អន្តរជាតិ
​លោក ណា​ជីប បើកផ្លូវ​ចរចា​ជាមួយ​លោក អាន់​វ៉ា បើ​វិបត្តិ​នយោបាយ​នៅជាប់​គាំង​
27, Oct 2020 , 5:39 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (ឆ្វេង) និងមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាព៖ AFP
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (ឆ្វេង) និងមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាព៖ AFP
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បានស្នើ​យោបល់​ឲ្យ​បក្ស​អង្គការ​ជាតិ​រួបរួម​ម៉ា​ឡេ (UMNO) ដែលជា​បក្ស​កាន់អំណាច​ធ្វើការ​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ក្នុង​លក្ខខណ្ឌ​ដែល ការបោះឆ្នោត​ថ្នាក់ជាតិ​មុន​អាណត្តិ មិនអាច​រៀបចំ​ទៅរួច​។

​លោក អាន់​វ៉ា ធ្លាប់ជា​មេដឹកនាំ​សំខាន់​មួយ​ក្នុង​សម្ព័ន្ធភាព​នយោបាយ​ដែល​បាន​ផ្ដួល​លោក ណា​ជីប ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ​២០១៨​។ ចាប់តាំងពី​ពេលនោះ​នេះ លោក ណា​ជីប បាន​ជាប់ក្តី​ក្ដាំ​ពាក់ព័ន្ធ​អំពើពុករលួយ ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១២​ឆ្នាំ​ទៀតផង​។ ប៉ុន្តែ​បច្ចុប្បន្ន លោក​បង់លុយ​នៅក្រៅ​ឃុំ ហើយ​បាន​ប្ដឹងតវ៉ា​ប្រឆាំង​សាលក្រម​នេះដែរ​។ 
 
​ក្នុង​សារ​ដែល​ត្រូវបាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២៦ ខែតុលា លោក ណា​ជីប បាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​ដែលថា រូបលោក​បាន​ទទូច​ឲ្យ​សមាជិក​បក្ស UMNO គាំទ្រ​លោក​អាន់​វ៉ា ធ្វើ​នាយករដ្ឋមន្ត្រី​។ លោក​ចាត់ទុកថា របាយការណ៍​នេះ​មិន​ពិត​ឡើយ​។​
 
​ត្រង់ចំណុច​នេះ លោក​ណា​ជីប អះអាងថា ការស្នើ​យោបល់​ទីមួយ​របស់លោក​គឺ​ចង់​ឲ្យ​បក្ស UMNO ជំរុញ​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​មុនពេល​កំណត់ ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ស្ថិតក្រោម​គ្រប់គ្រង​។ 
 
​ចំណែក​ការស្នើ​យោបល់​ទី​ពីរ​វិញ បើតាម​លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប គឺថា ប្រសិនបើ​ការស្នើសុំ​ទីមួយ ត្រូវបាន​បដិសេធ​នោះ បក្ស​កាន់អំណាច UMNO ត្រូវតែ​បើកផ្លូវ​ចរចា​ជាមួយ​បក្សនយោបាយ​ដទៃ រួមទាំង បក្ស​របស់លោក អាន់​វ៉ា ផងដែរ​។ 
 
​សូមបញ្ជាក់ថា បក្ស​អង្គការ​ជាតិ​រួបរួម​ម៉ា​ឡេ បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​កាលពី​ថ្ងៃទី​២៦ ខែតុលា ដើម្បី​ពិភាក្សា​ថា​តើ​គួរ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Muhyiddin Yassin ចុះ​ចេញពី​តំណែង ឬ​បន្ត​គាំទ្រ​សម្ព័ន្ធ​នយោបាយ Perikatan Nasional ។ 
 
​ពោលគឺ​ក្រោយ​សំណើ​របស់​នាយករដ្ឋមន្ត្រី​ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ត្រូវបាន​បដិសេធ​ដោយ​ស្ដេច​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​២៥ ខែតុលា ក្នុង​កាលៈទេសៈ​ដែល​លោក អាន់​វ៉ា ចង់​ប្រជែង​តំណែង​កំពូល​នេះ​ពី​លោក​។  អ្នក​រិះគន់​មួយចំនួន​ចោទថា លោក​នឹង​ប្រើ​វិធានការ​នេះ​ជា​លេស​ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​លោក​ប៉ុណ្ណោះ​។​
 
​ការចង់​ប្រជែង​តំណែង​នេះ កើតឡើង​ក្រោយ​លោក អាន់​វ៉ា កាលពី​ខែ​មុន បាន​អះអាងថា លោក​មានការ​គាំទ្រ​ក្នុង​សភា​គ្រប់គ្រាន់​ក្នុងការ​ទម្លាក់​លោក Muhyiddin ចេញពី​តំណែង​នាយករដ្ឋមន្ត្រី និង​អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន​។  ក៏ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​អត្តសញ្ញាណ​សមាជិកសភា​ដែល​គាំទ្រ​លោក​ឡើយ​។ 
 
​វិបត្តិ​នយោបាយ​ម៉ាឡេស៊ី បាន​ចាប់​ផ្ទុះឡើង​ក្រោយ​លោក មហា​ធៀ មហាម៉ាត់ បានសម្រេច​លាលែង​ពី​តំណែង បន្ទាប់ពី​ចលនា​ផ្ទៃក្នុង​នៃ​សម្ព័ន្ធភាព​នៃ​បក្ស​កាន់អំណាច​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ទ្វារក្រោយ ដោយ​រាប់បញ្ចូល​បក្ស​របស់លោក ណា​ជីប ផង​។ ដ្បិតថា លោក​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ ប្រកាស​ជំហរ​មួយ​ដោយ​ធ្វើការ​ជាមួយ​គណបក្ស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់លោក ណា​ជីប ជាដាច់ខាត​។ ហើយ​ក្រោយមក លោក Muhyiddin ប្រមូលបាន​ការគាំទ្រ​ក្នុង​សភា​គ្រប់គ្រាន់ និង​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កាល​ខែមីនា​៕ 
 
 

Tag:
 ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com