ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​តុលាការ ឃុំ​ពលរដ្ឋ​ម្នាក់ទៀត ដែល​តវ៉ា​នៅមុខ​ស្ថានទូត​ចិន ក្នុង​ថ្ងៃ​២៣​តុលា​
28, Oct 2020 , 5:29 pm        
រូបភាព
អ្នកស្រី សាត ផា (អង្គុយបត់ជើងនិងលើកដៃសំពះ) រួមជាមួយពលរដ្ឋផ្សេងទៀត ស្ថិតនៅមុខស្ថានទូតអាមេរិក បន្ទាប់ចាកចេញពីស្ថានទូតចិន កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
អ្នកស្រី សាត ផា (អង្គុយបត់ជើងនិងលើកដៃសំពះ) រួមជាមួយពលរដ្ឋផ្សេងទៀត ស្ថិតនៅមុខស្ថានទូតអាមេរិក បន្ទាប់ចាកចេញពីស្ថានទូតចិន កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
​ពលរដ្ឋ​ម្នាក់ទៀត គឺ​អ្នកស្រី សាត ផា ដែល​បាន​ទៅ​ប្រមូលផ្តុំ​ជាមួយ​គ្នីគ្នា នៅមុខ​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​ចាប់ខ្លួន​។



​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី សាត ផា ត្រូវ​សមត្ថកិច្ច​ចាប់​នៅ​ម្តុំ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។ លោក បញ្ជាក់ថា ការចាប់​អ្នកស្រី សាត ផា គឺ​ធ្វើតាម​ដីកា​របស់​តុលាការ ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ 
 
​អ្នកនាំពាក្យ​នគរបាល​ភ្នំពេញ អះអាងថា នៅ​ម៉ោង​ប្រមាណ​១​ថ្ងៃ នា​ថ្ងៃទី​២៨ ខែតុលា​នេះ តុលាការ បាន​បង្គាប់​ឲ្យ​យក​អ្នកស្រី សាត ផា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​២ (​ម​២) នៃ​ពន្ធនាគារ​ព្រៃ​ស​។ 
 
 
មុនចាប់អ្នកស្រី សាត ផា ​មាន​មនុស្ស​៣​នាក់ ដែលទៅចូលរួមតវ៉ានៅមុខស្ថានទូតចិនដែរនោះ ត្រូវបាន​ចាប់ខ្លួនតាំងពីនៅមុខ​ស្ថានទូត​ចិន ហើយ​ពួកគាត់ ត្រូវ​តុលាការ យកទៅ​ឃុំ​នៅ​ព្រៃ​ស កាលពី​ថ្ងៃទី​២៥ ខែតុលា ក្រោម​បទ​ចោទ​ដូចគ្នា គឺ​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ អ្នក​ទាំង​៣​នោះ  គឺ អ្នកស្រី លឹម សាន អាយុ​៥៧​ឆ្នាំ អ្នកស្រី យ៉យ ស្រីមុំ អាយុ​៥២​ឆ្នាំ និង លោក តុ​ន និមល អាយុ​៤០​ឆ្នាំ​។​
 
​អ្នក​ទាំង​៤​ខាងលើ ស្ថិតក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ ដែល​នាំគ្នា​ទៅមុខ​ស្ថានទូត​ចិន កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា គឺ​ចំ​ថ្ងៃ​រម្លឹក​ខួប​២៩​ឆ្នាំ​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា ១៩៩១​។ គោលបំណង​របស់​ពួកគាត់ គឺ​ចង់​ឲ្យ​ចិន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ 
 
​ចិន ជា​ប្រទេសមួយ ដែល​ចូលរួម​ធ្វើជា​ហត្ថលេខី​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ក្រៅពី​ទៅ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​នោះ បាននាំគ្នា​យក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថា​ត​ទូត​អាមេរិក​និង​ស្ថានទូត​បារាំង ដ្បិត​អាមេរិក​និង​បារាំង ក៏​ជា​ហត្ថលេខី​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​។ 
 
​ក្នុង​ខ្លឹមសារ​នៃ​ញត្តិ ប្រជាពលរដ្ឋ​ទាំងនោះ ស្នើ​ឲ្យ​អាមេរិក​និង​បារាំង ជួយ​ជំរុញ​ឲ្យ​មាន​ការគោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយសារ​ពួកគាត់ យល់ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ចាក​ឆ្ងាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​៕ 

Tag:
 សកម្មជន​
  ឃុំខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com