ភ្នំពេញ៖ កម្ពុជា គាំទ្រប្រព័ន្ធពហុភាគីនិយម ព្រោះវានឹងជួយឱ្យពិភពលោកមានសាមគ្គីភាព។ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ថ្លែងបែបនេះ នៅក្នុងសន្និសីទជាន់ខ្ពស់មួយ ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយមក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២៧ តុលា។
ថ្លែងចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិ លោក ប្រាក់ សុខុន បាននិយាយក្នុងន័យនេះថា រាល់បញ្ហាដែលកើតឡើងនៅក្នុងសាកលលោក នៃកាលៈទេសៈបច្ចុប្បន្ននេះ គឺទាមទារឱ្យគ្រប់ភាគីទាំងអស់សាមគ្គីភាព និងបំពេញសហប្រតិបត្តិការរួមគ្នា ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនោះ។
និយាយត្រង់ចំណុចនេះ លោក ប្រាក់ សុខុន ក៏បានលើកយកបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ , ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ មកពន្យល់ថា បញ្ហាប្រែប្រួលអាកាសធាតុ គឺមានពិត និងមានគ្រោះថ្នាក់ដូចជាជំងឺកូវីដ-១៩ ដែរ ដូច្នេះគ្មានប្រទេសណាមួយអាចដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុនេះបានដោយខ្លួនឯងនោះទេ។
«មាន(តែ)ពហុភាគីនិយមដ៏រឹងមាំ និងមានប្រសិទ្ធិភាពប៉ុណ្ណោះ ទើបយើងអាចសង្ឃឹមយកឈ្នះនូវគ្រោះមហន្តរាយធម្មជាតិទាំងនេះបាន»។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន ដែលបានបន្ថែមថា គោលនយោបាយការណ៍បរទេសរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់លើប្រព័ន្ធពហុភាគីនិយម។
បច្ចុប្បន្ននេះ ការអនុវត្តប្រព័ន្ធពហុភាគីនិយម កំពុងប្រឈមការគំរាមកំហែង និងធ្លាក់ចុះបន្តិចម្ដងៗដោយសារកត្តាប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ពួកមហាអំណាច និងការសម្រេចជាលក្ខណៈឯកតោភាគី រួមផ្សំនឹងបញ្ហាផ្សេងទៀត។
ដោយសារមើលឃើញពីបញ្ហាទាំងនេះ ទើបប្រមុខការទូតកម្ពុជា ស្នើឱ្យបណ្ដារដ្ឋទាំងអស់ សាមគ្គីគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការ ដែលបន្សល់ទុកមកពីកេរ្តិ៍តំណែលមុនៗបន្ថែមទៀត។«នៅពេលបច្ចុប្បន្ននេះ សំខាន់ជាងពេលណាៗទាំងអស់ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ- ១៩ ខ្ញុំមិនមានជំនឿថា យើងអាចបោះបង់ចោលកេរ្តិ៍ដំណែលនៃពហុភាគីនិយមនេះបានទេ។ នេះគឺជាពេលវេលាដ៏សំខាន់ក្នុងការបន្តគាំទ្រកេរ្តិ៍ដំណែលនេះ ដោយបង្ហាញនូវ សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ បន្ថែម»។ នេះជាការបញ្ជាក់របស់លោក ប្រាក់ សុខុន។
កាលពីជិត ២ ឆ្នាំមុន សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសពីបំណងចង់រួមចំណែកក្នុងមធ្យោបាយច្បាស់លាស់បំផុតតាមតែអាចធ្វើបាន នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីបន្តជំរុញពហុភាគីនិយម។ ឈរក្នុងលេខរៀងទី២ធំ បន្ទាប់ពីអង្គការសហប្រជាជាតិ ASEM គឺជាប្លុកដ៏ធំបំផុតមួយសម្រាប់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាសកល និងតំបន់ និងការគំរាមកំហែងឆ្លងដែន និងមិនមែនប្រពៃណី ជាច្រើនផ្សេងទៀត។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជានៅថ្ងៃទី២៧ ខែតុលា បានសហការរៀបចំសន្និសីទជាន់ខ្ពស់មួយ ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយមក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ៕