អន្តរជាតិ
ហេតុអ្វី​បានជា សត្វ​អូដ្ឋ អាច​ទ្រាំ​អត់​ទឹក​ផឹក​បានយូរ​ម្ល៉េះ​?
31, Oct 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖​គី ចំណា
 
​ធម្មជាតិ​តែងមាន​លក្ខណៈពិសេស​រៀ​ងៗ​ខ្លួន ចំពោះ​ការរស់នៅ និង​ការបន្ត​ពូជ​ទៅកាន់​ជំនាន់​ក្រោយ​។ ធម្មជាតិ​តែង​បង្កើត​សត្វ​និ​មួយៗ​ឡើង​ជាមួយនឹង​របៀប​រស់នៅ​ផ្សេងៗ ដាច់ដោយឡែក​ពីគ្នា ទាំង​នៅលើ​ដី ក្នុង​ទឹក ឬ​នៅក្នុង​អាកាស​។ ក្នុងនោះ​មាន​សត្វ​មួយ​ដែលមាន​លក្ខណៈពិសេសរ​បស់​ខ្លួន​ក្នុងការ​អត់ទ្រាំ​ទឹកបាន​យូរ នៅក្នុង​ទីវាល​លំហ​ក្តៅ​ខ្លាំង ពិបាក​ក្នុង​ការរស់នៅ​។

 
​វា​ក៏​ជា​សត្វ​ដែលជា​ប្រយោជន៍​មួយ​ប្រភេទ​ដែល​មនុស្ស​ប្រើប្រាស់​ជា​កម្លាំង​ក្នុងការ​ដឹកជញ្ជូន​អស់​ពេល​ជា​រាប់ពាន់​ឆ្នាំ​មកហើយ ដោយ​ឆ្លងកាត់​វាលលំហ​ខ្សាច់​រាប់ម៉ឺន​គីឡូម៉ែត្រ ពី​ទ្វីប​មួយ​ទៅកាន់​ទ្វីប​មួយទៀត​។ គេ​ហៅ​វា​ថា​«​អូដ្ឋ​»​ជាមួយនឹង​រូបរាង​ដែល​ងាយស្រួល​ចំណាំ​របស់​វា​គឺ​បូក​ខ្ពស់ៗ​លេច​ចេញពី​ខាងលើ​ខ្នង​។ វា​មិនមែន​ចម្លែក​នោះទេ​ដែលថា​វា​អាច​អត់ទ្រាំ​ជាមួយនឹង​ភាព​ខ្សត់​នៃ​ទឹក​បានយូរ ប៉ុន្តែ​សំណួរ​គឺ​នៅត្រង់ថា ហេតុអ្វី​បានជា​សត្វ​មួយ​នេះ​អត់​រស់នៅ​ដោយ​អត់​ទឹក​បានយូរ​ម្លេះ​?
 
​តាមពិតទៅ បូក​របស់​សត្វ​អូដ្ឋ​គឺជា​កន្លែង​ដែល​សត្វ​មួយ​នេះ​ស្តុក​ទុក​អាហារ​ដែល​ខ្លួនប្រាណ​ប្រើប្រាស់​ជា​ថាមពល​ក្នុង​ទម្រង់​ជា​មូ​លេ​គុល​ខ្លាញ់​។ ស្រដៀង​គ្នា​ជាមួយនឹង​ក្បាលពោះ​របស់​មនុស្ស​ដែរ​។ អាហារ និង​សារ​ធាតុទឹក​ត្រូវបាន​ចម្រាញ់​ទុក​នៅក្នុង​សារី​រា​ង្គ​បូក​របស់​វា​។ 
 
​គេហទំព័រ How Stuff Works បាន​បង្ហាញថា បូក​របស់​សត្វ​អូដ្ឋ​និង​មាន​លក្ខណៈ​កាន់តែ​តូច​ទៅៗ​នៅពេលដែល​វា​ប្រើប្រាស់​ថាមពល​កាន់តែច្រើន​។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ដែល​សត្វ​អូដ្ឋ​មាន​អាហារ​គ្រប់គ្រាន់ បូក​នឹង​អាច​ដុះ​ធំ​ឡើងវិញ​ក្នុង​រយៈពេល​ដែល​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ នៅ​រដូវ​រៀង​ត្រជាក់​បន្តិច​នៃ​វាលលំហ​ខ្សាច់ សត្វ​អូដ្ឋ​ខ្លះ​ត្រូវបាន​គេ​រកឃើញថា​អាច​រស់នៅ​រហូត​ទៅដល់​៦​ទៅ​៧​ខែ​ដោយ​មិន​ផឹកទឹក​សោះ​។ 
 
​តែ​ទោះបីជា​យ៉ាងនេះ​មែន អូដ្ឋ​មួយចំនួន​ក៏ត្រូវ​ការ​ស៊ី​រុក្ខជាតិ​ដែល​ដុះ​នៅតាម​វាលលំហ​ខ្សាច់​ដូចជា​ពពួក​ដើម​ដំបងយក្ស​ក្នុង​ការទាញយក​សារធាតុ​ទឹក​ខ្លះៗ​ផងដែរ​។ ពីព្រោះថា ដើម​ដំបង​ទាំងនោះ​សម្បូរ​ទៅ​ដោយសារ​ធាតុទឹក​ច្រើនណាស់​។ 
 
