COVID-19
អន្តរជាតិ
ក្រុមហ៊ុន​ឱសថ Sanofi និង​GSK សន្យា​ផ្តល់​វ៉ាក់សាំង​២០០​លាន​ដូ​ស​ដល់​កម្មវិធី​វ៉ាក់សាំង​អន្តរជាតិ COVAX
28, Oct 2020 , 11:59 pm        
រូបភាព
ក្រុមហ៊ុនឱសថ Sanofi និងGSK។ រូបភាព៖ Reuters
ក្រុមហ៊ុនឱសថ Sanofi និងGSK។ រូបភាព៖ Reuters
ដោយ:
​ក្រុមហ៊ុន​ឱសថ​ចំនួន​២ បាន​បញ្ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​COVID-19 ចំនួន​២០០​លាន​ដូ​ស នៅពេលដែល​វ៉ាក់សាំង​នោះ​ប្រើការ​បាន ទៅ​ឲ្យ​កម្មវិធី​COVAX ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​(WHO) និង​សម្ព័ន្ធ​វ៉ាក់សាំង​អន្តរជាតិ​(GAVI)​។​


​ក្រុមហ៊ុន​ឱសថ​បារាំង​Sanofi និង​អង់គ្លេស​GSK បាន​ចុះ​សន្យា​លើ សេចក្តីថ្លែងការណ៍​ស្តីពី​បំណង​ក្នុង​ការផ្តល់​វ៉ាក់សាំង​COVID-19 ចំនួន​២០០​លាន​ដូ​ស​ដល់​កម្មវិធី​វ៉ាក់សាំង​អន្តរជាតិ​COVAX​។​
 
COVAX គឺជា​កម្មវិធី​ដែលមាន​បំណង​ផ្តល់​វ៉ាក់សាំង​COVID-19 ចំនួន​២​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក គិត​ត្រឹម​ចុងឆ្នាំ​២០២១​។ កម្មវិធី​នេះ​មាន​ប្រទេស​ចំនួន​១៨០​ចូលរួម ក្រៅពីនេះ​ក៏មាន​ដៃគូ​ចូលរួម​ពី​អង្គការ​មនុ​ស្សធ​ម៍ ក្រុមហ៊ុន និង​អង្គការ​ធ្វើការ​លើ​វិស័យ​សុខាភិបាល​ផងដែរ​។​
 
Sanofi និង​GSK កំពុង​សហការគ្នា​អភិវឌ្ឍ​វ៉ាក់សាំង​COVID-19​។ បើទោះបីជា​ការអភិវឌ្ឍ​វ៉ាក់សាំង កំពុងស្ថិត​នៅក្នុង​តំណាក់កាល​ដំបូង​ក្តី ក្រុមហ៊ុន​ឱសថ​ទាំង​២​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​នៅ​ដើមខែ​ធ្នូ​។ ក្រុមហ៊ុន​ទាំង​២​នេះ រំពឹង​នឹងធ្វើ​តេស្ត​លើ​មនុស្ស​នៅ​ចុងឆ្នាំ និង​ការទទួល​ការអនុញ្ញាត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​។​
 
​លោក​Thomas Triomphe ប្រធាន​ផ្នែក​វ៉ាក់សាំង​របស់​Sanofi បាន​លើកឡើងថា​៖« ការតាំង​ចិត្ត​របស់​យើង​ថ្ងៃនេះ សម្រាប់​កម្មវិធី​COVAX គឺ​ដើម្បី​ចូលរួម​គ្នា​ទប់​ទល់នឹង​ជំងឺឆ្លង​ឲ្យ​កាន់តែ​ប្រសើរ​»​។ លោក​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​សុខាភិបាល​សកល ចាំបាច់​ត្រូវការ​ភាពជា​ដៃគូ​ដ៏​ពិ​សេសមួយ​។​នេះ​យោងតាម​សារព័ត៌មាន​AFP​។​
 
​ក្រៅតែពី​សន្យា​ផ្តល់​វ៉ាក់សាំង​ដល់​កម្មវិធី​COVAX ក្រុមហ៊ុន​ទាំង​២ ក៏បាន​ចុះកិច្ចសន្យា​ផ្តល់​វ៉ាក់សាំង​១០០​លាន​ដូ​ស​ដល់​អាមេរិក​ក្នុងតម្លៃ​២,១​ពាន់​លាន​ដុល្លារ​។ ចំណែក​អង់គ្លេស​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង​៩០​លាន​ដូ​ស និង​៣០០​លាន​ដូ​ស​សម្រាប់​សហភាព​អឺរ៉ុប​។​
 
​វ៉ាក់សាំង​ដែល​រួមគ្នា​ផលិត​ដោយ​ក្រុមហ៊ុន​ទាំង​២​នេះ គឺជា​ប្រភេទ​វ៉ាក់សាំង​បែប​ប្រូតេអ៊ីន ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង​វ៉ាក់សាំង​សម្រាប់​ជំងឺ​ផ្តាសាយ​ដែល​ផលិត​ដោយ​Sanofi រួម​ផ្សុំ​ជាមួយ​សារធាតុ​បង្កើន​ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​GSK​។​
 
​ការទទួលបាន​វ៉ាក់សាំង​COVID-19 គឺជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ទាប​និង​មធ្យម  ត្បិត​អី​ប្រទេស​មាន​ធនធាន​បាន​ស្រវា​កក់​វ៉ាក់សាំង​ទុកជាមុន ដែលជា​ហេតុ​បណ្តាល​ឲ្យ​ប្រទេស​ទាំងនោះ​ត្រូវ​រងចាំ​រយៈពេល​យូរ​។ ជាក់ស្តែង​របាយការណ៍​របស់​Oxfam បាន​បង្ហាញថា​ក្រុម​ប្រទេស​អ្នកមាន ដែល​តំណាង​ឲ្យ​ត្រឹមតែ​១៣​ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក បាន​ទិញ​កក់​វ៉ាក់សាំង​COVID-19​ចំនួន​ពាក់កណ្តាល ដែល​នឹងត្រូវ​ផលិត​នៅពេល​អនាគត​
 
​ហេតុនេះហើយ​ទើប​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres​លើកឡើង​នៅ​ថ្ងៃទី​២៥ តុលា​ថា ពិភពលោក​ត្រូវការ​សាមគ្គីភាព​រាល់​ជំហាន​ដែល​ខ្លួន​ដើរ ហើយ​លោក​សង្កត់ធ្ងន់ថា ថ្នាំ​វ៉ាក់សាំង ត្រូវតែ​ជា​ផលិតផល​សាធារណៈ​សកល​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com