គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងពិភាក្សាលើផែនការអនុវត្តបន្ត។ ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងដំណើរការប្រព្រឹត្តរបស់ CAMSOC ថាបានប្រព្រឹត្តទៅដោយរលូនពុំមានឧបសគ្គរារាំងឡើយ។
ក្រោយដំណើរការអស់រយៈពេលជាង១ឆ្នាំ គណៈកម្មការ CAMSOC សម្រេចបានការងារមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបង្កើតស្លាកសញ្ញា(Logo) តុក្កតាតំណាង(Mascot) និងពាក្យស្លោក(Motor)របស់ស៊ីហ្គេមឆ្នាំ២០២៣។ ជាពិសេសការរៀបចំហេដ្ឋារចនាទីលានមួយចំនួនត្រូវបានបញ្ចប់ និងមួយចំនួនទៀតស្ថិតក្នុងដំណើរការសាងសង់ដែលគ្រោងរួចរាល់ជាស្ថាពរនៅអំឡុងឆ្នាំ២០២១ ខាងមុខនេះ។
តែយ៉ាងណា CAMSOC នៅមានភារកិច្ច និងការងារជាច្រើនទៀត ដែលត្រូវធ្វើ ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍធនធានកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រម និងមន្ត្រី ដែលបម្រើឲ្យដំណើរការនៃការរៀបចំ។ ពិធីបើកបិទ និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក៏ជាភារកិច្ចចាំបាច់ត្រូវធ្វើរបស់ CAMSOC ផងដែរ។
ទោះបីមានកិច្ចការងារខ្លះមិនទាន់បានធ្វើ និងខ្លះទៀតកំពុងស្ថិតក្នុងដំណើរការប្រព្រឹត្តរបស់ខ្លួនក៏ដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងដំណើរការការងារកន្លងមករបស់គណៈកម្មាធិការនេះ។ លោកអះអាងថា ដំណើរការប្រព្រឹត្តពីត្រីមាសមួយទៅត្រីមាសបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។
«ភាគីពាក់ព័ន្ធបានដឹងហើយថា អ្វីដែលយើងបានធ្វើកំពុងឈានទៅរកភាពត្រឹមត្រូវមួយ ហើយរាល់កាលវិភាគការងារពីមួយខែទៅមួយខែ ពីត្រីមាសទៅត្រីមាសមានការវិត្ត និងវឌ្ឍនភាពល្អ ពុំមានឧបសគ្គអ្វីមករារាំងនោះទេ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន ដែលបានបង្ហាញក្តីកង្វល់ចំពោះការអភិវឌ្ឍធនធានមនុស្សឲ្យមានបច្ចេកទេសកើនឡើង ក្នុងការត្រៀមប្រជែងដណ្តើមមេដាយ និងរៀបចំការប្រកួត។
ពាក់ព័ន្ធបញ្ហានេះអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះអះអាងថា CAMSOC និងសហការគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងខិតខំស្វែងរកយុទ្ធសាស្ត្រហ្វឹកហាត់ធ្វើយ៉ាងណា ឲ្យការអភិវឌ្ឍសមត្ថភាពរបស់កីឡាករមានប្រសិទ្ធិភាពខ្ពស់ និងស្របតាមស្តង់ដាវិទ្យាសាស្ត្រកីឡា។
ក្រៅពីពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសរបស់គណៈកម្មការចំណុះនីមួយៗរបស់ CAMSOC ពាក់ព័ន្ធពិធីបើកបិទ និងការរៀបចំទីលានសម្រាប់ប្រកួត និងកិច្ចការផ្សេងៗមួយចំនួនទៀត កិច្ចប្រជុំប្រចាំត្រីមាសកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក៏បានពិភាក្សាគ្នាលើផែនការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមឲ្យប្រជាពលរដ្ឋយល់ដឹងផងដែរ។
ក្រោយការពិភាក្សា CAMSOC បានសម្រេចថា នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយនៅចុងខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដើម្បីបញ្ជ្រាបការយល់ដឹង និងបំផុសចលនាសង្គមដល់ប្រជាពលរដ្ឋ។ លោក វ៉ាត់ ចំរើន បានបង្ហាញពីគោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះដូច្នេះថា៖«យើងនឹងរៀបចំវេទិកាសិក្ខាថ្នាក់ជាតិដ៏ធំមួយ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធក្នុងការផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋជួយគាំទ្រចលនាមួយនេះ»។
អង្គប្រជុំដែលដឹកនាំដោយសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានពិភាក្សាគ្នាលើបញ្ហារត់ភ្លើងគប់ក្នុងថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ជាផ្លូវការផងដែរ។ ក្នុងនោះ CAMSOC បានបង្ហាញជម្រើសចំនួនពីរ គឺរៀបចំចេញពីខេត្តសៀមរាប ឬចេញពីមុខព្រះបរមរាជវាំង។ ប៉ុន្តែជម្រើសទាំងពីរនេះ កំពុងស្ថិតក្នុងការពិភាក្សានៅឡើយទេ។
គួររំលឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ បានចេញអនុក្រឹត្យមួយ ដោយសម្រេចបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ដើម្បីទទួលបន្ទុករៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេច ទៀ បាញ់ ជាប្រធាន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុប្រធាន, រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាអនុប្រធានអចិន្ត្រៃយ៍ រួមជាមួយអនុប្រធាន៦រូបផ្សេងទៀត, អគ្គលេខាធិការមួយរូប(លោក វ៉ាត់ ចំរើន) និងអគ្គលេខាធិការរងចំនួន៣រូប៕