោតលើវឌ្ឍនភាពចុងក្រោយបង្អស់នៃបរិយាកាសធុរកិច្ចសម្រាប់វិស័យសំខាន់ៗ ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីចីថល និងការថែទាំសុខភាព ជាដើម អមជាមួយការផ្ដល់អនុសាសន៍គោនយោបាយ ក៏ដូចជាកាលានុវត្តភាពថ្មីសម្រាប់ពង្រិកភាពជាដៃគូឯកជន-សាធារណៈផងដែរ៕