អន្តរជាតិ
សមាជិកសភា​ដែលជា​អ្នក​ប្ដូរ​ភេទ​ទីមួយ​របស់​ថៃ អស់តំណែង​ក្រោយ​ល្មើសច្បាប់​បោះឆ្នោត​
29, Oct 2020 , 10:29 pm        
រូបភាព
អ្នកស្រី Tanwarin Sukkhapisit ដែលសមាជិកសភាជាអ្នកប្ដូរភេទ ម្នាក់មកពីបក្ស វឌ្ឍនភាពទៅមុខ (Move Forward Party) ។ រូបភាព៖ បាងកកប៉ុស្តិ៍
អ្នកស្រី Tanwarin Sukkhapisit ដែលសមាជិកសភាជាអ្នកប្ដូរភេទ ម្នាក់មកពីបក្ស វឌ្ឍនភាពទៅមុខ (Move Forward Party) ។ រូបភាព៖ បាងកកប៉ុស្តិ៍
ដោយ:
​សភា​ថៃ បាន​បាត់បង់​សមាជិកសភា​ប្ដូរ​ភេទ​ទីមួយ​របស់ខ្លួន នៅ​ថ្ងៃទី ២៨ ខែតុលា ក្រោយ​តុលាការ​ធម្មនុញ្ញ​បានសម្រេច​ដកហូត​អាសនៈ​សភា​អ្នកស្រី ពាក់ព័ន្ធ​ការ​ល្មើសច្បាប់​បោះឆ្នោត​។ យ៉ាងណាមិញ ក្រុម​អ្នក​រិះគន់​ថៃ បាន​ហៅ​ទង្វើ​នេះ​ថា ជា​សកម្មភាព​នយោបាយ​ប្រឆាំង​អ្នកគាំទ្រ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​អាស៊ីអាគ្នេយ​ន៍​មួយ​នេះ​។​

 
​តុលាការ​ធម្មនុញ្ញ​ថៃ បាន​រកឃើញថា អ្នកស្រី Tanwarin Sukkhapisit ដែល​សមាជិកសភា​ម្នាក់​មកពី​បក្ស វឌ្ឍនភាព​ទៅមុខ (Move Forward Party)  ល្មើសច្បាប់​បោះឆ្នោត ដែល​ហាមឃាត់​អ្នកនយោបាយ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​។  តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុ​ស្ត៍ តុលាការ​ក៏​ហាមឃាត់​អ្នកស្រី​ធ្វើ​នយោបាយ​ទៀតផង​ដែរ​។​
 
​អ្នកស្រី Tanwarin ជា​អ្នក​លើកស្ទួយ​ដ៏​សកម្ម​មួយ​សម្រាប់​សមាគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (LGBT) នៅពេល​អ្នកស្រី​បានឈ្នះ​អាសនៈ​មួយ​ក្នុង​សភា​នៅ​ការបោះឆ្នោត​ទូទៅ​កាលពី​ឆ្នាំមុន សម្រាប់​បក្ស អនាគត​ឆ្ពោះទៅមុខ (Future Forward Party) របស់​មហាសេដ្ឋី​ថៃ លោក Thanathorn ។​
 
​ក៏ប៉ុន្តែ​បក្ស​នេះ ត្រូវបាន​តុលាការ​ថៃ​រំលាយចោល​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​សម្រាប់​ល្មើសច្បាប់​ការបោះឆ្នោត ហើយ​លោក Thanathorn និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បក្ស​នេះ​ត្រូវបាន​ហាម​ធ្វើ​នយោបាយ​១០​ឆ្នាំ ខណៈ​អ្នកស្រី Tanwarin និង​អ្នកនយោបាយ​ដទៃ​ត្រូវ​បង្ខំចិត្ត​ចូលរួម​ជាមួយ​បក្ស វឌ្ឍនភាព​ទៅមុខ (Move Forward Party)  ។​
 
«​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​។ ខ្ញុំ​បាន​រំពឹងទុក​មុន​ហើយ​ថា​រឿងនេះ​នឹង​កើត​ឡើយ​»​។ អ្នក Tanwarin ដែល​ធ្លាប់ធ្វើ​តារា​សម្តែង​និង​ផលិតករ​ភាពយន្ត បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP មុននឹង​បញ្ជាក់ថា អ្នកស្រី​គិតថា ការសម្រេចចិត្ត​មិន​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​ភេទ​របស់​អ្នកស្រី​។ ទោះ​អស់តំណែង​នេះ អ្នកស្រី ប្តេជ្ញាចិត្ត​ថា​នឹង​បន្ត​ប្រយុទ្ធ​សម្រាប់​លើកស្ទួយ​សហគមន៍ LGBT តទៅទៀត​។ 
 
​សហគមន៍​អ្នក​ប្ដូរ​ភេទ​របស់​ថៃ មាន​ឥទ្ធិពល​គួរសម​ក្នុងសង្គម​កាន់​ព្រះពុទ្ធសាសនា​របស់​ថៃ តែ​ត្រូវ​ប្រឈម​ការ​រើ​ង​អើ​ង​នៅ​កន្លែងធ្វើការ​និង​កន្លែង​អប់រំ​។ ទោះ​អស់​អ្នកស្រី Tanwarin មួយ សភា​ថៃ​នៅសល់​សមាជិកសភា​ប្ដូរ​ភេទ​៣​នាក់​ទៀត​។ 
 
​មែនទែនទៅ អ្នកស្រី Tanwarin គឺជា​ជនរងគ្រោះ​ចុងក្រោយបង្អស់​របស់​ច្បាប់​ដែល​អ្នក​រិះគន់​ភាគច្រើន អះអាងថា រដ្ឋាភិបាល​ក្រុង​បាងកក កំពុង​ប្រើប្រាស់​ជា​អាវុធ​នយោបាយ​ពួកគេ​។ សម្រាប់​អ្នកវិទ្យាសាស្ត្រ​នយោបាយ​ថៃ​ម្នាក់ Titipol Phakdeewanich រដ្ឋាភិបាល​ថៃ​កំពុង​ប្រើប្រាស់​យន្តការ​ផ្លូវការ​ប្រឆាំង​នរណា​ក៏ដោយ​ដែល​ពួកគេ​ចាត់ទុកជា​អ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​៕
 
 
 
 

Tag:
 ថៃ​
  LGBT
  សភា
© រក្សាសិទ្ធិដោយ thmeythmey.com