ជាតិ
លោក ប្រាក់ សុខុន ៖ ហុង​គ្រី ជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ ដែល​យល់​ពី​ស្ថានភាព​កម្ពុជា​
03, Nov 2020 , 5:11 pm        
រូបភាព
​ភ្នំពេញ​៖ ហុង​គ្រី ជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ ដែល​យល់​ពី​ស្ថានភាព​របស់​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ថ្លែង​បែបនេះ នៅក្នុង​ជំនួប​លោក ភី​ធ័​រ ហ្សី​យា​តូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី នៅ​ថ្ងៃទី​៣ វិច្ឆិកា នា​ទីស្តីការក្រសួង​។​


​មូលហេតុ​ដែល​លោក ប្រាក់ សុខុន ហ៊ាន​អះអាង​បែបនេះ ដោយ​សម្អាង​លើ​ជំហរ​របស់​ហុង​គ្រី ដែល​ធ្លាប់​ប្រកាស​ជំទាស់​ចំពោះ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប ដែល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)២០​ភាគរយ ពី​កម្ពុជា​។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា ចាត់ទុក​ជំហរ​ដ៏​ក្លាហាន​របស់​ហុង​គ្រី​នេះ សបញ្ជាក់​អំពី​មិត្ត​ដែល​យល់​ពី​ស្ថានភាព​របស់​កម្ពុជា ក្នុងការ​គាំទ្រ​កម្ពុជា​ឱ្យ​ទទួលបាន​យុត្តិធម៌ ដើម្បី​ឆ្ពោះទៅរក​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​លោក ភី​ធ័​រ ហ្សី​យា​តូ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ លោក ប្រាក់ សុខុន បាន​និយាយ​ដូច្នេះ​ថា​៖«​ហុង​គ្រី​គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​។ ហុង​គ្រី​បានផ្តល់​នូវ​ជំនួយ និង​ការគាំទ្រ​មកដល់​កម្ពុជា នៅពេលដែល​ប្រទេស​យើង​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ បន្ទាប់ពី​ងើប​ផុតពី​ភ្លើងសង្គ្រាម​នៃ​របប​ខ្មែរក្រហម​»​។​
 
​លោក ភី​ធ័​រ ហ្សី​យា​តូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ ចុះ​ពីលើ​យន្តហោះ​ភ្លាម លោក​ក៏បាន​ធ្វើដំណើរ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ លោក ភី​ធ័​រ ហ្សី​យា​តូ ក៏​នឹង​ជួប​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​នេះ​ផងដែរ​។ 
 
​ក្រោយ​ជំនួប​នេះ ភាគី​ទាំងពីរ ក៏​នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ចំនួន​៣ រួមមាន​៖១ កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ,២ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី និង​ចុងក្រោយ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។​
 
​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី លោក ភី​ធើ ស៊ី​ចា​តូ​(Péter Szijjártó) មក​បំពេញ​ទស្សនកិច្ច​ផង និង​បើក​ការិយាល័យ​ស្ថានទូត​ហុង​គ្រី​ជា​ផ្លូវការ​នៅ​កម្ពុជា​ផង នៅ​ថ្ងៃទី​៣​វិច្ឆិកា ឆ្នាំ​២០២​០នេះ​។​
 
​កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​លើកដំបូង តាំងពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ​។ ប៉ុន្តែ​២០​ឆ្នាំក្រោយ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ក៏បាន​កាត់ផ្ដាច់​មួយរ​យៈ ដោយសារ​កម្ពុជា​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម នា​ឆ្នាំ​១៩៧៥​។ កម្ពុជា និង​ហុង​គ្រី ក៏បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩ ក្រោយពី​ដួល​រំលំ​របប ប៉ុល ពត ។​
 
​កន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ធ្វើដំណើរ​ទស្សនកិច្ច​២​ដង​មកហើយ នៅ​ហុង​គ្រី មុននឹង​លោក Janos Ader ប្រធានាធិបតី​ហុង​គ្រី មកកាន់​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០១៩ ៕
 
 
 

Tag:
 ​ប្រាក់ សុខុន​
  ហុង​គ្រី
© រក្សាសិទ្ធិដោយ thmeythmey.com