រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី ២៩ និង ៣០ ខែតុលា ដើម្បីចូលរួមប្រាព្ធខួប២៥ឆ្នាំនៃការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ។
បើគ្មានការប្រែប្រួលទេ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូនឹងឆ្លៀតទៅទស្សនកិច្ចប្រទេសវៀតណាម ក្រោយបញ្ចប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីរបស់ខ្លួននាថ្ងៃ ២៩ ខែតុលានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី ២៨ ខែតុលា បានប្រកាសពីទស្សនកិច្ចរបស់លោកប៉ុមប៉េអូ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម ប៊ិញមិញ (Pham Binh Minh)។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រមុខការទូតអាមេរិករូបនេះនឹងចូលរួមអបអរសាទរការប្រារព្ធខួប ២៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសអាមេរិកឯណោះវិញ បានបញ្ជាក់ផងដែរថា លោក ប៉ុមប៉េអូ សម្រេចបន្ថែមប្រទេសវៀតណាមក្នុងដំណើរទស្សនកិច្ចប្រទេសនៅអាស៊ីចំនួនបួន ក្នុងសប្ដាហ៍នេះដោយដំណើរទស្សនកិច្ចនេះចាប់ផ្ដើមពីប្រទេសឥណ្ឌា ស្រីលង្កា ម៉ាល់ឌីវ រហូតដល់ឥណ្ឌូណេស៊ី ។
ពីប្រទេសស្រីលង្កា កាលពីថ្ងៃទី២៨ ខែតុលា ប្រមុខការទូតអាមេរិក បានទិតៀនរដ្ឋាភិបាលចិនឥតសំចៃដោយហៅរដ្ឋាភិបាលនេះថាជា ពួកជញ្ជក់ឈាមអ្នកដទៃ។ ហើយមួយថ្ងៃមុនទៅជាន់ប្រទេសនេះ លោក ប៉ុមប៉េអូ បានប្រាប់មិត្តឥណ្ឌាថា ក្រុងប៉េកាំង មិនគោរពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ តម្លាភាព សេរីភាពនៃការធ្វើនាវាចរណ៍ ក៏ដូចជា មូលដ្ឋានគ្រឹះនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហឡើយ។
ចេញពីឥណ្ឌានិងស្រីលង្កា លោក ប៉ុមប៉េអូ បានបន្តទៅកាន់ប្រទេសម៉ាល់ឌីវនៅថ្ងៃពុធ ហើយនឹងទៅដល់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី២៩ ខែតុលានេះ។ បើដូចការគ្រោងទុក ក្រោយចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោកទំនងជាចេញទៅវៀតណាមភ្លាមៗ ដើម្បីបិទបញ្ចប់ទស្សនកិច្ចតំបន់អាស៊ី ៥ប្រទេសរបស់លោកនៅទីនោះតែម្ដង។
ដំណឹងនៃគម្រោងទស្សនកិច្ចនេះ កើតឡើងក្រោយពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានតុលាការវៀតណាម កាត់ទោសកាលពីឆ្នាំមុនឲ្យជាប់គុក១២ឆ្នាំ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលវៀតណាម ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់អាមេរិកកាលពីសប្ដាហ៍មុន។
បុរសរូបនោះឈ្មោះថា Michael Nguyen ដែលកើតក្នុងវៀតណាមក្នុងឆ្នាំ១៩៦៤ ហើយបានរស់នៅក្នុងសហរដ្ឋអាមេរិកតាំងពីក្មេងមក ត្រូវបានឃុំខ្លួនក្នុងខែកក្កដាឆ្នាំ២០១៨ ដោយសង្ស័យថាធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលវៀតណាម រួមមាន ញុះញង់ឲ្យមានបាតុកម្មវាយប្រហារលើការិយាល័យរដ្ឋាភិបាល ជាដើម។
សូមបញ្ជាក់ថា កាលពីខែថ្ងៃទី ១១ ខែកក្កដា អតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន បានប្រកាសតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសវៀតណាមឡើងវិញ ពោលគឺ២០ឆ្នាំក្រោយចប់សង្គ្រាមវៀតណាម។ ២៥ឆ្នាំក្រោយមក វៀតណាមនិងសហរដ្ឋអាមេរិក ក្លាយជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីឡើងពី ៤៥០លានក្នុងឆ្នាំ១៩៩៤ ដល់ ៧៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩៕