Marcus Rashford ដែលទើបប្តូរចូលនៅតង់ទីពីរនាទី៦៣ទៅហើយ អាចស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (hat-trick) ដើម្បីជួយ Manchester United ឈ្នះ RasenBallsport Leipzig ៥-០ ក្នុងការប្រកួត UEFA Champions League។ Juventus ដែលគ្មានវត្តមាន Cristiano Ronaldo រងបរាជ័យក្នុងដីខ្លួនឯងដោយលទ្ធផល ២-០ ក្រោមថ្វីជើង Barcelona។
៣គ្រាប់របស់ Rashford សម្រេចបាននៅនាទី៧៤, ៧៨ និង ៩០ ស្របពេលរូបគេមិនស៊ុតបាល់ពិន័យប៉េណាល់ទីផង មុនពេល Mason Greenwood រកគ្រាប់នាំមុខនៅនាទី២១ ក្នុងជំនួបវគ្គសន្សំពិន្ទុពូល H នៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃទី២៨ ខែតុលា។ Anthony Martial ដែលរ៉ាប់រងការស៊ុតបាល់ពីន័យ១១ម៉ែត្រ ធ្វើបានសម្រេចនៅនាទី ៨៧។
ជ័យជម្នះ ៥-០ លើក្រុមអាល្លឺម៉ង់ Leipzig បាននាំក្រុមលោក Ole Gunnar Solskjær ទទួលបាន៣ពិន្ទុបន្ថែម ដោយឈរនៅកំពូលតារាងពូល H មាន៦ពិន្ទុពេញ។ ក្នុងពូលនេះដែរ Paris Saint-Germain ដែលយកឈ្នះ Istanbul Basaksehir ២-០ ឡើងទៅចំណាត់ថ្នាក់ទី២ ដោយមាន៣ពិន្ទុស្មើក្រុមលេខ៣ Leipzig។ Basaksehir នៅបាតតារាងគ្មានពិន្ទុរាប់ ក្រោយចាញ់ទាំងពីរប្រកួតដំបូង។
ដោយឡែក Juventus ឯណោះវិញ ទទួលបានលទ្ធផលខកចិត្តនៅកីឡដ្ឋានខ្លួន Allianz បន្ទាប់ពីចាញ់ Barcelona ក្នុងលទ្ធផល ២-០។ ជំនួបពូល G រវាងក្រុមយក្សទាំងពីរ គ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Ronaldo ដែលត្រូវធ្វើចត្តាឡីស័យដោយសារឆ្លង COVID-19 ឡើយ ស្របពេលគូប្រជែងរបស់គេ Lionel Messi បានស៊ុតបញ្ចូលទី១គ្រាប់នៅចុងម៉ោង បន្ទាប់ពី Ousmane Dembele រកគ្រាប់នាំមុខតាំងពីនាទី១៤។
ខ្សែប្រយុទ្ធ Alvaro Morata ដែលមានឱកាសរកគ្រាប់បាល់៣គ្រាប់ឲ្យក្រុមលោក Andrea Pirlo បែជាខកខានទៅវិញដោយសារ VAR ពិនិត្យឃើញថាជាបាល់ off side ទាំង៣លើក។
ក្រុមលោក Ronald Koeman រកបាន៦ពិន្ទុពីការប្រកួត២លើក ឈរកំពូលតារាងពូល G ឯក្រុមសេះបង្កង់នៅលេខ២មាន៣ពិន្ទុ។ Dynamo Kyiv ដែលប្រកួតស្មើ Ferencvaros ២-២ ទទួលបាន១ពិន្ទុរៀងខ្លួន។
លទ្ធផលការប្រកួតនៃក្របខណ្ឌកំពូលអឺរ៉ុបនៅរាត្រីថ្ងៃទី២៨ ខែតុលា៖
ពូល E
FC Krasnodar ០-៤ Chelsea
Sevilla ១-០ Rennes
ពូល F
Borussia Dortmund ២-០ Zenit St. Petersburg
Club Brugge ១-១ Lazio
ពូល H
Istanbul Basaksehir ០-២ Paris Saint-Germain
Manchester United ៥-០ RasenBallsport Leipzig