អន្តរជាតិ
ប្រទេស​និង​អង្គការ​ផ្តល់ជំនួយ​រៃអង្គាស​ថវិកា​បាន​ជិត ៦០០ លាន​ដុល្លារ​សម្រាប់​ជួយ​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​
31, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ឥស្លាម​លី​ស្បៀងអាហារ​ពី​ជំរំ​ជនភៀសខ្លួន Kutupalong ទៅកាន់​ជំរំ Ukhia នៅ​តំបន់ Cox
​រូប​ឯកសារ​៖ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ឥស្លាម​លី​ស្បៀងអាហារ​ពី​ជំរំ​ជនភៀសខ្លួន Kutupalong ទៅកាន់​ជំរំ Ukhia នៅ​តំបន់ Cox's Bazar នៃ​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។​
ដោយ: VOA
​ប្រទេស​និង​អង្គការ​អន្តរជាតិ​ផ្ដល់ជំនួយ​អន្តរជាតិ​នានា បាន​រៃអង្គាស​ថវិកា​បាន​ជិត ៦០០ លាន​ដុល្លារ​កាលពី​ថ្ងៃទី ២២ ខែតុលា​កន្លងទៅនេះ ដើម្បី​ជួយ​សម្រាល​ទុក្ខវេទនារ​បស់​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ឥស្លាម​ប្រមាណ ៨ សែន ៦ ម៉ឺន​នាក់ ដែល​បាន​រត់គេច​ពី​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី ៣ ឆ្នាំមុន ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស ស្រប​ពេលដែល​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស ព្រមាន​ថា ខ្លួន​មិនអាច​ទទួល​ជាតិ​សាសន៍​ទាំងនេះ​ឱ្យ​រស់នៅក្នុង​ប្រទេស​រប​ស់​ពួកគេ ជា​រៀងរហូត​បានទេ​។​

 
​លោក Shahriar Alam អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​បង់​ក្លា​ដេ​ស បានបញ្ជាក់​នៅក្នុង​សន្និសីទ​តាម​អន​ឡាញ​នៃ​ក្រុម​ប្រទេស​និង​អង្គការ​ផ្ដល់ជំនួយ​អន្តរជាតិ កាលពី​ថ្ងៃទី ២២ ខែតុលា​ថា​៖
 
«​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បង្កើត​បញ្ហា​នេះ​ឡើង ហើយ​ប្រទេស​នេះ​ត្រូវតែ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​។ ប្រទេស​បង់​ក្លា​ដេ​ស​មិនមាន​តួនាទី​នៅក្នុង​ការបន្ត​ទទួលបន្ទុក​លើ​បញ្ហា​នេះ​តទៅទៀត​ទេ​។ ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​ត្រូវតែ​វិលត្រឡប់​ទៅកាន់​ប្រទេស​ដើម​របស់​ពួកគេ​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​
 
​ប្រទេស​បង់​ក្លា​ដេ​ស​បានទទួល​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​ឱ្យ​ស្នាក់អាស្រ័យ ចាប់តាំងពី​ពួកគេ​បាន​រត់គេចខ្លួន​ចេញពី​រដ្ឋ Rakhine នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ខែសីហា និង​ខែកញ្ញា ឆ្នាំ ២០១៧ មក បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល ដែល​បណ្ដាល​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា​ធ្វើ «​ប្រតិបត្តិការ​បោសសម្អាត​» តបត​វិញ យ៉ាង​ឃោរឃៅ ដែល​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ដូច​ទៅនឹង «​ការលុបបំបាត់​ជាតិ​សាសន៍​» ដូច្នេះ​ដែរ​។​
 
​លោក Filippo Grandi ដែលជា​ប្រធាន​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ បាន​និយាយ​ជាថ្មី​ម្ដង​ទៀតថា គោលដៅ​ចុងក្រោយ​បំផុត គឺ​ធ្វើយ៉ាងណា​ឲ្យ​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​វិលត្រឡប់​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ប៉ុន្តែ​នៅក្រោម​ស្ថានការណ៍​ត្រឹមត្រូវ​។​
 
​លោក Grandi បាន​មានប្រសាសន៍ថា​៖ «​យើង​មិនត្រូវ​ឈប់​រក​ដំណោះស្រាយ​នោះទេ ហើយ​ដំណោះស្រាយ​សំខាន់បំផុត គឺ​ការវិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ [​របស់​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​ទាំងនេះ​]​។ នេះ​គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​»​។​
 
