អន្តរជាតិ
ឈឺធ្មេញ នារី​ថៃ​ម្នាក់​ទិញ​ថ្នាំលេប ដោយ​គ្មាន​វេជ្ជបញ្ជា បណ្តាល​ឲ្យ​រលេះរលួយ​ស្បែក​
28, Oct 2020 , 9:59 pm        
រូបភាព
ដោយ: ធីតា
​នារី​ថៃ​អាយុ​២៥​ឆ្នាំ ម្នាក់​ខ្លោច​ស្បែក​ពេញ​ខ្លួន ដោយសារតែ​ប្រតិកម្ម​ថ្នាំ​ដែល​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា​។ យោងតាម​ការផ្សាយ​រប​ស់​បណ្តាសារ​ព័ត៌មាន​ថៃ កាលពី​ខែមិថុនា នាង Yothika Kaewkham បាន​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​មួយកន្លែង ដោយ​គ្មាន​វេជ្ជ​បញ្ញា និង​លើស​បរិមាណ ទៅ​លេប​ដើម្បី​បំបាត់​ការឈឺ​ធ្មេញ​។​

 
Yothika ធ្វើការ​ក្នុង​ហាង​មួយកន្លែង​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ នាង​បានចាប់ផ្តើម​លេបថ្នាំ​មួយគ្រា​ប់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ហើយ​លេប​មួយ​គ្រាប់​ទៀត​នៅពេល​ថ្ងៃត្រង់​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ស្បែក​របស់​នាង​បានចេញ​ស្នាម​កន្ទួល និង​ពងបែក​ពេញ​ខ្លួន​។​
 
 
​ដោយសារ​ពិបាក​ទ្រាំ និង​ចុកចាប់​យ៉ាងខ្លាំង​ន Yothika បាន​ឲ្យ​ស្វាមី​នាំទៅ​ពេទ្យ ហើយ​ក្រុម​វេជ្ជបណ្ឌិត​បាន​បញ្ជូន​នាង​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយ​បន្ត​ព្យាបាល​នៅ​ទីនោះ មួយ​សប្តាហ៍ មុននឹង​ទៅ​សម្រាក​នៅផ្ទះ​របស់ខ្លួន​វិញ​។​


 
​ជាង​២​សប្តាហ៍​ក្រោយមក Yothika ដែល​អាច​ប្រាស្រ័យ​ទាក់ទង​បាន​នោះ ទទួលស្គាល់ថា នេះ​ជា​មេរៀន​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់ខ្លួន នាង​លែង​ហ៊ាន​ទិញ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ទៀតហើយ​។ តាម​ការផ្សាយ​របស់ The Sun ស្ត្រី​វ័យក្មេង​រូបនេះ បាន​អះអាងថា នាង​ឈឺ​ចេញពី​ក្នុង​ខ្លួន ហើយ​បន្តទៅ​ស្បែក​ខាងក្រៅ ប៉ុន្តែ​ពេលនេះ នាង​មាន​អា​ការៈធូរស្រាល​ច្រើន​ហើយ​។​
 
​លោក​វេជ្ជបណ្ឌិត Surachoke Tangwiowat លេខា​រង​នៃ​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំ​របស់​ថៃ បាន​បញ្ជាក់ថា Yothika មានប្រតិកម្ម​យ៉ាងធ្ងន់ធ្ង​រ​ជាមួយ ibuprofen ហើយ​នេះ​ជា​សំណាង​ដ៏​ធំ ដែល​នាង​មិន​រងគ្រោះថ្នាក់​ដល់​ជីវិត​។​
 
​លោក​បាន​អះអាងថា​៖ «​មនុស្ស​ងាយ​នឹងមាន​ប្រតិកម្ម​ទៅនឹង​ថ្នាំ​បំបាត់​ការឈឺចាប់​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន ជាង​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ​ប៉ា​រ៉ា​សេ​តា​មុ​ល​។ ករណី​ធ្ងន់ធ្ងរ​ខ្ល​អ អាច​បណ្តាល​ឲ្យ​ស្លាប់ ដូច្នេះ វា​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត ដោយ​មិនត្រូវ​លេបថ្នាំ ដោយ​គ្មាន​វេជ្ជ​បញ្ញា​នោះឡើយ​»​។​
​តាម​ការស្រាវជ្រាវ សម្រាប់​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ប្រភេទ​ឈ្មោះថា Nonsteroidal Anti-inflammatory Drugs (NSAIDS) ដូចជា​ពពួក Ibuprofen ប្រហែលជា​អាច​បណ្តាល​ឲ្យ​ឈឺពោះ ហូរឈាម ដំបៅ​ក្រពះ និង​ផលវិបាក​ផ្សេងៗ​ទៀត ជាពិសេស​នៅពេល​ប្រើ​ក្នុង​កម្រិត​ខ្ពស់ ឬ​រយៈពេល​យូរ​។​
 
 សម្រាប់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​វិញ ដែល​អាច​ព្យាបាល​ការឈឺ​ក្បាល​បាន​នោះ មិនគួរណា​ប្រើ​ច្រើនជាង ១០​ថ្ងៃ​ក្នុង​មួយខែ​រយៈពេល​បី​ខែ ឬ​ខ្ពស់ជាង​នេះឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​៕



Tag:
 សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com