ជាតិ
រដ្ឋបាល​កំពង់ស្ពឺ ផ្អាក​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤១ កែង​ផ្លូវជាតិ​លេខ​៤ ដើម្បី​ជួសជុល
29, Oct 2020 , 10:59 pm        
រូបភាព
ស្ថានភាពផ្លូវជាតិលេខ៤១ កែងផ្លូវជាតិលេខ៤ ដែលត្រូវផ្អាកចរាចរណ៍ដើម្បីជួសជុល (រូបភាព៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ)
ស្ថានភាពផ្លូវជាតិលេខ៤១ កែងផ្លូវជាតិលេខ៤ ដែលត្រូវផ្អាកចរាចរណ៍ដើម្បីជួសជុល (រូបភាព៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ)
ដោយ:
​ផ្លូវជាតិ​លេខ​៤១ កែង​នឹង​ផ្លូវ​លេខ​៤ ត្រូវ​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន បន្ទាប់ពី​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​បន្ទាន់​។ នេះ​បើតាម លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដែល​បានបញ្ជាក់​នៅ​គណនី​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។​

 
​តាម​អភិបាលខេត្ត​កំពង់ស្ពឺ​ជំនន់​ទឹកភ្លៀង បាន​បង្ក​ឲ្យ ផ្លូវជាតិ​លេខ​៤១ កែង​នឹង​ផ្លូវ​លេខ​៤ ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​បន្ទាន់​។  «​សូម​សាធារណជន ដែល​មានបំណង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ ឬក៏​ទៅកាន់​ខេត្ត​ព្រះសីហនុ សូមមេត្តា​រក​ផ្លូវ​វាង​ជា​បណ្ដោះអាសន្ន​»​។ នេះ​ជាការ​អំពាវនាវ​របស់​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​
 
​សូមបញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន បាន​បន្ត​ស្រក​ចុះ​ជា​បណ្ដើៗ ពិសេស​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ត្រង់ចំណុច​ទំនប់​៧​មករា បន្ត​ស្រក​ចុះ ១,៨៧​ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរិមា ៦,៦៧​ម៉ែត្រ កាល​ថ្ងៃទី​១៤ ខែតុលា​។ កម្ពស់​ទឹក​លើ​ទំនប់​បង្ហៀរ ០,០០​ម៉ែត្រ គឺ​ស្មើនឹង​ទំនប់​បង្ហៀរ និង​កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៤,១៦​ម៉ែត្រ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា នេះ​៕

Tag:
 ​ជំនន់​
 ​វ៉ី សំណាង​
 ​ផ្លូវជាតិ​លេខ​៤១
 ​ផ្លូវជាតិ​លេខ​៤
© រក្សាសិទ្ធិដោយ thmeythmey.com