ជាតិ
រដ្ឋមន្ត្រីការបរទេសហុងគ្រី មកទស្សនកិច្ចនៅកម្ពុជា និងចូលរួមពិធីបើកការិយាល័យស្ថានទូតខ្លួននៅភ្នំពេញ
30, Oct 2020 , 10:29 pm        
រូបភាព
លោក ភីធើ ស៊ីចាតូ(Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី។ រូបភាព៖ AFP
លោក ភីធើ ស៊ីចាតូ(Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី។ រូបភាព៖ AFP
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ(Péter Szijjártó) នឹងមកបំពេញទស្សនកិច្ច និងបើកការិយាល័យស្ថានទូតហុងគ្រីជាផ្លូវការ នៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២នេះ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ភីធើ ស៊ីចាតូ នឹងចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈចំនួន៣ជាមួយកម្ពុជា។



ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៩តុលានេះថា លោក ភីធើ ស៊ីចាតូ មិនត្រឹមតែមកទស្សនកិច្ចនៅកម្ពុជានោះទេ  គឺលោក ភូធើ ស៊ីចាតូ នឹងចូលរួមពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញផងដែរ។ 
 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ភីធើ ស៊ីចាតូ នឹងមានជំនួបជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា ដើម្បីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣។ ក្រោយជំនួបនេះ កម្ពុជានឹងហុងគ្រី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀម ស្ដីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ លើសពីនេះ ប្រទេសទាំងពីរ នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជានិងក្រសួងមហាផ្ទៃហុងគ្រី។ ហើយភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។ 
 
ក្រៅពីនេះ លោក ភីធើ ស៊ីចាតូ ក៏មានជំនួបដោយឡែកជាមួយរដ្ឋមន្រី្តការបរទេសកម្ពុជា លោក ប្រាក់ សុខុន, លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រួមទាំងលោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជាទៀតផង។ 
 
កម្ពុជា និងហុងគ្រី បានចាប់ផ្ដើមទំនាក់ទំនងការទូតលើកដំបូង តាំងពីឆ្នាំ១៩៥៦មកម្ល៉េះ ។ ក្រោយមកក៏បាត់ទំនាក់ទំនងនឹងគ្នា ដោយសារកម្ពុជា មាន របប ប៉ុល ពត ប៉ុន្តែដល់ឆ្នាំ១៩៧៩ ប្រទេសទាំងពីរ ក៏បានចាប់ផ្ដើមទំនាក់ទំនងការទូតឡើងវិញ ក្រោយរបបនេះបានដួលរលំ។
 
រីឯទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីគឺនៅមានកម្រិតតិចតួចនៅឡើយ ពោលគឺមានទំហំពាណិជ្ជកម្មទ្វេភាគីត្រឹមតែ ១៦ លានដុល្លារពីឆ្នាំ ២០១៣ ដល់ពាក់កណ្តាលឆ្នាំ ២០១៨។ ចំណែកទំនាក់ទំនងនយោបាយវិញ គឺនៅតែបន្តពង្រឹងជាមួយនឹងដំណើរទស្សនកិច្ចជាន់ខ្ពស់របស់មេដឹកនាំនៃប្រទេសទាំងពីរ៕

Tag:
 ហុងគ្រី
© រក្សាសិទ្ធិដោយ thmeythmey.com