COVID-19
អន្តរជាតិ
រុស្ស៊ីស្នើឲ្យ WHO វាយតម្លៃនិងចុះបញ្ជីវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការប្រើប្រាស់បន្ទាន់ រុស្ស៊ីអនុញ្ញាតផ្តល់ការអនុញ្ញាតសម្រាប់ការផលិតវ៉ាក់សាំងក្នុងរយៈពេលតិចជាងពីរខែក្រោយមានការសាកល្បងលើមនុស្ស។ រូបភាព៖ AFP។
×
ដោយ៖ កង ម៉េងហុង
ស្ថាប័នវិនិយោគរបស់សហព័ន្ធរុស្ស៊ីបានសម្រេចដាក់ពាក្យសុំទៅអង្គការសុខភាពពិភពលោកជាផ្លូវការដើម្បីស្នើឲ្យស្ថាប័ននេះពិចារណាចុះបញ្ជីប្រើប្រាស់បន្ទាន់ និង វាយតម្លៃគុណភាពវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនផលិតបាន។
មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) បានដាក់ពាក្យសុំទៅអង្គការសុខភាពពិភពលោកនៅថ្ងៃទី ២៧ ខែតុលា ដើម្បីជំរុញឲ្យមានការចុះបញ្ជីប្រើប្រាស់ និង វាយតម្លៃលើគុណភាពវ៉ាក់សាំងកូវីដ-១៩ ដែលមានឈ្មោះ Sputnik V។ ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីតំណាងមូលនិធិទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដូច្នេះ។
ចំពោះការចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ (EUL) ធ្វើឡើងដើម្បីសម្រួលឲ្យមានការចែកចាយវ៉ាក់សាំង នេះទូទាំងពិភពលោកលឿនជាងមុន។ ចំណែកការវិនិច្ឆ័យជាមុនរបស់អង្គការសុខភាពពិភពលោកគឺជានីតិវិធីវាយតម្លៃ ជាសកលដើម្បីធានាថាវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព ។
លោក Kirill Dmitriev នាយកប្រតិបត្តិមូលនិធិខាងលើបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា នីតិវិធីទាំងនេះនឹងអនុញ្ញាតឲ្យមានការបញ្ចូលវ៉ាក់សាំង Sputnik V ក្នុងបញ្ជីផលិតផលវេជ្ជសាស្ត្រដែលបំពេញតាមស្តង់ដារឈានមុខគេផ្នែកគុណភាពសុវត្ថិភាពនិងប្រសិទ្ធភាព។
តាមពិតទៅ រុស្ស៊ីគឺជាប្រទេសដំបូងគេដែលបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិសម្រាប់ការផលិតវ៉ាក់សាំងការពារមេរោគនេះ ហើយ វ៉ាក់សាំង Sputnik V នេះដែរត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya នៃទីក្រុងម៉ូស្គូ។
យ៉ាងណាក៏ដោយ ការយល់ព្រមមុនពេលការសាកល្បងគុណភាពទ្រង់ទ្រាយធំបានបញ្ចប់ជាផ្លូវការនេះ ក៏បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ និង វេជ្ជបណ្ឌិតជាច្រើនព្រួយបារម្ភដែរ ដ្បិតថា សុវត្ថិភាព និង ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះស្ថិតនៅក្រោមមន្ទិលសង្ស័យនៅឡើយ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ចំនួនករណីឆ្លងជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ សរុបនៅរុស្ស៊ីមានជាង ១,៥៦ លាន និងបានជាសះស្បើយចំនួនជាង ១,១៧ លាន ខណៈពេលអ្នកស្លាប់មានរហូតដល់ ២៦,៩៣៥៕
Tag:
វ៉ាក់សំាង
COVID-19
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com