COVID-19
ជាតិ
MTI៖ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ផ្ទុក​COVID-19
04, Nov 2020 , 3:07 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijjarto ត្រូវបាន​រាយការណ៍​ថា មាន​ផ្ទុក​COVID-19 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ហុង​គ្រី MTI​។



​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ ចាន់​អូ​ចា ត្រូវ​លុបចោល​។ 
 
​លោក Peter Szijjarto បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ វិច្ឆិកា ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៣ រួមមាន​៖១ កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ,២ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី និង​ចុងក្រោយ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។​
 
​ក្រៅពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងនេះ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែរ ​រួមមាន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ , លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ , លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា​។ ចំណែក​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ក៏បាន​ជួប​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​៕

Tag:
 COVID-19
  ហុង​គ្រី
© រក្សាសិទ្ធិដោយ thmeythmey.com