សង្គមអន្តរជាតិ​
អន្តរជាតិ
​រលក​នៃ​ចលនា​វាយប្រហារ​ភេរវកម្ម​ជ្រុលនិយម​ចាប់ផ្តើម​បន្លាច​បារាំង​ជាថ្មី
30, Oct 2020 , 11:59 am        
រូបភាព
ប៉ូលិសហ៊ុមព័ទ្ធវិហារគ្រឹស្តមួយកន្លែងកណ្តាលទីក្រុងនីស​នៅព្រឹកថ្ងៃព្រហស្បតិ៍​ក្រោយមានការវាយប្រហារដោយជនល្មើសប្រាប់ដោយកាំបិតសម្លាប់មនុស្សអស់បីនាក់។​រូបភាព៖ AFP។​
ប៉ូលិសហ៊ុមព័ទ្ធវិហារគ្រឹស្តមួយកន្លែងកណ្តាលទីក្រុងនីស​នៅព្រឹកថ្ងៃព្រហស្បតិ៍​ក្រោយមានការវាយប្រហារដោយជនល្មើសប្រាប់ដោយកាំបិតសម្លាប់មនុស្សអស់បីនាក់។​រូបភាព៖ AFP។​
ដោយ: ថ្មីៗ
មនុស្ស​បីនាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​មួយ​ដោយ​ជន​ជ្រុលនិយម​ប្រដាប់​ដោយ​កាំបិត​នៅក្នុង​វិហារ​សាសនា​គ្រឹ​ស្ត​មួយកន្លែង ស្ថិតនៅក្នុង​ទីក្រុង​នី​ស​ប្រទេស​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ខែតុលា​។ សន្តិសុខ​នៅតាម​វិហារ​សាសនា និង​សាលារៀន​ត្រូវបាន​រឹតបន្តឹង​ខ្លាំង ខណៈ​រដ្ឋាភិបាល​បារាំង ចាត់ទុកថា​សកម្មភាព​នេះ​ការវាយប្រហារ​របស់​ក្រុម​ឥស្លាម​ជ្រុលនិយម​ផង​។​

 
​ករណី​វាយប្រហារ​ដ៏​សាហាវ​មួយ​កើតឡើង​នៅ​កណ្តាល​ទីក្រុង​នី​ស នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូតដល់​បីនាក់​ឯ​ណោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ដកស្រង់​សម្តី រដ្ឋអាជ្ញា​បារាំង​ដែល​ទទួលបន្ទុក​សំណុំរឿង​ប្រឆាំង​ភេរវកម្ម Jean-Francois Ricard ។​
 
​ជនរងគ្រោះ​ទាំងបី​នាក់​នោះ​រួមមាន​ស្ត្រី​វ័យ ៦០​ឆ្នាំ​ម្នាក់ ត្រូវ​ជនល្មើស​អា​បំពង់ក​ស្ទើ​ដាច់​។ ចំណែក​ជន រង គ្រោះ​ទី​ពីរ​ជា​បុរស​វ័យ ៥៥ ឆ្នាំ ជា​បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​វិហារ​គ្រឹ​ស្ត​តែម្តង​ហើយ​លោក មាន​ស្នាម អារ​នៅលើ​បំពង់ក​ដូចគ្នា​។  
 
​ជនរងគ្រោះ​ទី​បី គឺជា​ស្ត្រី វ័យ​៤៤​ឆ្នាំ ដែល​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ព្យាយាម​រត់គេច​ចេញពី​វិហារ​។ រូបគាត់​មាន​ស្នាមរបួស​ច្រើន​ពាសពេញ​ខ្លួន​។ 
 
​បើតាម​រដ្ឋអាជ្ញា​ខាងលើ ជនល្មើស​ដែល​ធ្វើ​សកម្មភាព​វាយប្រហារ​នេះ​មាន​វ័យ ២១​ឆ្នាំ ជា​ជន​អន្តោ​ប្រវេ​ស្តន៍​ដែលមាន​ដើមកំណើត​ពី​ប្រទេស​ទុយ​ណេ​ស៊ី​។ ក្នុង​ពេលធ្វើ​សកម្មភាព​ជននេះ​មានកា​ន់ក​ម្ពី​កូ​អាន​មួយ​ក្បាល រួមជាមួយ​កាំបិត​ចំនួន​បី​ជាប់​ខ្លួន​ផង​។ រូបគេ​ត្រូវ​ប៉ូលិស​បាញ់​ឲ្យ​របួស និង​ត្រូវ​បញ្ជូនទៅ​ព្យាបាល​រួចហើយ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់​ស​ម្កាល់  ជននេះ​បន្ត​ប្រឹង​ស្រែក​ខ្លាំងៗ​ថា​៖ «​ព្រះ​គឺ​អស្ចារ្យ​លើសគេ​» ទាំង​ក្នុង​ពេលធ្វើ​សកម្មភាព និង​ក្នុងពេលទទួលការព្យាបាលក្នុង​មន្ទីរពេទ្យ​។ 
 