​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ UNHCR បាន​បញ្ជាក់ថា ស្ថានការណ៍​នៅនឹងកន្លែង​នៅ​មិនទាន់​អំ​ណាយ​ផល​នៅឡើយ​ទេ សម្រាប់​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​ក្នុងការ​វិលត្រឡប់​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ប្រកបដោយ​សេចក្តីថ្លៃថ្នូរ សុវត្ថិភាព និង​តាម​ការស្ម័គ្រចិត្ត​។​
 
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិនទាន់​ដោះស្រាយ​មូលហេតុ​ជា​ឬ​សគល់ ដែល​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​រត់គេច​ពី​ផ្ទះសម្បែង​របស់​ពួកគេ ដែល​ក្នុងនោះ​មាន​ទាំង​ការរើសអើង​និង​អំពើហិង្សា​ប្រឆាំងនឹង​ជាតិ​សាសន៍​ទាំងនេះ​ផងដែរ ឬក៏​អនុញ្ញាតឱ្យ​ពួកគេ​អាច​ដើរហើរ​ដោយ​សេរី​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​នោះទេ​។ ក្រៅពីនេះ ក៏​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ដែល​បាន​ធ្វើឡើង​ចំពោះ​ជាតិ​សាសន៍​ទាំងនេះ​ផងដែរ​។​


​រូប​ឯកសារ​៖ ស្ត្រី​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​កំពុងស្នាក់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន នៅ​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​។​

​បន្ថែម​ពីលើ​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា ៨ សែន ៦ ម៉ឺន​នាក់ ដែល​កំពុង​ជ្រកកោន​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ១ សែន ៥ ម៉ឺន​នាក់​ទៀត​កំពុងស្ថិត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ឥណ្ឌា​។ ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៦ សែន​នាក់​ទៀត នៅ​ស្ថិតនៅក្នុង​រដ្ឋ Rakhine នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដដែល ដែល​ក្នុងនោះ​ចំនួន ១ សែន ៤ ម៉ឺន​នាក់ គឺជា​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផ្ទាល់​។​
 
​សន្និសីទ​របស់​ប្រទេស​និង​អង្គការ​ផ្តល់ជំនួយ​អន្តរជាតិ​កាលពី​ថ្ងៃទី ២២ ខែតុលា​កន្លងទៅនេះ ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ​អង្គការ UNHCR សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​។​
 
​សហរដ្ឋអាមេរិក​បាន​ធ្វើ​វិភាគទាន​ច្រើនជាងគេ​បំផុត ដោយបាន​ប្រកាសថា នឹង​ផ្តល់ជំនួយ​ថ្មី​ចំនួន​ជិត ២០០ លាន​ដុល្លារ ដោយ​នាំឱ្យ​ការរួមចំណែក​សរុបរ​បស់​សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំ ២០២០ នេះ មាន​ចំនួន​ជាង ៤៣៧ លាន​ដុល្លារ សម្រាប់​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា និង​ការរួមចំណែក​សរុប​តាំងពី​ឆ្នាំ ២០១៧ មក មាន​ចំនួន​ជាង ១ ពាន់ ២ រយ​លាន​ដុល្លារ​។​
 
​រដ្ឋាភិបាល​មួយចំនួនទៀត​ក៏បាន​ប្រកាស​អំពី​ការសន្យា​ថ្មីៗ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការសិក្សាអប់រំ ការឆ្លើយតប​និង​ការបង្ការ​ជំងឺ​កូ​វីដ​១៩ ការការពារ និង​ជំនួយ​ខាង​ម្ហូបអាហារ និង​ខាង​សុខភាព​។​
 
​វិភាគទាន​ទាំងនេះ​ក៏​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បង្កើន​សកម្មភាព​នានា​នៅក្នុង​រដ្ឋ Rakhine ផងដែរ ដើម្បី​បង្កើត​ស្ថានភាព​សម្រាប់​ការធ្វើ​មាតុភូមិ​និវត្ត​របស់​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា និង​ដើម្បី​សម្រាល​សម្ពាធ​លើ​សហគមន៍​នានា នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស ដែល​បានផ្ដល់​កន្លែង​ជ្រកកោន​ឲ្យ​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា​ទាំងនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com