ជាតិ
អ្នកស្លាប់ដោយទឹកជំនន់នៅកម្ពុជាកើនឡើងដល់៤៤នាក់
28, Oct 2020 , 12:09 pm        
រូបភាព
ពលរដ្ឋដែល​រងគ្រោះដោយទឹកជំនន់ទទួលអំណោយ
ពលរដ្ឋដែល​រងគ្រោះដោយទឹកជំនន់ទទួលអំណោយ
ដោយ:
ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានពលរដ្ឋសរុប៤៤នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់ ខណៈដែលពលរដ្ឋជិត៦០ម៉ឺននាក់ទៀត រងការប៉ះពាល់ ក្នុងនោះមានជាង៤ម៉ឺន៧ពាន់នាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។



គណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា អ្នកស្លាប់ទាំង៤៤នាក់ គឺ២៦នាក់ នៅខេត្តបន្ទាយមានជ័យ ៧នាក់នៅខេត្តកំពង់ធំ ៦នាក់នៅខេត្តពោធិ៍សាត់ ២នាក់នៅខេត្តព្រះសីហនុ ១នាក់នៅខេត្តប៉ៃលិន ១នាក់នៅកំពង់ឆ្នាំង និង១នាក់នៅស្ទឹងត្រែង។  បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសារអ្នកស្លាប់ទាំង៤៤នាក់ ទទួលបានថវិកាពីរាជរដ្ឋាភិបាលក្នុងមួយគ្រួសារបានចំនួន១០លានរៀល។

ផ្ទះជាង១៣ម៉ឺន៥ពាន់ខ្នង រងការប៉ះពាល់ ហើយក្នុងចំណោមនោះ មាន៦៣ខ្នង ត្រូវខូចខាត ខណៈសាលារៀន មាន៩៥១កន្លែង និងវត្តអារាមចំនួន៣០៧កន្លែង ត្រូវបានលិចទឹក ។ ចំពោះ ស្រូវវិញ មានជាង២៨ម៉ឺន៤ពាន់ហិកតា រួមទាំងដំណាំផ្សេងៗទៀត មានជាង៩ម៉ឺន៧ពាន់ហិកតា ត្រូវលិចទឹក។

ដោយឡែក ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម បូកបញ្ចូលគ្នាមានប្រវែង៦២៧គីឡូម៉ែត្រ និងផ្លូវលំនានាតាមជនបទ មានប្រវែងជាង១,៦ពាន់គីឡូម៉ែត្រ ទំនប់ប៉ះពាល់៤៩គីឡូម៉ែត្រ ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពសរុបចូលគ្នាចំនួន៦៨៩គីឡូម៉ែត្រ រួមទាំងបាក់ច្រាំងទន្លេ២១៩៥ម៉ែត្រ។  

បច្ចុប្បន្នរាជធានី-ខេត្ត ដែលរងការប៉ះពាល់ដោយទឹកជំនន់ មាន២០រាជធានីខេត្តក្រុង គឺភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕




Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com