​មួយវិញទៀត ជីវសាស្ត្រ​ខ្លួនប្រាណ​របស់​សត្វ​អូដ្ឋ​មាន​លក្ខណៈពិសេស​ជាង​ខ្លួនប្រាណ​របស់​ថនិកសត្វ​ដទៃ​។ សត្វ​អូដ្ឋ​អាច​ផ្លាស់ប្តូរ​សីតុណ្ហភាព​ក្នុង​ខ្លួនប្រាណ​របស់ខ្លួន​ឲ្យ​បាន​ខុសគ្នា​ខ្លាំង​ក្នុងពេល​តែមួយ​។ សត្វ​មួយ​នេះ​អាចមាន​សីតុណ្ហភាព​ក្នុង​ខ្លួន​ពី​៣៣​អង្សា​សេរ​ហូត​ទៅដល់​៤០​អង្សា​សេ​។ អូដ្ឋ​ក៏​អាច​រក្សា​សីតុណ្ហភាព​ខួរក្បាល​ឲ្យ​នៅ​ទាប​ល្អ ទោះបីជា​ផ្នែក​នៃ​រា​ង្គ​កាយ​ផ្សេងៗ​មាន​លក្ខណៈ​ក្តៅ​ខ្លាំង​ក៏ដោយ ក្នុងការ​ការពារ​ខួរក្បាល​ពី​ការ​រលាក​។ 
 
​សម្រាប់​មនុស្ស ការបាត់បង់​ជាតិ​ទឹក​ត្រឹមតែ​១៥​ភាគរយ​នៃ​ជាតិ​ទឹក​សរុប​ក្នុង​ខ្លួនប្រាណ​អាចធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។ តែ​សម្រាប់​សត្វ​អូដ្ឋ​វិញ តួរ​លេខ​នេះ​អាច​ធ្លាក់​រហូត​ទៅដល់​៤០​ភាគរយ​។ បើ​និយាយ​អំពី​ឈាម​វិញ សត្វ​អូដ្ឋ​មាន​កោសិកា​ឈាមក្រហម​រាង​ពងក្រពើ ឬ​អេ​លី​ប​សូ​អី​ត ខុសពី​មនុស្ស​ដែលមាន​រង្វង់​បែប​សំប៉ែត​។ បែបនេះ​អាចធ្វើ​ឲ្យ​ឈាម​សត្វ​អូដ្ឋ​អាច​ហូរ​ទៅ​ស្រួល​បាន​ទោះបីជា​ខ្វះ​ជាតិ​ទឹក​ក៏ដោយ​។ សត្វ​អូដ្ឋ​ក៏មាន​ប្រដាប់​រំលាយ​អាហារ​ពិសេស​ផងដែរ​។ 
 
​ពោះវៀន​របស់​សត្វ​អូដ្ឋ​ចម្រាញ់​ជាតិ​ទឹក​ខ្លាំង​ចេញពី​អាហារ​ដែល​វា​បាន​ស៊ី ហើយ​លាមក​របស់​ពួកវា​មិនសូវ​ជាមាន​សំណើម​ច្រើន​នោះឡើយ​។ វា​ក៏​ជា​សត្វ​ដែល​បញ្ចេញ​ទឹកនោម​តិចជាង​ថនិកសត្វ​ផ្សេងៗ​ទៀត​ដែរ​។ អូដ្ឋ​តែង​បែរមុខ​ទៅរក​ថ្ងៃ​ក្តៅ​នៅពេល​សម្រាក​ក្នុងការ​ការពារ​ខ្លួនប្រាណ​ទាំងមូល​ពី​កម្តៅ​ព្រះអាទិត្យ ជាមួយ​ពេល​តែមួយ សត្វ​មួយ​នេះ​ក៏​មិនសូវ​ជា​បែកញើស​ច្រើន​ប៉ុន្មាន​នោះដែរ​។ 
 
​នៅពេល​ដល់​ប្រភពទឹក សត្វ​អូដ្ឋ​អាច​ផឹកទឹក​បាន​រហូត​ទៅដល់​១១៣​លីត្រ​ក្នុងពេល​១៣​នាទី​។ ទាំងអស់​នៅ​ហើយ​ដែល​ធ្វើ​ឲ្យ​សត្វ​វាល​ខ្សាច់​មួយ​នេះ​អាច​រស់នៅ​កន្លែង​ដែល​លំបាក​ខ្លាំង​បានយូរ និង​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើការ​ស្រាវជ្រាវ រុករក និង​កសាង​អាណាចក្រ​របស់ខ្លួន​នៅលើ​ទឹកដី​ទាំងនោះ​តាំងពី​រាប់ពាន់​ឆ្នាំ​
​មុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com