អន្តរជាតិ
NASA អះអាងថា រកឃើញ​ម៉ូលេគុល​ទឹក នៅ​ផ្ទៃ​ខាងលើ​របស់​ព្រះ​ចន្ទ​
29, Oct 2020 , 8:29 am        
រូបភាព
ម៉ូលេគុលទឹកក្នុងក្រហូងធំបំផុតClaviusរបស់ព្រះចន្ទ។ រូបភាព៖ NASA
ម៉ូលេគុលទឹកក្នុងក្រហូងធំបំផុតClaviusរបស់ព្រះចន្ទ។ រូបភាព៖ NASA
ដោយ:
​ការស្រាវជ្រាវ​ចំនួន​២ របស់​ទីភ្នាក់ងារ​អាវ​កាស NASA អាមេរិក បញ្ជាក់​យ៉ាងច្បាស់​ពី​វត្ត​មានទឹក និង​ម៉ូលេគុល​ទឹក​នៅ​ផ្ទៃ​ដែល​រង​ពន្លឺព្រះអាទិត្យ​របស់​ព្រះ​ចន្ទ ។ ការរកឃើញ​ទឹក​នៅ​ព្រះ​ចន្ទ នាំ​ឲ្យ​ទីភ្នាក់ងារ​អវកាស​ឯទៀត​មានសង្ឃឹម​ក្នុងការ​បង្កើត​មូលដ្ឋាន​អចិន្ត្រៃយ៍​មួយ​នៅ​ទីនោះ និង​ដើម្បី​បន្ត​ការធ្វើដំណើរ​នៅក្នុង​លំហ និង​ទៅកាន់​ភព​អង្គារ​។​

 
​វត្តមាន​របស់​ទឹក និង​ម៉ូលេគុល​ទឹក​នៅ​ផ្ទៃ​ខាងលើ​ព្រះ​ចន្ទ​លែង​ជា​រឿង​ស្រពិចស្រពិល​ទៀតហើយ ដ្បិតអី​ការ​រូបថត និង​ការ​ស្កេ​ន​Infrared ដោយ​កែវយឹត​SOFIA បង្ហាញ​ពី​ម៉ូលេគុល​នៅលើ​ផ្ទៃ​របស់​ព្រះ​ចន្ទ​ដែល​ទទួល​ពន្លឺព្រះអាទិត្យ​។ ចំណែកឯ​ការស្រាវជ្រាវ​ទី​២ បង្ហាញថា​នៅ​ផ្នែក​ងងឹត​នៃ​ព្រះ​ចន្ទ អាច​នឹងមាន​ច្រើនជាង​ការដែល​គេ​ធ្លាប់បាន​គិតទុក​ពីមុន​។ ការស្រាវជ្រាវ​ទាំង​២​នេះ ត្រូវបាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ត្តី Nature​។​
 
​ការប្រើប្រាស​កែវយឹត​SOFIA និង​ស្កែ​ន​infrared លើ​ផ្ទៃ​ព្រះ​ចន្ទ​នាំ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ដឹង​ពី​វត្ត​មាននៃ​ផ្សំ​ប​ញ្ជូ​ល​គ្នា​នៃ​ម៉ូលេគុល​អ៊ីដ្រូសែន​ចំនួន​២ និង​អុកស៊ីសែន​ចំនួន​១ ដែលជា​ធាតុគីមី​របស់​ទឹក​។​ការស្រាវជ្រាវ​របស់​NASA កាលពី​ប៉ុន្មាន​ឆ្នាំមុន NASA​ពុំ​អាច​កំណត់​ពី​ម៉ូលេគុល​ទឹកបាន​ឡើយ ត្បិត​អី​គេ​អា​ចរក​ឃើញតែ​ម៉ូលេគុល​អ៊ី​ដ្រុ​ក​ស៊ី​ល ដែលមាន​អាតូម​អ៊ីដ្រូសែន​ចំនួន​១ និង​អុកស៊ីសែន​ចំនួន​២​ប៉ុណ្ណោះ​។ នេះ​យោងតាម​សារព័ត៌មាន The Verge​។​
 
