ជាតិ
អន្តរជាតិ
លោក កុយ គួ​ង​៖ សម្តី​អតីត​មន្ត្រីការទូត​សិង្ហ​បុរី គ្មាន​ឥទ្ធិពល​ដល់​អាស៊ាន និង​មិន​ប៉ះពាល់​ការទូត​កម្ពុជា​-​សិង្ហ​បុរី ឡើយ​
28, Oct 2020 , 4:27 pm        
រូបភាព
(ខាងឆ្វេង)អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង និងលោកលោក Bilahari Kausikan អតីតមន្ត្រី​ការបរទេស​សិង្ហ​បុរី
(ខាងឆ្វេង)អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង និងលោកលោក Bilahari Kausikan អតីតមន្ត្រី​ការបរទេស​សិង្ហ​បុរី
ភ្នំពេញ​៖ កម្ពុជា ចាត់ទុក​សម្ដី​របស់​អតីតមន្ត្រី​ការបរទេស​សិង្ហ​បុរី លោក Bilahari Kausikan ជា​ពាក្យ​គ្មាន​ន័យ និង​ឥទ្ធិពល​អ្វី​ដល់​អាស៊ាន​ឡើយ​។ អតីតមន្ត្រី​ការបរទេស​សិង្ហ​បុរី បានលើកឡើង ​តាម​រយៈ​គេហទំព័រ Mothership ដោយ​ស្នើឱ្យ​អាស៊ាន​ពិចារណា​​ទម្លាក់​កម្ពុជា និង​ឡាវ ចេញពី​សមាជិក ក្រោម​ហេតុផល​ថា ប្រទេស​ទាំងពីរ មាន​ទំនោរ​ទៅកាន់​ពួក​មហាអំណាច ដែលជា​កំហុស​នាំឱ្យ​ធ្លាក់​ទៅ​សង្គ្រាមស៊ីវិល​ក្នុងអំឡុងពេល​ទសវត្ស​រ៍ ១៩៦០ និង​១៩៧០​។​



អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង ដែល​បានដឹង​ពី​ព័ត៌មាន​នេះ យល់ថា សម្តី​លោក Bilahari Kausikan មិនមាន​តម្លៃ​អ្វី ដែល​អាស៊ាន​ត្រូវអនុវត្ត​តាម​ឡើយ ព្រោះ​រាល់​ការសម្រេច​នានា គឺ​ត្រូវ​អនុលោម​តាម​ធម្មនុញ្ញ​អាស៊ាន​។​
 
លោក កុយ គួ​ង បានបញ្ជាក់​​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​​​៖«​អ្វីដែល​គាត់​(​លោក Bilahari Kausikan) លើក គឺជា​មតិ​ឯកជន​របស់គាត់​ទេ មិនមែន​តំណាងឱ្យ​ជំហ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ទេ។ ដូច្នេះហើយ​ បានជា​យើង​មិនមាន​ចេញ​ (​សេចក្តីថ្លែងការណ៍​ ឬកំណត់ទូត)​ ជា​ផ្លូវការតំណាង​រដ្ឋ ឬ​ក្រសួងការបរទេស​អ្វីមួយ​តបត​គាត់​ឡើយ​…​»។​
 
​បើតាម​លោក កុយ គួ​ង មតិ​របស់​អតីតមន្ត្រី​ការបរទេស​សិង្ហ​បុរី​រូបនេះ ក៏​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សិង្ហ​បុរី​ដែរ​។ «​ខាង​សិង្ហ​បុរី​កន្លងមក ​គេ​បាន​បញ្ជាក់ដែរថា សម្តី​គាត់​(​លោក Bilahari Kausikan)​ និយាយ​មក ក្នុងនាម​តែ​គាត់​ផ្ទាល់​ទេ មិនមែន​ក្នុងនាម​រដ្ឋាភិបាល​អ្វី​ទេ។ ដូច្នេះ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សិង្ហ​បុរី មិនមាន​អ្វី​ប្រែប្រួល និង​ប៉ះពាល់​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។​
 
​អតីតមន្ត្រី​ការទូត​សិង្ហ​បុរី លោក Bilahari Kausikan បាន​និយាយថា នយោបាយ​កម្ពុជា និង​ឡាវ កំពុង​ដើរទៅ​រក​កំហុស​ចាស់ ដែលនាំឱ្យ​ប្រទេស​ទាំងពីរ​រងគ្រោះ​។​ តាមរយៈ​ការចុះផ្សាយ​របស់​គេហទំព័​រ Mothership លោក Bilahari Kausikan បាន​និយាយ​​​ថា​៖«​និយាយ​ដោយ​ត្រង់ៗ ខ្ញុំ​មើលឃើញថា កម្ពុជា​និង​ឡាវ​មាន​ទំនោរ​ឃ្លេងឃ្លោង ងាក​ទៅរក​កំហុស​ដូចគ្នា ដែលនាំឱ្យ​មាន​លទ្ធផល​គួរឱ្យ​ខ្លោចផ្សា​បំផុត សម្រាប់​ប្រទេស​របស់​ពួកគេ​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០»​។​
 
