សង្គមអន្តរជាតិ​
អន្តរជាតិ
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យុ​ង​បាក់ វិល​ចូល​គុក ក្រោយ​តុលាការ​សម្រេច​ឲ្យ​អនុវត្ត​ទោស
02, Nov 2020 , 10:39 pm        
រូបភាព
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់ ស្វាគមន៍អ្នកគាំទ្រមុនចូលតុលាការ កាលពីខែកុម្ភ ឆ្នាំ២០២០ ។ រូបភាព៖ Yonhap
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់ ស្វាគមន៍អ្នកគាំទ្រមុនចូលតុលាការ កាលពីខែកុម្ភ ឆ្នាំ២០២០ ។ រូបភាព៖ Yonhap
ដោយ:
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ម្យុ​ង​បាក់ បាន​ត្រឡប់​ទៅកាន់​ពន្ធនាគារ​វិញ​ហើយ នៅ​ថ្ងៃទី ២ ខែវិច្ឆិកា ក្រោយ​តុលាការ​កំពូល​កូរ៉េខាងត្បូង សម្រេច​ឲ្យ​លោក​អនុវត្ត​ទោស​ដាក់គុក​១៧​ឆ្នាំ​ក្នុង​រឿងក្តី​ពុករលួយ​។ លោក លី បាន​នៅក្រៅ​ឃុំ​តាំងពី​ខែកុម្ភៈ ដើម្បី​ប្ដឹង​ប្រឆាំង​ការសម្រេចចិត្ត​របស់​តុលាការ​ឧទ្ធរណ៍​ដែល​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់លោក​។

 
​លោក លី ម្យុ​ង​បាក់ បាន​ចាក​ចេញពី​លំនៅដ្ឋាន​លោក​ក្នុង​ភាគខាងត្បូង​នៃ​រដ្ឋធានី​សេ​អ៊ូ​ល ដោយ​ជិះ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយគ្រឿង កាត់មុខ​អ្នកកាសែត​យ៉ាងច្រើន ក៏ដូចជា​អតីត​ទីប្រឹក្សា​លោក ដែល​បាន​ឈរ​ចាំ​នៅមុខ​ផ្ទះ​លោក ។ ប៉ុន្តែ​លោក លី អត់​បាន​និយាយ​អ្វី​ឡើយ ហើយ​គេ​ក៏​មិនអាច​មើលឃើញ​លោក​ដែរ ព្រោះតែ​កញ្ចក់​ឡាន​លោក​ខ្មៅ​ងងឹត​ពេក​។ 
 
​លោក លី ដែល​កាន់តំណែង​ប្រធានាធិបតី​កូ​រ៉​ខាងត្បូង​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ត្រូវបាន​គេ​ដឹក​ទៅកាន់​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង​សម្រាប់​ចុះឈ្មោះ​សិន មុនពេល​ផ្ទេរ​ទៅកាន់​គុក​មួយកន្លែង​ក្នុង​ភាគ​ខាងកើត​ទីក្រុង​សេ​អ៊ូ​ល​។ ដោយ​ធ្លាប់បាន​ដេក​គុក​អស់​១​ឆ្នាំ​ហើយ​នោះ ក្រោយ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៨ ទោស​របស់លោក​ដែល​ត្រូវអនុវត្ត នៅសល់តែ​១៦​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ 
 
​ប្រសិនបើ​គ្មាន​ការលើកលែងទោស ឬ​ដោះលែង​មុន​កំណត់​ក្រោម​លក្ខខណ្ឌ​ណាមួយ​ទេនោះ អតីត​ប្រធានាធិបតី​វ័យ ៧៨​រូបនេះ នឹងមិន​អាច​ចាក​ចេញពី​គុក រហូតដល់​ឆ្នាំ ២០៣៦ ដែល​ពេលនោះ លោក​មាន​អាយុ ៩៥​ឆ្នាំ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក លី នឹងត្រូវ​ដេក​ក្នុង​បន្ទប់​១៣​ម៉ែត្រការ៉េ​មួយ ដែលជា​ធម្មតា​ដាក់​អ្នកទោស ៦ ឬ ៧​នាក់ ហើយ​ក្នុង​បន្ទប់​នោះ​មាន​សម្ភារ ដូចជា ទូរទស្សន៍​មួយគ្រឿង ពូក​មួយ បង្គន់ និង​តុ​ដាក់​អីវ៉ាន់​មួយ​។ ដោយសារ​វ័យ​ជរា និង​ធ្លាប់ជា​អតីត​មេដឹកនាំ​កំពូល​របស់​ប្រទេស មន្ត្រី​យាមគុក​ម្នាក់ នឹង​ទទួលខុសត្រូវ​តាមដាន​សុខភាព​លោក លី ២៤​ម៉ោង​ពេញ​។ 
 