«​ការស្រាវជ្រាវ​នេះ​បង្ហាញថា ម៉ូលេគុល​ទឹក​មាននៅ​ពាសពេញ​ផ្ទៃ​ព្រះ​ចន្ទ មិនមែន​ត្រឹមតែ​នៅ​កន្លែង​ងងឹត និង​ត្រជាក់​ក្បែរ​ប៉ូល​ឡើយ​»​។​នេះ​ជាការ​លើកឡើង​របស់លោក​Paul Hertz ប្រធាន​ផ្នែក​រូបវិទ្យា​តារាសាស្ត្រ របស់​NASA​។​លទ្ធផល​នៃ​ការ​ស្កេ​ន​ផ្ទៃ​ព្រះ​ចន្ទ​ក៏​បង្ហាញ​ផងដែរ​ថា កំហាប់​ម៉ូលេគុល​ទឹក​មាន​ត្រឹមតែ​៣៤៥​ម​.​ល​(១២ounce) ក្នុង​បរិយាកាស​១​ម៉ែត្រគូប​។ NASA រកឃើញ​ម៉ូលេគុល​ទឹក​នៅ​ក្រហូង​Clavius ដែលជា​ក្រហូង​ធំ​បំផុត​របស់​ព្រះ​ចន្ទ​។ 
 
​លោកស្រី​Casey I. Honniball អ្នកស្រាវជ្រាវ​នៅ​NASA បញ្ជាក់ថា បើ​និយាយ​ឲ្យ​ច្បាស់​ទៅ វា​មិនមែនជា​ថ្លុក​ទឹក​ឡើយ តែ​ជា​ម៉ូលេគុល​ទឹក​ដែល​សាយភាយ និង​មិន​កក​ទៅជា​ដុំ​ទឹកកក​ឬ​ទៅជា​ទឹក​រាវ​។​
 
​ចំណែកឯ​ការសិក្សា​ទី​២ បង្ហាញថា ទឹក​ក្នុង​ទម្រង់​ជា​ទឹកកក ជាប់​នៅក្នុង​ក្រហូង​តូច​របស់​ព្រះ​ចន្ទ​ជាច្រើន​កន្លែង និង​មិនមែន​មានតែ​នៅតែ​ផ្នែក​ងងឹត និង​ត្រជាក់​របស់​ព្រះ​ចន្ទ​ឡើយ​។ ការស្វែងរក​ឃើញ​ទឹកកក នៅ​ផ្ទៃ​ឯទៀត​ក្រៅតែពី​ផ្នែក​ងងឹត និង​ត្រជាក់ នាំ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​មានសង្ឃឹម​បន្ថែមទៀត​ក្នុង​ជីក និង​ប្រើប្រាស់​ទឹក​ទាំងនោះ​។ 
 
​ដ្បិតអី​ទីកន្លែង​ងងឹត និង​ត្រជាក់​នៃ​ព្រះ​ចន្ទ​ដែល​សម្បូរ​ទៅដោយ​ទឹកកក មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ដែល​បណ្តាល​ឲ្យ​គេ​ពិបាក​ក្នុងការ​ទាញយក​ទឹកកក​ទាំងនោះ មិនតែប៉ុណ្ណោះ​យានយន្ត​ក៏​មិនអាច​ដំណើរការ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បែបនេះ​ដែរ​។​
 
​ការ​អាច​ទាញយក​ទឹក​មកលើ​ព្រះ​ចន្ទ គឺជា​រឿង​សំខាន់​សម្រាប់​អវកាសយានិក ត្បិត​អី​គេ​អាច​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ដឹកជញ្ជូន​ទឹក​ពី​ផែនដី ទៅ​ព្រះ​ចន្ទ ជាពិសេស​សម្រាប់​ប្រទេស​ដែលមាន​បំណង​សង​មូលដ្ឋាន​របស់ខ្លួន​លើ​ព្រះ​ចន្ទ​។​បន្ថែម​ពីនេះ អ្នក​អវកាស​អាច​បំបែក​ម៉ូលេគុល​ទឹកជា​អ៊ីដ្រូសែន និង​អុកស៊ីសែន​។​ក្នុងន័យនេះ គេ​អាច​យក​អ៊ីដ្រូសែន​សម្រាប់​ជា​ឥន្ធនៈ​របស់​រុ​ក្កែ​ត និង​អុកស៊ីសែន​សម្រាប់​ដកដង្ហើម​៕
 
 

Tag:
 ព្រះ​ចន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com