ជាតិ
ព័ត៍មានសុខភាព
​សម្តេច ហ៊ុន សែន រំឭក​អ្នកដើរ​កម្សាន្ត​អំឡុង​បុណ្យអុំទូក ឲ្យ​ចូលរួម​បង្ការ​ការឆ្លង​កូ​វីដ​-១៩
30, Oct 2020 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​៣០ តុលា​នេះ ជា​ថ្ងៃទី​១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​។ ក្នុងឱកាស​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​រំឭក​ទៅ​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​ក្នុងអំឡុងពេល​សម្រាក​បុណ្យអុំទូក​នេះ ឲ្យ​ប្រុងប្រយ័ត្ន​និង​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​៖«​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ក៏ដូចជា​បង្ការ​ការពា​រការ​ចម្លងជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​»​។​

 
 
​ទន្ទឹមនឹង​ដាស់តឿន​ពលរដ្ឋ​អ្នកទេសចរ ឲ្យ​ប្រយ័ត្នប្រយែង សម្តេច ហ៊ុន សែន ក៏​បន្ត​អំពាវនាវ​ទៅដល់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ជូន​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស នៅក្នុង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ​។​
 
​រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក​ប្រារព្ធ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២០​នេះ ដើម្បី​ទប់ស្កាត់​ការ​រាល​ដាន​នៃ​ជំងឺ​កូ​វីដ​-១៩​។ គិត​ត្រឹម​ថ្ងៃទី​៣០ តុលា​នេះ កម្ពុជា​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ចំនួន ២៩១​ករណី ក្នុងនោះ​មាន​២៨៣​នាក់​ហើយ បាន​សះស្បើយ និង​មិនមាន​អ្នក​បាត់​បង់ជីវិត​នោះទេ​។ តាម​ក្រសួងសុខាភិបាល អ្នកជំងឺ​ដែល​នៅសល់​៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕
 
 
 
 
 

Tag:
 អុំទូក​
 ​ហ៊ុន សែន​
 ​ទេសចរណ៍​
 ​ទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com