ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ និង​ក្រសួង​ប្រៃសណីយ៍​នឹង​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​សាលា​ចំនួន​៣​ពាន់​កន្លែង​
28, Oct 2020 , 2:58 pm        
រូបភាព
សកម្មភាពសិស្សានុសិស្សកំពុងអង្គុយ​រៀននៅក្នុងថ្នាក់រៀនដោយមានការ​ពាក់ម៉ាស់​ការពារ
សកម្មភាពសិស្សានុសិស្សកំពុងអង្គុយ​រៀននៅក្នុងថ្នាក់រៀនដោយមានការ​ពាក់ម៉ាស់​ការពារ
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ នឹង​សហការគ្នា​ជាមួយនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត​ភា្ជ​ប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​កម្រិត​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២​តាម​បណ្តា​ខេត្ត​ចំនួន​៣​ពាន់​កន្លែង ក្នុង​រយៈពេល​៤​ឆ្នាំ​ទៅមុខ ដោយ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០ ដល់​២០២៣ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​សិក្សា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

 
​គម្រោង​នេះ​ត្រូវបាន​លើកឡើង​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុ​ន នា​ជំនួប​ពិភាក្សា និង​វាយតម្លៃ​ជ្រើសរើស​អង្គភាព និង​គ្រឹះស្ថានសិក្សា​ដែល​តាំងចិត្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដល់​សិស្សានុសិស្ស ជាមួយនឹង​លោក ជុន វ៉ាត អគ្គនាយក ICT នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​ថ្ងៃទី​២៣ ខែតុលា​។​
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​គ្រឹះស្ថានសិក្សា​នេះ​នឹង​ជា​មធ្យោបាយ​មួយ​សម្រាប់​សម្រួល​ដល់​យុវ​សិស្ស​អាច​សិក្សា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​យ៉ាង​រលូន​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​គោលបំណង​ចម្បង​នៃ​គម្រោង​នេះ គឺ​ដើម្បី​លើកកម្ពស់​ការអប់រំ​បែប​ឌីជីថល​»​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បញ្ជាក់ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០​រហូតដល់​ឆ្នាំ​២០២៣​។ លោក​បញ្ជាក់ថា ជា​ជំហាន​ដំបូង​នៅ​ឆ្នាំនេះ ក្រសួង​នឹង​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​សាលា​ចំនួន​៣០០​សាលា​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ពី​ឆ្នាំ​២០២០​នេះ​ទៅ សាលា​គោលដៅ​ចំនួន​៣០០​សាលា​។ ហើយ​នៅ​ឆ្នាំ​២០២១ ជា​ជំហាន​បន្តបន្ទាប់​នោះ នឹងមាន​សាលា​ចំនួន​៦០០ ទៅ​៧០០​សាលា​ទៀត​។ ក្រសួង​អប់រំ នឹង​ជ្រើសរើស​សាលា​កម្រិត​ថា្នក់​ទី​១ ដល់​ថ្នាក់​ទី​១២​។ មួយទៀត​សាលា​ធនធាន និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​»​។ 
 
​មុននឹង​សាលា​ទាំងនោះ​អាច​ទទួលបាន​គម្រោង​នេះ លោក រស់ សុ​វាចា បាន​បញ្ជាក់ថា សាលា​ទាំងនោះ​គឺ​ក្រសួង​មានការ​ត្រួតពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលា ធនធាន និង​ការតាំង​ចិត្ត​របស់​សាលារៀន​ក្នុងការ​អនុវត្ត​គម្រោង​នេះ​ជាមុនសិន​។ 
 
​ក្រសួង​អប់រំ ក៏​នឹង​អនុវត្ត​គម្រោង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​រហូតដល់​១៥០​សាលា​ផងដែរ​ដោយមាន​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ជា​ប្រធាន រួម​ជាមួយនឹង​ក្រុមការងារ ដឹកនាំ និង​គ្រប់គ្រង​គម្រោង​នេះ​។ គម្រោង​នេះ​ក៏​នឹង​បំពាក់​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន​១០០ Mbps ដោយ​ឥតគិតថ្លៃ​ផងដែរ ។ 
 
​បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​នេះ នឹង​គ្រប់គ្រង​លើ​ការចុះឈ្មោះ​សិស្ស ប្រវត្តិរូប​សិស្ស គ្រប់គ្រង​ពិន្ទុ​សិស្ស តាមដាន​វត្តមាន​សិស្ស ដោយមាន​ការផ្ញើ​សារ​ប្រាប់​ពី​ការ​អវត្តមាន​សិស្ស គ្រប់គ្រង​កាលវិភាគ​គ្រូ និង​សិស្ស និង​មាន​មុខងារ​ផ្សេងៗ​ទៀត​។ បច្ចុប្បន្ន​នៅ​វិទ្យាល័យ​ចំនួន​២ គឺ​វិទ្យាល័យ ហ៊ុន សែន​សេរីភាព ខេត្តកណ្តាល និង​វិទ្យាល័យ​១០​មករា​១៩៧៩ ខេត្តសៀមរាប កំពុងតែ​អនុវត្ត​គម្រោង​នេះ​។ 
 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​លើកទឹកចិត្ត​ឲ្យ​គណៈ​គ្រប់គ្រង​សាលា និង​បុគ្គលិក​អប់រំ​ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​ជំរុញ​ឲ្យ​គ្រូ​មានចំណេះដឹង​ផ្នែក​ឌីជីថល​ដែល​ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​ក្នុងការ​លើកស្ទួយ​វិស័យ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា​៕ 
 
 

Tag:
 អ៊ីនធឺណិត​
 ​ឌីជីថល​
 ​សាលារៀន​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com