អន្តរជាតិ
កូរ៉េខាងត្បូង​សន្យា​បញ្ឈប់​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​លើ​កម្រិត​នៅ​ឆ្នាំ ២០៥០
01, Nov 2020 , 9:29 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in ថ្លែងទៅកាន់សភា។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in ថ្លែងទៅកាន់សភា។ រូបភាព៖ AFP
ដោយ៖​កង ម៉េង​ហុង
 ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បានប្រកាសថា កូរ៉េខាងត្បូង​នឹង​ព្យាយាម​សម្រេច​ឲ្យ​បាន​គោលដៅ​បញ្ឈប់​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​លើស​កម្រិត​នៅត្រឹម​ឆ្នាំ​២០៥០ ។ ការ​ឈានទៅ​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ចនេះ​មាន​ចំណែក​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។


 ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បាន​សន្យាថា​ប្រទេស​របស់លោក​នឹង​ព្យាយាម​ធ្វើឱ្យ​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​លើស​កម្រិត​ឲ្យ​បានសម្រេច​នៅត្រឹម​ឆ្នាំ ២០៥០​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ក្នុង​សុន្ទរកថា​ទៅកាន់​សភា លោក Moon បាន​និយាយថា​៖« ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ការប្រែប្រួល​អាកាសធាតុ យើង​នឹង​ខិតខំ​លុបបំបាត់​ការ​បំ​ភាយ​កាបូន​និ​ច​លើ​កម្រិត​ឲ្យ​បាន​នៅ​ឆ្នាំ ២០៥០» ។​
 
​យ៉ាងណាក៏ដោយ​ការឈាន​ទៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​នេះ​ទាំងស្រុង​ទៅកាន់​បរិយាកាស មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កូរ៉េខាងត្បូង​ទេ ដ្បិតថា ប្រទេស​នេះ​បន្ត​ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម និង​ថាមពលនុយក្លេអ៊ែរ​ផង​នោះ​។ 
 
​យោងតាម​តួលេខ​ពី​ទីភ្នាក់ងារ​ថាមពល​អន្ត​រ​ជាតិ ធ្យូងថ្ម​មាន​ចំណែក​រហូតដល់ ៤០ ភាគរយ​ឯណោះ​ក្នុង​ថាមពលអគ្គីសនី​ដែល​ផលិត​បាន​សរុប​ក្នុងប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លេខ​រៀង​ទី ១២ របស់​ពិភពលោក​។​
 
​ជុំវិញ​ការប្តេជ្ញាចិត្ត​នេះ ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​អះអាងថា រដ្ឋាភិបាល​ខ្លួន​នឹង​វិនិយោគ​លុយ​ប្រមាណ ២,៤ ពាន់​ពាន់​លាន​វ៉ុ​ន (២,១ ពាន់​លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំក្រោយ ដើម្បី​ជំនួស​ការផលិត​ថាមពល​ពី​ធ្យូង​និង​ជំនួស​មកវិញ​ដោយ​ថាមពល​កកើត​ឡើងវិញ​។  រដ្ឋាភិបាល​ក៏​នឹង​វិនិយោគ​លុយ ៤,៣ ពាន់​ពាន់​លាន​វ៉ុ​ន​ផ្សេងទៀត ដើម្បី​បង្កើន​ចំនួន​ស្ថានីយ​សាក​ថ្ម​សម្រាប់​យានយន្ត​អគ្គិសនី​។​
 
​ទន្ទឹម​ជាមួយគ្នានេះ ក្រុង​សេ​អ៊ូ​ល​គ្រោង​នឹង​កាត់បន្ថយ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ពី​ចំនួន​២៤ ក្នុងពេល​បច្ចុប្បន្ន ដែលជា​ចំនួន​មួយ​ខ្ពស់បំផុត​លើ​ពិភពលោក​ឲ្យ​នៅត្រឹម​១៧ ក្នុង​ឆ្នាំ ២០៣៤ ខាងមុខ​។​
 
​ការប្រកាស​ជំហរ​បន្ថយ​ការបំពុល​បរិយាកាសរ​បស់​មេដឹកនាំ​កូរ៉េខាងត្បូង ធ្វើឡើង​ក្រោយពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង ប្រកាសថា​ចិន​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​បំពុល​ពិភពលោក​ខ្លាំងជាងគេ​នឹង​ព្យាយាម​បង្កើន​កម្រិត​បំ​ភាយ​ឧស្ម័ន​ឲ្យ​ដល់​កម្រិត​បរិ​មា​នៅ​ឆ្នាំ ២០៣០ និង ធានាថា គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​នេះ​លើស​កម្រិត​នៅត្រឹម​ឆ្នាំ ២០៦០​។ 
 
​បន្ទាប់មក គេ​ឃើញ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga ក៏​ចេញមុខ​ប្រកាស​ដែរ​នៅ​សប្តាហ៍​នេះ​ថា ជប៉ុន​នឹង​ក្លាយជា​ប្រទេស​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​លើស​កម្រិត​នៅ​ឆ្នាំ ២០៥០​។​
 
​ខណៈដែល​ការឈាន​ទៅ​បន្ថយ​ឧស្ម័ន​កាបូ​និ​ច​ពឹង​ផ្អែកលើ​ការផ្លាស់ប្តូរ​ប្រភព​ថាមពល​អគ្គិសនី គេ​សង្ឃឹមថា កូរ៉េខាងត្បូង​នឹង​ឈានទៅ​បង្កើន​ការផលិត​ថាមពល​ចេញពី ខ្យល់ ទឹក និង ថាមពល​ពន្លឺព្រះអាទិត្យ​ត​នៅពេល​ឆាប់ៗ​។ 
 
​លោក Joojin Kim នៃ​ស្ថាប័ន​ដំណោះស្រាយ​សម្រាប់​អាកាសធាតុ​ដែលជា​ក្រុម​តស៊ូ​មតិ​លើ​បញ្ហា​បរិស្ថាន​នោះ​មានប្រសាសន៍ថា «​ការកម្រិត​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​នៅ​ឆ្នាំ ២០៥០» នឹង​មិនអាច​ត្រូវបាន​សម្រេច​ដោយ​គ្មាន​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នៅក្នុង​គោលនយោបាយ​ថាមពល​របស់​កូរ៉េខាងត្បូង​ទេ​។ 
«​កូរ៉េខាងត្បូង​ត្រូវតែ​បញ្ឈប់​ការសាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​ជាបន្ទាន់ ហើយ​ចាប់ផ្តើម​ជំនួស​ធ្យូងថ្ម​ដែលមាន​ស្រាប់​ជាមួយនឹង​ការផ្គត់ផ្គង់​ថាមពល​កកើត​ឡើងវិញ​»​។ អ្នកជំនាញ​រូបនេះ​អះអាង​ដូច្នេះ​៕
 

Tag:
 កូរ៉េខាងត្បូង​
  ឧស្ម័ន​កាបូ​និ​ច​
  ប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com