សង្គមអន្តរជាតិ​
អន្តរជាតិ
ស្រីលង្កា ផ្ដើម​បញ្ជូន​សំរាម​ខុសច្បាប់​២៤២​កុង​ទឺ​ន័​រ​ត្រលប់​ទៅ​អង់គ្លេស​វិញ​
31, Oct 2020 , 5:59 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ស្រីលង្កា បានចាប់ផ្ដើម​ដឹកបញ្ជូន​សំរាម ២៤២ កុង​ទឺ​ន័​រ ត្រលប់​ទៅ​ឲ្យ​ចក្រភព​អង់គ្លេស វិញ ក្រោយ​តតាំង​រឿងក្តី​២​ឆ្នាំ​។ មន្ត្រី​ស្រីលង្កា បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ៣១ ខែតុលា​។

 
​កាកសំណល់​វេជ្ជសាស្ត្រ ២០ កុង​ទឺ​ន័​រ​ដំបូង ដែល​រួមទាំង បំណែក​ខ្មោច​ពី​បន្ទប់​រក្សា​សាកសព​ក្នុង​មន្ទីរពេទ្យ ត្រូវបាន​ដឹក​តាម​នាវា​ឆ្ពោះទៅកាន់​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី ៣០ ខែតុលា ហើយ​សំរាម ៦៥​កុង​ទឺ​ន័​រ​ផ្សេងទៀត នឹងត្រូវ​ដឹកបញ្ជូន​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ខាងមុខ​ផងដែរ​។ អ្នកនាំពាក្យ​នាយកដ្ឋាន​គយ​ស្រ​លី​ង្កា Sunil Jayaratne  បានបញ្ជាក់​បែបនេះ ។​
 
​បើតាម​លោក Jayaratne សំរាម​ទាំង​២៤២ កុង​ទឺ​ន័​រ​នេះ នឹងត្រូវ​ដឹក​ជា​បន្តបន្ទាប់ នៅពេល​ដែលមាន​នាវា​ទំនេរ​សម្រាប់​ដឹក​ពួកវា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តុលាការ​ឧទ្ធរណ៍​ស្រីលង្កា កាលពី​២​សប្ដាហ៍​មុន បានចេញ​បញ្ជា​ឲ្យ​ដឹកបញ្ជូន​ត្រលប់​ទៅវិញ​នូវ​កាកសំណល់​ពី​មន្ទីរពេទ្យ និង​សំរាម​ប្លា​ស្ទិ​ក​រាប់សិប​តាន ដែល​បាន​នាំចូល​ខុសច្បាប់​ពី​បរទេស​។ ការដឹក​សំរាម​នេះ បាន​មកដល់​ទឹកដី​ស្រីលង្កា ចន្លោះ​ពី​ខែកញ្ញា ឆ្នាំ ២០១៧ និង ខែមករា ឆ្នាំ​២០១៨​។ 
 
​ក្នុង​ខែកញ្ញា សំរាម​ប្រមាណ ២៦០​តោន ដែល​ដាក់​ក្នុង​២១​កុង​ទឺ​ន័​រ ត្រូវបាន​បញ្ជូន​ត្រលប់​ទៅវិញ ក្រោយ​ចក្រភព​អង់គ្លេស យល់ព្រម​ទទួលយក​វិញ​។ 
 
​ម្យ៉ាងវិញទៀត អាជ្ញាធរ​ស្រីលង្កា បាន​រកឃើញ​សំរាម​ថ្មី ក្រោយ​សកម្មភាព​ផ្លូវច្បាប់ បានចាប់ផ្ដើម​ប្រឆាំងនឹង​សំរាម​២៤២​កុង​ទឺ​ន័​រ ដែល​ស្ថិតក្នុង​កំពង់ផែ​កូឡុំបូ និង​តំបន់​ពាណិជ្ជកម្ម​សេរី​ក្បែរ​រដ្ឋធានី​។  ខាង​នាយកដ្ឋាន​គយ​ស្រីលង្កា អះអាងថា កុង​ទឺ​ន័​រទាំង​អស់ ដែល​បាន​ដឹក​ចូល​ប្រទេស​ខ្លួន គឺ​ខុសច្បាប់​។ 
 
​ការស៊ើបអង្កេត​មួយ​របស់​អាជ្ញាធរ​ស្រីលង្កា ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំមុន​លើ​សំរាម​នាំចូល​ខុសច្បាប់ ៣០០០​តោន បាន​រកឃើញថា អ្នក​នាំចូល​សំរាម បាន​បង្វែរ​ទិសដៅ​ដឹក​សំរាម​ពួកគេ​ប្រមាណ ១៨០​តោន​ទៅកាន់​ឥណ្ឌា និង​ឌូ​បៃ ចន្លោះ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ 
 
​ក្រៅពី​ស្រីលង្កា ប្រទេស ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ក៏បាន​ដឹកបញ្ជូន​សំរាម​ខុសច្បាប់​រាប់​តោន​ត្រលប់​ទៅ​ប្រទេស​ដើម​របស់​ពួកវា​ផងដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com