អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ និងលោក បៃឌិន សង្ឃឹមឈ្នះដូចគ្នា ខណៈលោក បៃឌិន កំពុងនាំមុខ
× បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរ សុទ្ធតែមានសង្ឃឹមខ្ពស់ដូចគ្នាក្នុងការទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកា។ បើតាមលទ្ធផលរាប់សន្លឹកឆ្នោតបណ្ដោះអាសន្ន លោក បៃឌិន កំពុងមានចំនួនប្រតិភូច្រើនជាងលោក ត្រាំ តែលោក ត្រាំ កំពុងនាំមុខលោក បៃឌិន ក្នុងរដ្ឋសំខាន់ៗដែលកំណត់វាសនាបេក្ខជនទាំងពីរ។
ពីរដ្ឋកំណើត Delaware បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន និយាយថា លោកកំពុងឈ្នះក្នុងការបោះឆ្នោតដ៏ស្រួចស្រាល។ លោកប្រាប់អ្នកគាំទ្ររបស់លោកថា៖ «យើងជឿថា យើងស្ថិតលើផ្លូវឈ្នះការបោះឆ្នោតនេះ។ បន្តជឿជាក់អ្នកទាំងអស់គ្នា យើងនឹងឈ្នះ។»
យ៉ាងណាមិញ លោក បៃឌិន ក៏ព្រមានដែរថា ការបោះឆ្នោតសំបុត្រដែលជាលទ្ធផលនៃការរាលដាលជំងឺ COVID-19 នឹងធ្វើឲ្យការចេញលទ្ធផលចំណាយពេលយូរ។
ភ្លាមៗនោះ លោក ដូណាល់ ត្រាំ ក៏ចេញសារតាម Twitter ដោយបានទស្សទាយពីជ័យជម្នះលោកដូចគ្នា។ «យើងមានលទ្ធផលធំ ប៉ុន្តែពួកគេកំពុងព្យាយាមលួចការបោះឆ្នោត។» នេះជាសំណេររបស់លោក ត្រាំ ។
ខណៈ សន្លឹកឆ្នោតរាប់បាន១២០លានសន្លឹករួចរាល់ លទ្ធផលព្យាករណ៍ បង្ហាញថា លោក បៃឌិន នៅនាំមុខតិចតួចប៉ុណ្ណោះលើបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាមួយចំនួនប្រតិភូ ២២៣ ទល់នឹង២១២។ នេះបើតាមលទ្ធផលរបស់ទីភ្នាក់ងារព័ត៌មានអាមេរិក AP ។ ការទៅប្រកៀកប្រកិតនេះ កើតឡើងក្រោយលោក ត្រាំ ឈ្នះ Texas ដែលមាន៣៨ប្រតិភូ ។
ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania, Wisconsin, Michigan, North Carolina, Nevada, និង Georgia បន្តធ្វើឡើងនៅឡើយ។ លទ្ធផលនៅតាមរដ្ឋទាំងនេះ នឹងកំណត់ថា លោក ត្រាំ បន្តដឹកនាំអាមេរិក ឬលោក បៃឌិន ក្លាយជាប្រធានាធិបតីទី៤៦៕
Tag:
អាមេរិក
ចូ បៃឌិន
ដូណាល់ ត្រាំ
បោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com