អន្តរជាតិ
មនុស្ស​រាប់ម៉ឺន​នាក់​នៅ​រដ្ឋ California ភៀសខ្លួន​ពី​ផ្ទះ​ដោយសារ​ការ​រាលដាល​នៃ​ភ្លើង​ឆេះ​ព្រៃ​
28, Oct 2020 , 7:59 pm        
រូបភាព
​រថយន្ដ​ពន្លត់អគ្គីភ័យ​មួយគ្រឿង​បើក​កាត់​ផ្លូវ Highway 168 ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ Creek Fire នៅក្នុង​សង្កាត់ Fresno រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។​
​រថយន្ដ​ពន្លត់អគ្គីភ័យ​មួយគ្រឿង​បើក​កាត់​ផ្លូវ Highway 168 ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ Creek Fire នៅក្នុង​សង្កាត់ Fresno រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
​ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​ថា មនុស្ស​ប្រមាណ​៦០.០០០​នាក់ បាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់ខ្លួន​ជិត​ទីក្រុង Los Angeles កាលពី​ថ្ងៃ​ចន្ទ ដោយសារតែ​ការរីក​រាលដាល​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​កើតមាន​ឡើងលើ​ផ្ទៃ​ដីព្រៃ​ប្រមាណ​ជាង​៣.០០០​ហិកតា បានធ្វើ​ឲ្យ​រាំងស្ទះ​ផ្លូវ​សំខាន់ៗ និង​ធ្វើ​ឲ្យ​អ្នក​ពន្លត់អគ្គីភ័យ ២​នាក់ ទទួលរង​របួសធ្ងន់​ផងដែរ​។​

 
​ភ្លើង​ឆេះ​ព្រៃ​ដែលមាន​ឈ្មោះថា Silverado បាន​ផ្ទុះឡើង​នៅពេល​ព្រឹក​ព្រហាម នៅ​ជើងភ្នំ​ជិត​ក្រុង Irvine ចម្ងាយ​ប្រមាណ​៦០​គីឡូ​វ​ម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Los Angeles ហើយ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដោយ​មិនអាច​ទប់ទល់​បាន ដោយសារ​អាកាសធាតុ​ស្ងួត មាន​ខ្យល់​បក់ ដែល​បាន​រារាំង​ដល់​យន្តហោះ​ពន្លត់​អគ្គិភ័យ​ដែល​បាន​ព្យាយាម​បាញ់​ទឹក​ពន្លត់​ពីលើ​អាកាស​ផង​នោះ​។​
 
​ក្រុមគ្រួសារ​នៅផ្ទះ​ប្រមាណ​២០.០០០​ខ្នង​ត្រូវ​ជម្លៀស រួមជាមួយ​សាលារៀន​របស់​រដ្ឋ​ជាច្រើន​កន្លែង​ផងដែរ​នោះ ត្រូវបាន​គេ​បញ្ជា​ឲ្យ​បិទទ្វារ​នៅ​ថ្ងៃ​អង្គារ​។ 
 
​ការិយាល័យ​ឧតុនិយម​ជាតិព្រមាន​ថា កត្តារួម​ផ្សំគ្នា​នៃ​អាកាសធាតុ​ដែលមាន​សំណើម​តិច ផ្ទៃ​ព្រៃ​មាន​លក្ខណៈ​ស្ងួត​ហួតហែង រួមជាមួយ​ខ្ស​ល់បក់​ខ្លាំង​ផង​នោះ បាន​បង្កើត​នូវ​លក្ខខណ្ឌ​អាកាសធាតុ​មួយ​ដែលមាន​លក្ខណៈ​គ្រោះថ្នាក់​បំផុត​ក្នុងឆ្នាំនេះ​។ ស្ថាប័ន​នេះ​លើកឡើងថា តំបន់​ដែលមាន​ភ្លើង​ឆេះ​នេះ ស្ថិតក្នុង​កម្រិត​នៃ​ការព្រមាន​ពី​គ្រោះ​ថ្នាក់ខ្ពស់ នៃ​ភ្លើង​ឆេះ​ព្រៃ​រហូតដល់​យប់​ថ្ងៃ​អង្គារ​។​
 
​ផ្ទៃ​ព្រៃ​ប្រមាណ​១,៦​លាន​ហិកតា ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដូវ​កាល​នេះ​ក្នុង​រដ្ឋ California និង​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​៣១​នាក់​ហើយ​រហូតមក​ដល់ពេលនេះ ដែល​នេះ​ជា​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com