ទោះបីប្រទេសកម្ពុជាបានរងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអះអាងថា វាមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ក្នុងសាលនោះទេ។ នៅថ្ងៃទី៧ ខែវិច្ឆិកា ខាង សហព័ន្ធ នឹងចាប់ផ្តើមការប្រកួតបាល់ទាត់ជម្រើសជើងឯក Tiger Futsal Cup 2020 ដើម្បីស្វែងរកជើងខ្លាំងទៅលេងនៅក្រៅប្រទេស។
នាពិធីបើកការប្រកួតកីឡាបាល់ទាត់ក្នុងសាលដណ្តើមពានរង្វាន់ Tiger Futsal Cup 2020 កាលពីសប្តាហ៍មុន លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអះអាងថា ផែនការអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងសាលក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន ទោះបីប្រទេសកម្ពុជារងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។
លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(កណ្តាល)រូបភាពពី Cambodia Futsal
«ទោះបីក្នុងកាលៈទេសៈប្រទេសជាតិកំពុងប្រឈមជាមួយជំងឺកូវីដ-១៩យ៉ាងណាក្តី តែមិនអាចរារាំងការអភិវឌ្ឍរបស់យើងបានឡើយ ព្រោះនេះជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣»។ នេះជាការលើកឡើងរបស់លោក ខៀវ សាម៉េត។
ទោះបីបច្ចុប្បន្នប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ លោក ខៀវ សាម៉េត ដាស់តឿនឲ្យកីឡាករ គ្រូបង្វឹក និងមន្ត្រីរបស់ក្លិបនីមួយៗ ដែលចូលរួមការប្រកួតឆ្នាំនេះ បន្តយកចិត្តទុកដាក់ និងគោរពតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ការក្រើនរំលឹកនេះ គឺដើម្បីកុំឲ្យការប្រកួតបាល់ទាត់ក្នុងសាល ក្លាយជាកន្លែងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី ពុធ ធីតា សមាជិកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញឈ្មោះក្រុមក្នុងពិធីចាប់ឆ្នោត, រូបភាពពី Cambodia Futsal
ក្រៅពីចម្រាញ់រកជើងខ្លាំងដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF Futsal Club Championship 2021 សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងចម្រាញ់រកកីឡាករមួយក្រុមដើម្បីប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ក្របខណ្ឌអាស៊ាន AFF Futsal Championship 2021។ នេះបើតាមការលើកឡើងរបស់លោក ខៀវ សាម៉េត។
លោក បានវាយតម្លៃបន្ថែមថា៖«ការបើកការប្រកួត Tiger Futsal Cup រដូវកាលឆ្នាំ២០២០ ពិតជាមានសារសំខាន់ ទាំងផ្នែកការអភិវឌ្ឍកីឡាហ្វ៊ូតសាលក្នុងប្រទេស និងការត្រៀមលក្ខណៈសម្បត្តិរបស់ក្លិប និងក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិ»។
កីឡាករតំណាងទាំង២៥ក្រុម ដែលចូលរួមប្រកួតក្នុងពានរង្វាន់កីឡាក្នុងសាលឆ្នាំនេះ
សម្រាប់ការបើកទំព័រថ្មីក្នុងឆ្នាំទី៤នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងសាល Tiger Futsal Cup 2020 មាន២៥ក្រុមចូលរួម ដែលមានការកើនឡើង៥ក្រុមបើធៀបទៅនឹងឆ្នាំមុន។ ការប្រកួតធ្វើឡើងតាមរូបមន្តវិលជុំ ដោយបែងចែកជា៥ពូល។ ក្រុមលេខ១ និងក្រុមលេខ២ល្អជាងគេចំនួន៣ក្រុមក្នុងពូលនីមួយៗ នឹងឡើងទៅលេងនៅវគ្គ៨ក្រុមចុងក្រោយ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ការប្រកួតប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០៕