កីឡាអន្តរជាតិ
អន្តរជាតិ
Maradona វីរបុរសអាហ្សង់ទីន វះកាត់ឈាមក្នុងខួរក្បាលដោយជោគជ័យ
× វីរបុរសអាហ្សង់ទីន Diego Maradona បានទទួលការវះកាត់ឈាមក្នុងខួរក្បាលដោយជោគជ័យ។ នេះបើតាមការអះអាងរបស់គ្រូពេទ្យផ្ទាល់របស់លោក Maradona។
លោក Maradona ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ipensa ក្នុងរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីននៅថ្ងៃទី៣ ខែវិច្ឆិកា បន្ទាប់ពីមានសភាពស្លេកស្លាំង និងខ្វះជាតិទឹក។ ក្រោយមក វីរបុរសដែលជួយអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ ១៩៨៦ នេះ តម្រូវឲ្យចូលបន្ទប់វះកាត់ជាបន្ទាន់។
លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់ Maradona បានអះអាងថា បុរសវ័យ៦០ឆ្នាំនេះបានស៊ូទ្រាំនឹងការវះកាត់រហូតទទួលបានជោគជ័យ។ យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Gimnasia y Esgrima នៃក្របខណ្ឌលីគកំពូលអាហ្សង់ទីនត្រូវស្ថិតក្រោមការសង្កេតនិងមើលថែឲ្យបានដិតដល់។
អតីតខ្សែប្រយុទ្ធក្រុម Napoli រូបនេះ ក៏ធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ កាលពីខែមករាឆ្នាំ ២០១៩ កន្លងមក ដោយសារមានបញ្ហាឈាមហូរក្នុងពោះខុសប្រក្រតី។ បន្ទាប់មកនៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី នៅពេលអបអរជ័យជម្នះអាហ្សង់ទីន ដែលយកឈ្នះនីហ្សេរីយ៉ា ២ទល់១ Maradona ក៏ធ្លាក់ខ្លួនឈឺម្តងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com