សុខភាព
អន្តរជាតិ
វេជ្ជបណ្ឌិតចិនទាញយកដង្កូវអៀន២០ក្បាលចេញពីភ្នែកបុរសម្នាក់
× បុរសជនជាតិចិនម្នាក់ដែលរស់នៅក្រុង Suzhou ខេត្ត Jiangsu គិតគាត់ធ្វើការងារច្រើនពេកទើបបណ្តាលឲ្យឈឺភ្នែក។ ក្រោយឈឺមិនបាត់អស់រយៈពេលជាច្រើនខែ គាត់បានសម្រេចទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានឆ្លុះឃើញថា ភ្នែកគាត់មានដង្កូវអៀនរស់រហូតដល់ទៅ២០ក្បាលឯណោះ។
តាមការផ្សាយរបស់ Daily Star អ្នកជំងឺដែលគេកំណត់អត្តសញ្ញាណត្រឹមឈ្មោះថា លោក Wan មានអាយុ៦០ឆ្នាំ។ ក្រុមគ្រូពេទ្យនៅ Suzhou Hospital បាននាំគ្នាចាប់យកអៀនរស់២០ក្បាល ចេញពីត្របកភ្នែកស្តាំរបស់គាត់។
វេជ្ជបណ្ឌិត Xi Ting ដែលដឹកនាំប្រតិបត្តិការវេជ្ជសាស្ត្រដើម្បីចាប់អៀនចេញពីត្របកភ្នែកលោក Wan មិនទាន់រកឃើញមូលហេតុពិតប្រាកដដែលនាំឲ្យបរាសិតទៅរស់នៅក្នុងត្របកភ្នែកនោះឡើយ ខណៈលោក Wan អះអាងថា លោកមិនដែលបានប៉ះពាល់ ឬជិតស្និទ្ធជាមួយសត្វចិញ្ចឹមទាល់តែសោះ។
អៀនជាបរាសិត Nematodes តូចៗនៅក្នុងពោះវៀន និងទ្វារធំ ដែលបង្កឲ្យរមាស ហើយក៏មាននៅលើ ឆ្កែ ឆ្មា និងសត្វមួយចំនួនផងដែរ។ បើតាមលោក Xi Ting វាប្រើពេលពី១៥ ទៅ២០ថ្ងៃ ដើម្បីវិវត្តន៍ខ្លួនពីដង្កូវ ទៅជាព្រូន។
លោក Xi Ting បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នលើអនាម័យសត្វ ដើម្បីកុំឲ្យបរាសិតដូចជាអៀន អាចឆ្លងទៅកាន់មនុស្ស ហើយក្នុងករណីសង្ស័យ ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com