សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស តូនី ប្លៀរ សន្យាជួយកៀរគរវិនិយោគល្អៗឲ្យវៀតណាម
01, Nov 2020 , 7:59 pm        
រូបភាព
ដោយ:
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្លៀរ (Tony Blair) នៅថ្ងៃ២៧ តុលាកន្លងទៅ បានមានកិច្ចសន្ទនាមួយជាមួយនឹងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម ប៊ិញមិញ (Phạm Bình Minh) ដោយកិច្ចសន្ទនានោះភាគីទាំងពីរ បានផ្តោតសំខាន់មធ្យោបាយ និងយុទ្ធសាស្ត្រដើម្បីងើបចេញពីប៉ះពាល់សេដ្ឋកិច្ចវៀតណាមពីវិបត្តិ Covid-19។ ការទាញវិនិយោគបរទេសដោយផ្ទាល់ដែលមានគុណភាពទៅកាន់វៀតណាម គឺជាប្រធានចម្បងសម្រាប់មេដឹកនាំទាំងពីរ។

 
នាកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយប្រមុខការទូតវៀតណាមលោក ផាម ប៊ិញមិញ លោក តូនី ប្លៀរ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់វៀតណាមក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងនៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានសេដ្ឋកិច្ចលូតលាស់វិជ្ជមានក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
 
តាមប្រភពព័ត៌មានដដែល អតីតមេដឹកនាំកំពូលអង់គ្លេស និងបច្ចុប្បន្នជានាយកប្រតិបត្តិវិទ្យាស្ថាន Tony Blair Institute for Global Change បានលើកយកតួនាទីនៃការអនុវត្តប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងវិបត្តិ Covid-19។ លោក ក៏បានគូសបញ្ជាក់ពីលទ្ធភាពកិច្ចសហប្រតិបត្តិការអនុវត្តប្រព័ន្ធគ្រប់គ្រងសុខភាពឌីជីថល ដើម្បីឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតនៅវៀតណាមផងដែរ។
 
ដោយឡែកសម្រាប់បញ្ហាសេដ្ឋកិច្ចវិញ លោក តូនី ប្លៀរ បានមើលឃើញពីការបន្តវិវត្តន៍លើបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែល្អប្រសើររបស់វៀតណាម ក៏ដូចជាដំណើរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាពអឺរ៉ុបនិងវៀតណាម ( EVFTA) ដែលចំណុចនេះ លោក ចាត់ទុកវៀតណាមដូចជា មេដែកមួយសម្រាប់ឆក់យកលំហូរវិនិយោគបរទេសដោយផ្ទាល់របស់សកល។ 
 
ជាងនេះទៀត អតីតនាយករដ្ឋមន្ត្រីអង់គ្លេសដែលធ្លាប់កាន់តំណែងយូរជាងរូបនេះ ក៏បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការជួយវៀតណាមទាក់ទាញវិនិយោគដែលមានគុណភាពខ្ពស់ ទៅបណ្តាក់ទុននៅវៀតណាមទៀតផង។
 
តាមពិតទៅ នេះ មិនមែនជាលើកដំបូងនោះទេ ដែល លោក តូនី ប្លៀរ បង្ហាញពីគោលជំហរចង់ជួយវៀតណាមនោះ។ លោក តូនី ក្រោយបញ្ចប់អាណត្តិជានាយករដ្ឋមន្ត្រីអង់គ្លេស (១៩៩៧ ដល់២០០៧) បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាក្រុមប្រឹក្សាយោល់ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអង់គ្លេស និងសហភាពអឺរ៉ុប ជាមួយនឹងវៀតណាម។
 
ជាការកត់សម្គាល់ផងនោះ ថ្មីៗនេះ ប្រតិភូជាន់ខ្ពស់របស់អង់គ្លេស ក៏ទើបតែបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់វៀតណាមផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះ ក្រៅពីការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម អង់គ្លេស ក៏បានស្វែងយល់ពីនីតិវិធីផ្សេងៗពីវៀតណាម ក្នុងដំណើរចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងមុខមាត់ថ្មីរបស់អង់គ្លេស បន្ទាប់ពីចាកចេញជាផ្លូវការពីសហភាពអឺរ៉ុប៕ 
 

Tag:
 អង់គ្លេស
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com