​សម្តី​របស់​អតីតមន្ត្រី​ការទូត​សិង្ហ​បុរី​រូបនេះ មានន័យថា ប្រទេស​ទាំងពីរ មាន​ទំនោរ​ទៅកាន់​ពួក​មហាអំណាច ដែលជា​កំហុស​នាំឱ្យ​ធ្លាក់​ទៅ​សង្គ្រាមស៊ីវិល ​នៅពេល​អនាគត​។  «​កំហុស​ទាំងនោះ នឹង​ធ្វើឱ្យ​ប្រទេស​ទាំងពីរ ប្រគល់​សិទ្ធិអំណាច ​ដល់​មហាអំណាច​ខាងក្រៅ ឬ​ព្យាយាម​ធ្វើខ្លួន​មិន​អ​ព្យា​ក្រិត​ភាព​»​។ នេះ​ជាការ​លើកឡើង​របស់លោក Bilahari Kausikan ដែល​ស្នើឱ្យ​អាស៊ាន ​ពិចារណា​ទម្លាក់​កម្ពុជា និង​ឡាវ ចេញពី​សមាជិក​។​
 
​ចំពោះ​ការអត្ថាធិប្បាយ​របស់លោក Bilahari Kausikan ត្រូវបាន​ក្រុម​អតីត​អ្នកការទូត និង​អ្នកការទូត​កម្ពុជា​បច្ចុប្បន្ន ចាត់ទុកថា ជាការ​ប្រមាថ និង​មិនអាច​ទទួលយកបាន ដោយ​ផ្ទុយ​ពី​ធម្មនុញ្ញ​អាស៊ាន​។ 
 
«​វា​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល ​ដែល​អតីត​អ្នកការទូត​ម្នាក់នេះ បែរខ្នង​ចំពោះ​គោលការណ៍​គ្រឹះ ​ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា “​មាគ៌ា​អាស៊ាន​” ឬមួយ​ក៏​គាត់​ចាស់​វង្វេង និង​ភ្លេចភ្លាំង​។ “​មាគ៌ា​អាស៊ាន​” បានដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ ​ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​អន្តរ​រដ្ឋ​ នៅ​អាស៊ីអាគ្នេយ៍ និង​ពិភពលោក បូក​រួមទាំង​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក ​ចំពោះ​សមភាព​អធិបតេយ្យ ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា និង​ការសម្រេចចិត្ត​ដោយយោង​លើ​កុងសង់ស៊ីស (​ការសម្រេច​ដោយ​ឯកច្ឆ័ន្ទ​)»​។ នេះ​ជាការ​លើកឡើង​ក្រុម​អតីត​អ្នកការទូត និង​អ្នកការទូត​កម្ពុជា នៅក្នុង​លិខិត​ចំហ​មួយ ដែល​សារព័ត៌មាន​ថ្មីៗ ទទួលបាន​។​
 
​ក្នុង​លិខិត​ដដែល បាន​បន្ថែមថា កម្ពុជា នៅ​រក្សា​ជំហ​អព្យាក្រឹតភាព និង​មិន​ចូលបក្ស​សម្ព័ន្ធ ដែលជា​គោលការណ៍​គ្រឹះ ​នៃ​នយោបាយ​ការបរទេស ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​ កម្ពុជា មិនដែល​ចាត់ទុក​ការប្រកាន់យក​អព្យាក្រឹតភាព និង​ការមិន​ចូល​ជា​បក្សសម្ព័ន្ធ ជាការ​លេងសើច​នោះទេ ពីព្រោះ​ប្រវត្តិសាស្ត្រ​កម្ពុជា តែងតែ​រំឭក​ដល់ប្រជាជន​កម្ពុជា​គ្រប់រូប​។​
 
​គួរ​បញ្ជាក់ថា លោក Bilahari Kausikan ធ្លាប់ជា​លេខា​អចិន្ត្រៃយ៍​ក្រសួងការបរទេស​សិង្ហ​បុរី ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៣ អំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​២០១២ ដែល​កាលនោះ​ កម្ពុជា​រង​ការ​ចោទថា​លម្អៀង​ទៅរក​ប្រទេស​ចិន​។ ហើយ​នេះ​មិនមែនជា​លើកទីមួយ​ទេ​ ដែលអតីតមន្ត្រី​ការទូត​សិង្ហ​បុរី​រូបនេះ​ បាន​ស្នើឱ្យ​បណ្តេញ​​កម្ពុជា និង​ឡាវ​ចេញពី​អាស៊ាន​។ 
 
​កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០១៦ លោក Bilahari Kausikan បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា៖ «​ខ្ញុំ​ប៉ង​ថា យើង​អាច​បណ្តេញ​ប្រទេស​កម្ពុជា​ចេញ ប៉ុន្តែ​យើង​មិនអាច​ធ្វើបែបនេះ​បាន​។ ដូច្នេះ អ្វីដែល​ល្អ​បន្ទាប់​គឺ​រៀបចំ​ការប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ពិសេស ហើយ​ប្រើការ​ប្រជុំ​នោះ ​ដើម្បី​រៀបចំ​ការវាយប្រហារ​រិះគន់​ដល់​ប្រទេស​កម្ពុជា ធ្វើឱ្យ​កម្ពុជា ​ទទួលយក​សារ​នេះ និង​លាឈប់​។ ប្រសិនបើ​ប្រទេស​ឡាវ​ធ្វើតាម ខ្ញុំ​មិន​យំ​ស្រណោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​សង្ស័យថា គ្មាន​នរណា​មាន​សេចក្តីក្លាហាន ​នឹងធ្វើ​រឿងនេះ​»​។ នេះ​បើតាម​សាវតា​រឿង ដែល​រំឭក​ឡើង​ តាមរយៈ​លិខិត​ចំហរ​បស់​អតីត​អ្នកកា​ទូត និង​មន្ត្រីការទូត​កម្ពុជា​៕

Tag:
 កុយ គួ​ង​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com