អន្តរជាតិ
ក្រសួងការបរទេសអាមេរិក យល់ព្រមលក់ដ្រូនឲ្យតៃវ៉ាន់តម្លៃ៦០០លានដុល្លារ
× ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់សភាពីការយល់ព្រមរបស់ខ្លួនលើសំណើទិញដ្រូនតម្លៃ៦០០លានដុល្លាររបស់តៃវ៉ាន់។ នេះជាការយល់ព្រមលើគម្រោងទិញអាវុធមួយទៀតរបស់ទីក្រុងវ៉ាស៊ីនតោន បន្ថែមពីលើគម្រោងទិញអាវុធជាច្រើនមុខកាលពីខែមុន។ ក៏មិនខុសពីលើកមុនៗដែរ ចិនប្រាកដជាក្ដៅស្លឹកត្រចៀកមិនខាន។
ក្នុងលិខិតជូនដំណឹងទៅកាន់សភា ក្រសួងការបរទេសអាមេរិកនិយាយនៅថ្ងៃទី៣ ខែវិច្ឆិកា ថា ខ្លួនបានផ្ដល់ភ្លើងបៃតងលើការទិញយានដែលបញ្ជាពីចម្ងាយចំនួនបួនប្រភេទពីសំណាក់តៃវ៉ាន់ និងគ្រឿងបរិក្ខារពាក់ព័ន្ធ ដែលមានតម្លៃសរុប៦០០លានដុល្លារ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា គម្រោងលក់អាវុធនេះ នឹងបម្រើផលប្រយោជន៍ជាតិ សន្តិសុខ និងសេដ្ឋកិច្ចរបស់អាមេរិកតាមរយៈការគាំទ្រតៃវ៉ាន់ក្នុងការបន្តធ្វើទំនើបកម្មអាវុធរបស់ខ្លួន និងដើម្បីធានាសមត្ថភាពការពារខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។ ក្រសួងដដែលបន្តថា៖ «គម្រោងលក់ នឹងជួយបង្កើនសន្តិសុខប្រទេសដែលទិញ និងជួយរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា សេដ្ឋកិច្ច និងដំណើរការក្នុងតំបន់។»
សម្រាប់អាមេរិក ដ្រូនទាំងនេះ ក៏ជួយពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់តាមរយៈការពង្រឹងសមត្ថភាពស៊ើបការណ៍ និងយកការណ៍ ក៏ដូចជាជួយបង្ហាញអានុភាពប្រឆាំងនឹងសកម្មភាពយោធាណាមួយ។ ទោះមិននិយាយចំ អាមេរិកចង់និយាយសំដៅចិនដែលគំរាមប្រើកម្លាំងទ័ពដើម្បីគ្រប់គ្រងតៃវ៉ាន់។
ការលក់ដ្រូនខាងលើ ជាគម្រោងលក់អាវុធចុងក្រោយមួយទៀតរបស់អាមេរិកឲ្យតៃវ៉ាន់។ កាលពីសប្ដាហ៍មុន អាមេរិកទើបផ្ដល់ភ្លើងបៃតងលក់មីស៊ីល Harpoon ឲ្យតៃវ៉ាន់តម្លៃ២.៣៧ពាន់លានដុល្លាររួចហើយ។ វាក៏កើតឡើងក្រោយចិនទើបដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលលក់អាវុធឲ្យតៃវ៉ាន់ផងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com