ជាតិ
ព្រំដែន
សង្គមជាតិ
រដ្ឋសភា អនុម័ត​យល់ព្រម​លើ​ពិធីសារនៃការបោះបង្គោលព្រំដែន ជាមួយ​វៀតណាម​
02, Nov 2020 , 10:59 pm        
រូបភាព
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន ឡើងថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។ រូបពីរដ្ឋសភា
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន ឡើងថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។ រូបពីរដ្ឋសភា
​ក្នុង​កិច្ចប្រជុំពេញអង្គ នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋសភា​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​



​លោក ឡេង ប៉េងឡុង អគ្គ​លេខ​ធិ​ការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម គឺជា​សេចក្តីព្រាងច្បាប់ ស្តីពីការយល់ព្រម លើការបង្គោលរវាងកម្ពុជានិងវៀតណាមកន្លង។ លោក បន្តថា ពិធីសារនេះ គឺបង្ហាញលម្អិតចំនួន ទីតាំង ពណ៌ និង ទំហំនៃបង្គោលព្រំដែន រួមទាំងនិយាមការផងដែរ។

​លោក ពន្យល់ថា ដ្បិតពិធីសារនេះ ត្រូវ​ចុះហត្ថលេខា​យល់ព្រម​ដោយ​រដ្ឋាភិបាលនៃប្រទេសទាំងពីរ​ក្តី ប៉ុន្តែ ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​យល់ព្រម​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា ហើយ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​សិន ទើប​អាច​យកមកអនុវត្ត​បាន​។ លោក​បញ្ជាក់ថា​៖« […] តាមផ្លូវ​ច្បាប់ ​យើង ​ត្រូវធ្វើ​អ៊ីចឹង ទើប​ចូល​ជា​ធរមាន […]»​។   

​បច្ចុប្បន្ន កម្ពុជា​-​វៀតណាម បានធ្វើ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ជាមួយគ្នា បាន​៨៤​ភាគរយ​ហើយ។ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​កិច្ច​ការព្រំដែន​កម្ពុជា​និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផែនទី​ថ្មី មានឈ្មោះ​ជា​ផ្លូវការ​ថា ផែនទី​លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​ប៉ៃ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។

ផែនទី​ខ្នាត ១/២៥ ០០០ គឺជា​ផែនទី ដែល​បង្ហាញ​ពី​ការកំណត់​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​៨៤​ភាគរយ​នេះឯង​។ ផែនទីថ្មី​នេះ ត្រូវបាន​បោះពុម្ព​សរុប​៥០០​ផ្ទាំង ដោយ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២៥០​ផ្ទាំង ប្រគល់​មក​ឲ្យ​កម្ពុជា ហើយ​២៥០​ផ្ទាំង ប្រគល់​ទៅ​ឲ្យ​វៀតណាម​។ ​ភាគ​ទាំងពីរ ប្តេជ្ញាចិត្ត​ទាំងអស់គ្នា ថា​នឹង​ព​ន្លឿ​ន​ឲ្យ​ឆាប់​ចប់​លើ​ការបោះបង្គោល​ព្រំដែន​១៦​ភាគរយ​ទៀត ដែល​នៅសល់​។​

អ្នកនាំពាក្យរដ្ឋសភា ថ្លែងថា៖«ពិធីសារហ្នឹង គឺយក [ផែនទី] ខ្នាត ១/២៥ ០០០ ហ្នឹងហើយ»។
 
​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ពី​ក្រៅប្រទេស​មក ដោយ​ប្រកាស​បដិសេធ​មិន​ទ​ទួល​ស្គាល់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម ដោយ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ យល់​ថា សេចក្តីព្រាងច្បាប់​នេះ គឺ​ខុសច្បាប់​ហើយ​ធ្វើ​ឲ្យ​កម្ពុជា បាត់​ដី​ទៅ​វៀតណាម​។​
 
​យ៉ាងណាក៏ដោយ កន្លងមក គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ ក៏ដូចជា​រដ្ឋាភិបាលកម្ពុជា បកស្រាយ​ជាច្រើន​ដង​មកហើយ​ថា ការបោះ​ប​ង្គោ​ល​ព្រំដែន​និង​ការធ្វើ​ផែនទី​ថ្មី មិន​ធ្វើ​ឲ្យ​កម្ពុជា បាត់​ដី​ទៅ​វៀតណាម​ឡើយ​។ 
 
ក្នុង​ពិធី​ប្រគល់​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៣៥ នៅ​កម្ពុជា ដើម្បី​យកទៅ​ប្រើប្រាស់ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន អះអាងថា កម្ពុជា គ្រោង​យក​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ទៅ​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ លោក ពុំបាន​បញ្ជាក់​ឡើយ​ថា នៅពេលណា​។​
 
ផែនទីលេខាព្រំដែនខ្នាត ១/២៥ ០០០ មានទំហំធំជាងផែនទី UTM ខ្នាត ១/៥០ ០០០ និងធំជាងផែនទីបោនខ្នាត ១/១០០ ០០០។ ​

ដើម្បីដឹងពីទំហំតូច-ធំជាងគ្នារវាងផែនទីមួយទៅផែនទីមួយ គឺ គេ មើលទៅលើមាត្រដ្ឋានឬខ្នាតនៃផែនទីទាំងនោះ។ បើ​មាត្រដ្ឋាន​ឬ​ខ្នាត មាន​តួលេខ​កាន់តែ​តូច គឺ​ផែនទី មាន​ទំហំ​កាន់តែ​ធំ ហើយ​ផ្ទុយ​មកវិញ បើ​មាត្រដ្ឋាន​ឬ​ខ្នាត មាន​តួលេខ​កាន់តែ​ធំ គឺ​ផែនទី មាន​ទំហំ​កាន់តែ​តូច​។ ដូច្នេះ ផែនទី​លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ គឺមាន​ទំហំ​ធំ​ជាង​ផែនទី UTM ខ្នាត ១/៥០ ០០០ ហើយ​ផែនទី UTM ខ្នាត ១/៥០ ០០០ មាន​ទំហំ​ធំ​ជាង​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០​។ 
 
១/២៥ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​២៥ ០០០ សង់ទីម៉ែត្រ ឬ​២៥០​ម៉ែត្រ នៅលើ​ដី​។ ១/៥០ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​៥០ ០០០ សង់ទីម៉ែត្រ ឬ​៥០០​ម៉ែត្រ នៅលើ​ដី​។ ១/១០០ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​១០០ ០០០ សង់ទីម៉ែត្រ ឬ​ស្មើនឹង​១០០០​ម៉ែត្រ ឬ​ស្មើនឹង​១​គីឡូម៉ែត្រ នៅលើ​ដី​៕ 
 

Tag:
 ព្រំដែន​
  កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com