ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! ចង់សម្អាតសួតឱ្យបានត្រឹមត្រូវ កុំរំលងអត្ថបទនេះ
29, Oct 2020 , 6:59 pm        
រូបភាព
ការដកដង្ហើម គឺ​ចាំបាច់​ណាស់​ដើម្បី​យើង​អាច​រស់​នៅបាន​តាមរយៈ​ការ​ស្រូបយក​អុកស៊ីសែន​គ្រប់គ្រាន់​ចូលក្នុង​រាងកាយ​ដើម្បី​ដំណើរការ​មុខងារ​ប្រក្រតី​នៃ​សរីរាង្គ​ផ្សេងៗ​។ ហើយ​ពិតណាស់​នេះ​ជា​ហេតុផល​ដ៏​សំខាន់បំផុត​មួយ​ដែល​យើង​គួរ​ព្យាយាម​ធ្វើយ៉ាងណា​រក្សា​អោយបាន​នូវ​មុខងារ​សួត​ត្រឹមត្រូវ​ល្អប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​សម្អាត​សួត ៖

 
១. ដកដង្ហើម​ចេញចូល​ជ្រៅៗ​
 
​ការដកដង្ហើម​ជ្រៅៗ​ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ជួយ​ឱ្យ​មុខងារ​សួត​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​គេង​ផ្ងារ​ដោយ​ដាក់​ដៃ​ទាំងសងខាង​លើ​ពោះ​ក្រោម​ឆ្អឹងជំនី​។ បន្ទាប់មក​បិទ​ភ្នែក ហើយ​ព្យាយាម​ទប់​ដង្ហើម​ឱ្យបាន ២ វិនាទី​សិន​សឹម​ដកដង្ហើម​ចេញ​យឺតៗ​រហូត​អ្នក​អាច​រាប់​ដល់ ៥​។ អនុវត្ត​សារ​ឡើងវិញ​ពី ៩ ទៅ ១០​ដង​។​
 
២. ឈប់​ជក់បារី​
 
​ដើម្បី​សម្អាត​សួត​អ្នក​ក៏​គួរតែ​ផ្ដាច់ ឬ​បញ្ឈប់​ការជក់បារី​ផងដែរ​។ បារី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​គីមី​គ្រោះថ្នាក់​ដែល​អាច​បង្កបញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ពិសេស គឺ​សួត​។​
 
៣. ទទួលទាន​អាហារ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​
 
​ការ​រលាក​នៃ​ផ្លូវដង្ហើម​អាច​បណ្ដាលឱ្យ​ពិបាក​ក្នុងការ​ដកដង្ហើម​និង​ធ្ងន់​ណែន​ទ្រូង​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​អាហារ​ដែលមាន​លក្ខណៈ​ប្រឆាំង​ការ​រលាក​អាចជួយ​កាត់បន្ថយ​ការ​រលាក​ហើយ​បំបាត់​រោគសញ្ញា​ទាំងនោះ​។​
 
៤. ទទួលទាន​តែ​បៃតង​
 
​តែ​បៃតង​មាន​ផ្ទុក​សម្បួរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​កម្ចាត់​ជាតិពុល​ផ្សេងៗ​ដែក​ត្រូវបាន​ស្រូប​ចូល​សួត​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៥. កុំ​រំលង​ខ្ញី​
 
​ខ្ញី​ជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ហឺត​ដោយ​វា​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ទប់ស្កាត់​អាកា​រៈ​នៃ​ជំងឺ​។ អ្នក​ក៏​អាច​ទទួលទាន​តែ​ខ្ញី​លាយ​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ផងដែរ​ដើម្បី​ធូរស្បើយ​ពី​អាកា​រៈ​នៃ​ជំងឺហឺត​។​
 
៦. ជី​អង្កាម​
 
​ជី​អង្កាម គឺ​ល្អ​ណាស់​សម្រាប់​សម្រួល​ការដក​ដង្ហើម​! ហើយ​ប្រសិនបើ​អ្នក​ចង់ឱ្យ​សួត​កាន់តែ​រឹងមាំ​និង​មាន​សុខភាព​ល្អ ចូរ​ព្យាយាម​ទំពារ​ស្លឹក​ជី​អង្កាម​ឱ្យបាន​ពី ៣ ទៅ ៥ ស្លឹក​ក្នុង​មួយថ្ងៃ​។​
 
៧. រួមបញ្ចូល​រមៀត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​នោះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​សារធាតុ curcumin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បង្កើន​សមត្ថភាព​មុខងារ​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ ការទទួល​ទាន​រមៀត​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​ផងដែរ​។​
 
៨. ទឹកឃ្មុំ​
 
​ទឹកឃ្មុំ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ព្រមជាមួយ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​សម្អាត​សួត​បាន​យ៉ាង​ប្រសើរ​។ ដើម្បី​ទប់ទល់​នឹង​អាកា​រៈ​នៃ​ជំងឺហឺត​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com