សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ពិសេសអ្នកមានលំនៅដ្ឋានឬអាជីវកម្មនៅជាប់ដងផ្លូវទាំង៣៨ខ្សែដែលរដ្ឋាភិបាលកំពុងរៀចំនិងស្តារឡើងវិញនេះ ស្ម័គ្រចិត្តរុះរើសំណង់ខ្លួនដែលប៉ះពាល់ដល់ការអភិវឌ្ឍនោះ ដោយគ្មានទាមទារសំណងឡើយ។
គម្រោងធ្វើផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប បានប៉ះពាល់ផ្ទះនិងសំណង់នានារបស់ពលរដ្ឋជាង៥ពាន់កន្លែង ដោយក្នុងនោះមានផ្ទះចន្លោះពី ១៧០ ទៅ ១៨០ខ្នង ត្រូវប៉ះពាល់ស្ទើរទាំងស្រុង។ នេះជាការលើកឡើងរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាបក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយសារព័ត៌មានថ្មីៗកាលពីថ្ងៃទី២០តុលា។ បើតាមលោក ទៀ សីហា ផ្ទះនិងសំណង់ដែលបានប៉ះពាល់ទាំងនេះ ប្រជាពលរដ្ឋភាគច្រើនគឺស្ម័គ្រចិត្ត ក្នុងការរុះរើដោយផ្ទាល់។
សូមអញ្ជើញលោក-អ្នកទស្សនាវីដអូខាងក្រោមដូចតទៅ៖
អ្នកស្រី ឡឹក ង៉ិក ជាពលរដ្ឋរស់នៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កំពុងមមាញឹកប្រមូលស្លឹក និងមែនស្វាយដែលបានកាប់ចោលនៅមុខផ្ទះយកមកដុតចោល ដើម្បីជួយសម្រួលដល់ការដ្ឋានសាងសង់ផ្លូវ១ខ្សែក្នុងចំណោមផ្លូវទាំង៣៨ខ្សែរបស់រដ្ឋាភិបាល។
«ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ព្រោះបានផ្លូវធំស្រឡះ»។ នេះជាការលើកឡើងរបស់អ្នកស្រី ឡឹក ង៉ិក ដោយស្នាមញញឹម បើទោះបីការពង្រីកធ្វើផ្លូវនេះបានប៉ះពាល់ដល់របងផ្ទះដែលស្ថិតបណ្តោយផ្លូវប្រវែង៧០ម៉ែត្រមានតម្លៃជាង១ម៉ឺនដុល្លារ នឹងបាត់បង់ផ្ទៃដីនៅមុខផ្ទះអស់ជិត៤ម៉ែត្រក៏ដោយ ក៏ពលរដ្ឋវ័យ៦៨ឆ្នាំរូបនេះ នៅតែសប្បាយចិត្តក្នុងការខាតបង់ទាំងនេះ ដើម្បីទទួលបានមកវិញនូវផ្លូវថ្មី ស្រស់ស្អាត ធំទូលាយ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប នាពេលខាងមុខដ៏ខ្លីនេះ។
សម្រាប់អ្នកស្រី ចាន់ ស្រីពៅ វិញ គ្រាន់តែឮដំណឹងធ្វើផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបភ្លាម គឺចាប់ផ្តើមជួលគេរុះរើសរបង និងសំណាបមុខផ្ទះរបស់ខ្លួនភ្លាម មុននឹងអាជ្ញាធរជូនដំណឹងទៅទៀត។ ពលរដ្ឋរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ វ័យ៣៨រូបនេះ និយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ «ព្រោះបងសប្បាយចិត្ត នឹងបានផ្លូវថ្នល់យើងធំអ៊ីចឹង! ទីក្រុងយើងស្អាត!។ ទោះបី[ផ្ទះ]យើងថយក្រោយ ក៏វានៅមុខផ្ទះយើងដដែល»។
បើតាមអ្នកស្រី ចាន់ ស្រីពៅ ការពង្រីកធ្វើផ្លូវថ្មីនេះ គឺបានប៉ះពាល់ដល់មុខផ្ទះអ្នកស្រីផ្ទាល់រហូតទៅដល់៣ម៉ែត្រ ដែលធ្វើឱ្យទីធ្លាផ្ទះកាន់តែមានទំហំតូច។ ថ្វីដ្បិតការពង្រីកផ្លូវទាំងនេះ ប៉ះពាល់ដល់ថវិកាផ្ទាល់ខ្លួនមួយចំនួនក្នុងការរុះរើសរបង និងសំយាប ក៏ពិតមែន ប៉ុន្តែអ្នកស្រីនៅតែសប្បាយចិត្តដែលនឹងទទួលបានផ្លូវដ៏ធំនិងស្អាតនៅក្នុងទីក្រុងសៀមរាប ជាពិសេសគឺនៅចំមុខផ្ទះរបស់អ្នកស្រីតែម្តង។
«កាលណាគេធ្វើផ្លូវស្អាត ផ្ទះរបស់យើងក៏ល្អដែរ។ សមត្ថកិច្ច ឬក៏ក្រសួងជំនាញ ធ្វើផ្លូវហ្នឹង យើងអត់មានអារម្មណ៍ថាប៉ះពាល់អ្វីទេ ផ្ទុយទៅវិញយើងសប្បាយចិត្តក្នុងការធ្វើ[រុះរើស] ដើម្បីឱ្យផ្លូវធំ ផ្ទះយើងក៏ស្អាត ទីក្រុងយើងក៏ល្អ»។ នេះជាការលើកឡើងរបស់ពលរដ្ឋរូបទៀតដែលលំនៅដ្ឋានប៉ះពាល់ដល់ការស្ថាបនាផ្លូវថ្មី ក្នុងក្រុងសៀមរាប។
លោក កែវ ពន្លឺ ដែលកំពុងរុះរើសសំយាបនៅមុខផ្ទះជាមួយនឹងក្រុមគ្រួសារ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗពីការសាងសង់ផ្ទះរបស់ខ្លួនដូច្នេះ៖«ផ្ទះរបស់ខ្ញុំធំក៏ពិតមែន ប៉ុន្តែការសាងសង់ខ្ញុំចេញហើយស្រេច ព្រោះខ្ញុំមុននឹងធ្វើខ្ញុំសុំច្បាប់គេ។ខាងសូរិយោដីបានប្រាប់ថា អ្នកឯងធ្វើសំណងធ្ងន់ ដូច្នេះអ្នកឯងត្រូវធ្វើចេញពីបង្គោលភ្លើង៥ម៉ែត្រ អ៊ីចឹងខ្ញុំបានចេញហើយស្រេច ប៉ុន្តែសំយាបមុខផ្ទះនេះ[ដែលបានប៉ះពាល់នេះ] គឺជាសំណងស្រាលទេ ហើយនៅណាដែលរដ្ឋាភិបាលត្រូវការ គឺខ្ញុំប្រគល់ជូនតែម្តង»។
កាលពីថ្ងៃទី៤កញ្ញា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការសម្រេចកញ្ចប់ថវិកាកសាង១៥០លានដុល្លារអាមេរិក សម្រាប់ការកសាងផ្លូវចំនួន៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។ សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវទាំងនេះ ថ្ងៃទី១៥វិច្ឆិកាខាងមុននេះ ដោយអះអាងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំទាំង៣៨ខ្សែនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ-១៩៕