ជាតិ
បុណ្យអុំទូក
​សៀមរាប ព្រះសីហនុ និង កំពត ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ រយៈពេល​២​ថ្ងៃ​នៃ​ការឈប់​សម្រាក​
31, Oct 2020 , 6:29 pm        
រូបភាព
​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត បាន​បង្ហាញថា នៅ​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ច្រើនជាងគេ ក្នុងចំណោម​បណ្ដា​ខេត្ត​ទូទាំងប្រទេស​។



​ថ្ងៃទី​២៩ ខែតុលា ជា​ថ្ងៃ​ឈប់សម្រាក ក្នុង​ពិធី​រម្លឹក​ខួប​១៦​ព្រះវស្សា​នៃ​ការឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះបាទ នរោត្តម សីហមុនី ហើយ​ថ្ងៃទី​៣០ ខែតុលា ជា​ថ្ងៃទី​១​នៃ​ការឈប់​សម្រាក​ក្នុង​ពិធី​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ប​ណ្តែ​ង​ប្រទីប​។  
 
​បើតាម​របាយការណ៍ ក្នុង​រយៈពេល​២​ថ្ងៃនេះ ខេត្តសៀមរាប ឈរ​លេខ​១ ដែលមាន​ភ្ញៀវទេសចរ​សរុប​ជាង​៥,៨​ម៉ឺន​នាក់ ហើយ​ខេត្តកំពត​ឈរ​លេខ​២ ដែលមាន​ភ្ញៀវទេសចរ​សរុប​ជាង​២​ម៉ឺន​នាក់ ខណៈ​ខេត្ត​ព្រះសីហនុ ស្ថិតនៅ​លេខ​៣  ដែលមាន​ភ្ញៀវទេសចរ​សរុប​ជាង​១,៨​ម៉ឺន​នាក់​។​
 
​របាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​២​ថ្ងៃនេះ ភ្ញៀវទេសចរ ដែល​បាន​ដើរ​កម្សាន្ត​ទូទាំងប្រទេស​មាន​ជាង​២០​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ភ្ញៀវទេសចរ​បរទេស មាន​ជាង​៣,៣​ពាន់​នាក់​។​
​សូមបញ្ជាក់ថា ក្នុងឆ្នាំនេះ រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​រៀបចំ​ត្រឹម​ពិធី​អកអំបុក សំពះ​ព្រះ​ខែ បណ្តែតប្រទីប​ប៉ុណ្ណោះ តែ​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រណាំងទូក​ឡើយ ព្រោះ​បារម្ភ​ពី​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕ 

© រក្សាសិទ្ធិដោយ thmeythmey.com