​កាលពី​សប្ដាហ៍​មុន តុលាការ​កំពូល​កូរ៉េខាងត្បូង សម្រេច​អនុវត្ត​ការកាត់ទោស​លោក​ឲ្យ​ជាប់គុក​១៧​ឆ្នាំ ក្នុង​បទ​ចោទ​កេងប្រវ័ញ្ច​លុយ ២២​លាន​ដុល្លារ និង​ស៊ីសំណូក​លុយ​ជាង​៨​លាន​ដុល្លារ ។  លោក លី  ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក ១៥​ឆ្នាំ​ក្នុង​ខែតុលា​ឆ្នាំ​២០១៨ ដោយ​តុលាការ​ឧទ្ធរណ៍​។ លោក លី ត្រូវបាន​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ​៥​ខែក្រោយ ក្រោម​ហេតុផល​បញ្ហា​សុខភាព​។ ប៉ុន្តែ​លោក​ត្រលប់​ចូល​គុក​ជាថ្មី ក្នុង​ខែកុម្ភៈ​ខែ​ឆ្នាំ​២០២០ ក្រោយ​តុលាការ​ឧទ្ធរណ៍​កាត់ក្តី​ឲ្យ​លោក​ជាប់គុក​១៧​ឆ្នាំ ហើយ​លុបចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក​។ 
 
​លោក ត្រូវបាន​ដោះលែង​ម្ដងទៀត ៦​ថ្ងៃក្រោយ បន្ទាប់ពី​លោក​បាន​ប្តឹង​ប្រឆាំង​ការសម្រេចចិត្ត​នេះ ហើយ​តុលាការ​បានសម្រេច​ផ្អាក​អនុវត្ត​ទោស​ដាក់គុក​លោក លី នេះ រហូតដល់​សាល​ក្រុម​របស់​តុលាការ​កំពូល​លើ​បណ្ដឹង​របស់លោក ត្រូវបាន​ប្រកាស​។​
 
​សូម​បញ្ជាក់ដែរថា អ្នក​កាន់តំណែង​បន្ទាប់ពី​លោក លី អ្នកស្រី ប៉ាក ហ្គឺ​ន​ហេ ក៏​កំពុង​អនុវត្ត​ទោស​២០​ឆ្នាំ​ក្នុង​គុក​ពីបទ​ស៊ីសំ​ណុ​ក និង​រំលោភ​អំណាច ក្រោយ​អ្នកស្រី​ត្រូវ​ទម្លាក់​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០១៧​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​។ អ្នកស្រី ដេក​ក្នុង​បន្ទប់​ពន្ធនាគារ​ទំហំ ១០​ម៉ែត្រការ៉េ ដែល​តូច​ជាង​របស់លោក លី ផង​។ 
 
​ចំណែក អតីត​មេដឹកនាំ​កូរ៉េខាងត្បូង​ម្នាក់ទៀត លោក Roh Moo-hyun បានបញ្ចប់​ជីវិត​ខ្លួនឯង ក្រោយ​ត្រូវបាន​សាកសួរ​ក្នុង​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​សមាជិកគ្រួសារ​លោក ។ ការស៊ើបអង្កេត​នេះ បាន​កើតឡើង​ក្នុង​អាណត្តិ​លោក លី ជា​ប្រធានាធិបតី​។ លោក Roh ធ្លាប់ជា​អ្នក​បំពាក់បំប៉ន​នយោបាយ​ដល់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ៕
 

Tag:
 កូរ៉េខាងត្បូង​
  លី ម្យុ​ង​បាក់
© រក្សាសិទ្ធិដោយ thmeythmey.com