«​ការវាយប្រហារ​យ៉ាង​ព្រៃផ្សៃ​នេះ​ក្លាយ​ជាការ​ដាស់តឿន​មួយ​ថា មនោគមន៍វិជ្ជា​ឥស្លាម​ជ្រុលនិយម​គឺ​នៅតែមាន​ជីវិត​នៅឡើយ​»​។ Jean-Francois Ricard ថ្លែង​ដូច្នេះ​។​
 
​ដោយឡែក  ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​នី​ស​ភ្លាមៗ​ក្រោយ​កើតហេតុ ទទួលស្គាល់ថា បារាំង​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ពី​ការ​យារ​យីរ​ដោយ​ចលនា​ភេរវកម្ម ប៉ុន្តែ​លោក​ប្រកាសថា បារាំង​មិន​ចុះ​ញ៉ម​នឹង​ការគំរាមកំហែង​នេះឡើយ​ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​។​
 
«​វា​ច្បាស់​ណាស់​ថា បារាំង​គឺ​កំពុង​រង​ការ​វ​វាយប្រហារ​។ [​ប៉ុន្តែ​] យើង​បោះបង់ ចោល​តម្លៃ​របស់​យើង​ឡើយ​»​។ លោក ម៉ា​ក្រុង ប្រកាស​ដូច្នេះ​។ 
 
​ប្រមុខរដ្ឋ​បារាំង​នេះ​ក៏ បាន​បញ្ជា​ឲ្យ​មានការ​រឹតបន្តឹង​សន្តិសុខ​នៅ​រាល់​វិហារ​ឥស្លាម និង​មាន​ពង្រាយ​កម្លាំង​បន្ថែម​ពី ៣០០០​នាក់​ដល់ ៧០០០​នាក់​។  ក្រៅពី​វិហារ សន្តិសុខ​នៅតាម​សាលារៀន​ក៏ ត្រូវបាន​រឹតបន្តឹង​បន្ថែម​ដូចគ្នា​ដែរ​។​
 
​តាមពិត​រលក​ថ្មី​នេះ​ចលនា​ភេរវកម្ម​កើតឡើង ខណៈដែល​បារាំង​កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការ​ជះ​កំហឹង​ពី​បណ្តា​ប្រទេស​ឥស្លាម​នៅលើ​ពិភពលោក បន្ទាប់ពី​លោក ម៉ា​ក្រុង សន្យាថា បារាំង​នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​ចលនា​ឥស្លាម​ជ្រុលនិយម​។ 
 
​សម្តី​របស់​មេដឹកនាំ​នេះ​ធ្វើឡើង​ក្រោយ​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ​នៅ​បារាំង​ម្នាក់​ត្រូវ​ជន​ជ្រុលនិយម​សម្លាប់​ដោយ​កាត់​ក្បាល  ដ្បិតតែ​គ្រូ​រូបនោះ​ប្រើប្រាស់​រូប​ត្លុក​របស់​ព្យា​ការី​ម៉ូ​ហា​ម៉ាត់​បង្ហាញ​សិស្ស​ក្នុង​ម៉ោង​រៀន​។ 
 
​ស្របពេល​ជាមួយគ្នានេះ ខ្លះ​យល់ថា សម្តី​របស់លោក ម៉ា​ក្រុង គឺ​ដាក់​គោលដៅ​លើ​ប្រជាជន​ឥស្លាម​ប្រមាណ​ចន្លោះ​ពី ប្រាំ ទៅ​ប្រាំមួយ​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​បារាំង​ប៉ុណ្ណោះ​។​
 
​ដោយ​ខឹង​នឹង​សម្តី​របស់​មេដឹកនាំ​បារាំ​ង ប្រទេស​ឥស្លាម​ធំៗ​ជាច្រើន​ក៏​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ដែល​ពហិកា​រាល់​ទំនិញ​របស់​បារាំង ហើយ​នៅក្នុង​ប្រទេស​ខ្លះទៀត​ដូចជា លី​ប៊ី ស៊ី​រី និង​ប៉ា​គី​ស្ថាន គេ​ឃើញ​មាន​ចលនា​បាតុកម្ម​ដុត​ទង់ជាតិ​បារាំង និង​រូបភាព​របស់លោក ម៉ា​ក្រុង ថែមទៀត​។​
 
​យ៉ាងណាមិញ លោក ម៉ា​ក្រុង បាន​ទទូច​ឲ្យ​បណ្តា​ប្រជាជន​ទាំង​អស់ពី​គ្រប់​មជ្ឈដ្ឋាន​មិន​រើសអើង​សាសនា​​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​តតាំង​នឹង​បញ្ហា​ចំពោះមុខ​និង​ព្យាយាម​ធ្វើយ៉ាងណា​ការពារ​មិន​ឲ្យ​ចរន្ត​នៃ​ការ​បែកខ្ញែក​គ្នា​ដឹកមុខ​បាន​៕ 
 
 
 
 

Tag:
 បារាំង​
  ចលនា​ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com