លោក ផាន់ ណិល នាយកវិទ្យាល័យ ជា ស៊ីម សាមគ្គីបានរៀបចំការប្រកួតកីឡាប៉េតង់លក្ខណមហាជន ដើម្បីដណ្តើមពានរង្វាន់ប្រចាំវិទ្យាល័យ។ ក្រៅពីលើកកម្ពស់សុខភាពដល់មហាជន ពានរង្វាន់នេះ ក៏ធ្វើឡើង ដើម្បីចម្រាញ់រកក្រុមខ្លាំងឡើងទៅលេងពានរង្វាន់«គរុគុណ»ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខផងដែរ។
ជាការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់លក្ខណមហាជនក៏ពិតមែន តែពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គីត្រូវបានបង្កើតឡើងដើម្បីអបអរខួបលើកទី១៦ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី។ នេះបើតាមការបញ្ជាក់របស់លោក ផាន់ ណិល នាយកសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមានការប្រកួតនេះឡើង។
ការអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបចោល ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំពានរង្វាន់នេះដែរ។ នេះបើតាមការលើកឡើងរបស់លោក ផាន់ ណិល ដែលបានបន្ថែមថា ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ និងចម្រាញ់រកជើងខ្លាំង ដើម្បីឡើងទៅលេងពានរង្វាន់«គរុគុណ» ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់ចន្លោះពីថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។
អ្នកផ្តួចផ្តើមបង្កើតពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គីរូបនេះបង្ហាញក្តីរំពឹងថា ពានរង្វាន់នេះ នឹងក្លាយជាចលករក្នុងការលើកកម្ពស់សុខភាពកីឡាករ បង្កើនមិត្តភាព សាមគ្គីភាពរវាងគ្រូៗនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងរវាងគ្រូក្នុងវិទ្យាល័យនេះជាមួយកីឡាករមកពីតាមក្លិបសមាគមរាជធានីខេត្តផ្សេងទៀតឲ្យកាន់តែល្អប្រសើរ និងមានភាពស្និតស្នាលថែមទៀត។
លោកបានបន្ថែមថា៖«ខ្ញុំគិតថា យើងមានវ័យចំណាស់ដែរហើយ យើងមិនអាចទៅលេងកីឡាបាល់ទាត់ ឬបាល់ទះនោះទេ ខ្ញុំក៏មានគំនិតមួយថា ប៊ូលនេះយើងអត់មានសកម្មភាពអីខ្លាំងនោះទេ គ្រាន់តែដើរបោះអីធម្មតា។ អ៊ីចឹងខ្ញុំបានបង្កើតតារាងប៊ូលនេះ ឲ្យគាត់លេងដើម្បីសុខភាព។ ខ្ញុំមានគំនិតមួយថា ទោះបីយ៉ាងណាក៏ដោយ ខ្ញុំឲ្យគ្រូៗរបស់ខ្ញុំលេងកីឡាឲ្យបានច្រើន នៅក្នុងម៉ោងទំនេរណា ដែលគាត់អាចលេងបាន តែយើងមិនឲ្យគាត់ប៉ះពាល់ដល់ម៉ោងសិក្សាឡើយ»។
អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោក សុខ សប្បាយណា អគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលធ្វើជាអធិបតីក្នុងពិធីបើកការប្រកួតពានរង្វាន់ខាងលើ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យការប្រកួតនេះឡើងរបស់លោក ផាន់ ណិល នាយកវិទ្យាល័យ ជា ស៊ីម សាមគ្គី។
លោកអះអាងថា សហព័ន្ធគាំទ្រយ៉ាងពេញទំហឹងចំពោះទង្វើ ដែលបម្រើដល់ផលប្រយោជន៍របស់មហាជន និងការរួមចំណែកជួយបំផុស ផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាប៉េតង់កម្ពុជាឲ្យកាន់តែមានភាពផុសផុល និងរីកចម្រើន។ លោកសង្ឃឹមថា ពានរង្វាន់នេះ នឹងអាចស្វែងរកកីឡាករមានសមត្ថភាពខ្ពស់ក្នុងការប្រជែងដណ្តើមពាន«គរុគុណ»របស់សហព័ន្ធនៅខែវិច្ឆិកា។
បើតាមលោក ផាន់ ណិល ថវិកាដែលទ្រទ្រង់ឲ្យការរៀបចំពានរង្វាន់នេះ ជាជំនួយរបស់សប្បុរសជន និងថវិការបស់លោកផ្ទាល់។ នាយកសាលារូបនេះរំពឹងថា ការរៀបចំការប្រកួតនេះនឹងដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ ហើយ លោក ប្តេជ្ញាថា នឹងបន្តរៀបចំឲ្យមានការប្រកួតបែបនេះ នៅឆ្នាំក្រោយៗទៀត។
ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គីនេះ មានកីឡាករចំនួន៩៦រូបមកពី៦រាជធានីខេត្តចូលរួម។ ខេត្តរាជធានីទាំងនោះរួមមានព្រែវែង កំពង់ស្ពឺ កំពង់ធំ កណ្តាល តាកែវ រាជធានីភ្នំពេញ ដោយបែងចែកជា២៤ក្រុមក្នុងក្រុមមានគ្នា៤នាក់។ នេះជាលើកទីពីរហើយ ដែលវិទ្យាល័យនេះ បង្កើតឲ្យមានការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ប្រចាំវិទ្យាល័យរបស់ខ្លួន តែជាលើកទី១ ដែលរៀបចំជាលក្ខណមហាជន ខណៈកាលលើកទី១ធ្វើក្នុងក្របខណ្ឌសាលាតែប៉ុណ្ណោះ៕
លោក សុខ សប្បាយណា បោះប៊ូលតំណាងក្នុងពិធីបើកការប្រកួតពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គី