សង្គមអន្តរជាតិ​
អន្តរជាតិ
ពលរដ្ឋ​អាមេរិក​ជាង​៧០​លាន​នាក់​បោះឆ្នោត​មុន​កំណត់​រួចរាល់​ហើយ​
28, Oct 2020 , 5:59 pm        
រូបភាព
ពលរដ្ឋអាមេរិកឈរតម្រង់ជួរ បោះឆ្នោតនៅថ្ងៃទីមួយនៃការអនុញ្ញាតឲ្យបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលឆ្នោត ក្នុងទីក្រុង Las Vegas កាលពីថ្ងៃទី ១៧ ខែតុលា ។ រូបភាព៖ AFP
ពលរដ្ឋអាមេរិកឈរតម្រង់ជួរ បោះឆ្នោតនៅថ្ងៃទីមួយនៃការអនុញ្ញាតឲ្យបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលឆ្នោត ក្នុងទីក្រុង Las Vegas កាលពីថ្ងៃទី ១៧ ខែតុលា ។ រូបភាព៖ AFP
ដោយ:
​ពលរដ្ឋ​អាមេរិក​ជាង​៧០​លាន​នាក់​ហើយ បាន​បោះឆ្នោត​រួចរាល់​សម្រាប់​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី ដែល​តួលេខ​នេះ​គឺ​លើស​ពាក់កណ្ដាល​នៃ​ចំនួន​អ្នកចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ខណៈ​នៅសល់​តែមួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះឆ្នោត​ធំ ។ នេះ​បើតាម​របាយការណ៍​រប​ស់ US Elections Project នៅ​ថ្ងៃទី ២៨ ខែតុលា ។

 
​តួលេខ​ដែល​បង្ហាញ​ពី​កំណើន​យ៉ាង​លឿន​រហ័ស​របស់​អ្នក​ចេញទៅ​បោះឆ្នោត​មុន​កំណត់​បែបនេះ គឺជា​សញ្ញា​ចុងក្រោយ​មួយ​នៃ​ការប្រកួតប្រជែង​តានតឹង​រវាង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ និង​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ឌិន​។ 
 
​ហើយ​វា​ក៏​ស្ដែងចេញ​នូវ​បំណង​របស់​អ្នកបោះឆ្នោត ដែល​ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ​-១៩ ខណៈ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ អាចមាន​សន្ទុះ​ជាថ្មី​នាពេល​អាមេរិក​ឈានចូល​ដល់​រដូវ​ត្រជាក់​។  
 
​ខាង​បក្ស​ប្រជាធិបតេយ្យ ហាក់ដូចជា​មានប្រៀប​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​បោះឆ្នោត​មុន​កំណត់ ដោយ​ការ​ស្ទាបស្ទង់​មតិ ដែល​ចុះផ្សាយ​ដោយ​ទូរទស្សន៍ BCC បង្ហាញថា លោក បៃ​ឌិន នាំមុខ​លោក​ត្រាំ​ក្នុង​ពិន្ទុ ៥១ ភាគរយ ខណៈ​លោក​ត្រាំ ទទួល​ពិន្ទុ ៤៣​ភាគរយ​។ 
 
​សន្ទុះ​ខ្ពស់​នៃ​ការបោះឆ្នោត​មុន​កំណត់​បែបនេះ បានធ្វើ​ឲ្យ​អ្នកជំនាញ​របស់ US Elections Project ព្យាករ​ទុក​ថា អ្នក​ចេញទៅ​បោះឆ្នោត​ក្នុងការ​បោះឆ្នោត​អាមេរិក​នា​ថ្ងៃទី ៣ ខែវិច្ឆិកា អាច​កើន​ដល់ ១៥០​លាន​នាក់ ឬ​តំណាង​ឲ្យ ៦៥​ភាគរយ នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​របស់​អាមេរិក​។ នេះ​នឹង​ក្លាយជា​តួលេខ​ខ្ពស់បំផុត ចាប់តាំងពី​ឆ្នាំ​១៩០៨​មក​។ 
 
​ពីរ​ដ្ឋ Georgia កាលពី​ថ្ងៃទី ២៧ ខែតុលា លោក ចូ បៃ​ឌិន ចោទ​លោក​ត្រាំ​ថា​ចុះចាញ់​ចំពោះ​ជំងឺ​រាតត្បាត​សកល ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាង ២២​ម៉ឺន​នាក់ ហើយ​បាន​សន្យាថា​នឹង​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩ បើ​លោក​ជាប់ឆ្នោត​។ «​ប្រសិនបើ​អ្នកផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ធ្វើជា​ប្រធានាធិបតី​អ្នក […] យើង​នឹងធ្វើ​ឲ្យ​កូ​វីដ​-១៩​ស្ថិតក្រោម​ការគ្រប់គ្រង នៅ​ថ្ងៃ​ទីមួយ​នៃ​តំណែង​ជា​ប្រធានាធិបតី​»​។ លោក បៃ​ឌិន ប្ដេជ្ញា​បែបនេះ​៕

Tag:
 សហរដ្ឋអាមេរិក​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com