អន្តរជាតិ
វៀតណាម​៖ យ៉ាងតិច ២៥​នាក់​ស្លាប់​ក្នុង​ព្យុះ​ម៉ូ​ឡាវ ខណៈ​៤០នាក់​បាត់​ខ្លួន​
29, Oct 2020 , 2:27 pm        
រូបភាព
រូបភាព៖ EPA-EFE
រូបភាព៖ EPA-EFE
​អ្នកស្លាប់​ដោយសារ​ព្យុះ​ម៉ូ​ឡាវ នៅ​វៀតណាម បាន​កើន​ដល់ ២៥​នាក់​ហើយ ខណៈ​ប្រជាជន​ចំនួន ៤០​នាក់ កំពុង​បាត់​ខ្លួន គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា​។


​រដ្ឋាភិបាល​វៀតណាម បានចេញ​បញ្ជា​ឲ្យ​ទាហាន​ជាច្រើន​នាក់ ដោយមាន​រថយន្ត​ធុន​ធ្ងន់​ជា​ជំនួយ ចេញ​ប្រតិបត្តិ​ការស្វែងរក​ជន​រងគ្រោះ ដែល​បាន​បាត់​ខ្លួន ដោយសារតែ​ការបាក់​ដី​។ ដោយសារតែ​ឥទ្ធិពល​ម៉ូ​ឡាវ ភ្លៀង​បាន​បន្ត​ធ្លាក់​យ៉ាងខ្លាំង​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ដែល​បង្ក​ឲ្យ​មាន​ដី​បាក់​នៅក្នុង​ខេត្ត Quang Nam​។ 
 
​គ្រោះមហន្តរាយ​នេះ​បង្ក​ឲ្យ​អ្នកស្លាប់​កើនឡើង​ដល់ ២៥​នាក់ ហើយ​អ្នក​បាត់​ខ្លួន​កើន​ដល់​ចំនួន ៤០​នាក់​ផងដែរ​។ ក្នុងចំណោម​អ្នកស្លាប់​នេះ មាន​អ្នកនេសាទ​ចំនួន ១២​នាក់ ខណៈ ១៤​នាក់​ផ្សេងទៀត នៅតែ​បន្ត​បាត់​ខ្លួន​ដដែល​។ ទូក​នេសាទ​ចំនួន​២ ដែលមាន​មនុស្ស​ចំនួន ២៦​នាក់ បាន​លិច​នៅ​ថ្ងៃទី​២៨ ខែតុលា​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក​Trinh Dinh Dung បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« យើង​អាច​ព្យាករ​ពី​ទិសដៅ​ព្យុះ និង​កម្រិត​ទឹកភ្លៀង​បាន ប៉ុន្តែ​យើង​មិនអាច​ព្យាករ​នៅពេលណា មាន​ដី​បាក់​បានទេ​»​។ 
 
​បើតាម​ការអះអាង​រប​ស់​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​រូបនេះ បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណាក៏ដោយ ក្រុម​ជួយសង្គ្រោះ​នៅតែ​ចេញ​ប្រតិបត្តិការ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដដែល​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters រដ្ឋាភិបាល​វៀតណាម បាន​អះអាងថា ព្យុះ​ម៉ូ​ឡាវ បានធ្វើ​ឲ្យ​ប្រជាជន​វៀតណាម កន្លះ​លាន​នាក់ គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ផ្ទះ​ប្រមាណ ៥៦០០០​ខ្នង ត្រូវបាន​បំផ្លាញ​។​
 
​សូមបញ្ជាក់ថា ការ​ព្យាករ​របស់​ទីភ្នាក់ងារ​អាកាសធាតុ​វៀតណាម ព្យុះ​ម៉ូ​ឡាវ ដែលមាន​កម្រិត​ទឹកភ្លៀង​រហូតដល់ ៧០០​មី​លី​ម៉ែត្រ​នេះ នឹង​បន្ត​មាន​វត្ត​មាននៅ​ភាគ​កណ្តាល​របស់​វៀតណាម​រហូតដល់​ថ្ងៃទី​៣១ ខែតុលា​៕ 

Tag:
 ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com