ពីនេះ ពីនោះ
«វិជ្ជាជីវៈអាជីព»មានន័យពិតប្រាកដយ៉ាងដូចម្តេច?
× វចនានុក្រមសម្តេចសង្ឃ ជួន ណាត បានពន្យល់ពាក្យនេះដាច់ពីគ្នា។ «វិជ្ជាជីវៈ» មានន័យថា មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត។ ឧទាហរណ៍ វិជ្ជាជីវៈរបស់អ្នករាជការ។ ប្រកបវិជ្ជាជីវៈខាងកសិកម្ម។ល។
«អាជីព» មានន័យថា ដំណើរនៅមានជីវិត ការរស់នៅ ដំណើរធ្វើការរបរចិញ្ចឹមជីវិត។ ឧទាហរណ៍ គាត់មានការលក់ដូរជាអាជីពរបស់គាត់។
ចុះពាក្យពេញដែលគេច្រើននិយាយថា លោកនេះ ឬលោកនោះ ជាអ្នកវិជ្ជាជីវៈអាជីព (Professional) មានន័យដូចម្តេចពិតប្រាកដ?
មានការពន្យល់ និងបកស្រាយផ្សេងៗពីគ្នា។ អ្នកខ្លះ ពន្យល់ពាក្យ«អ្នកវិជ្ជាជីវៈអាជីព»នេះថា គឺជាបុគ្គលដែលមានចំណេះដឹងជំនាញអ្វីមួយពិតប្រាកដ (ឆ្លងកាត់ការសិក្សា បូកផ្សំនឹងការអនុវត្តច្រើនឆ្នាំ)។ ឧទាហរណ៍ ដូចជា អាជីពវេជ្ជបណ្ឌិត មេធាវី ចៅក្រម អ្នកសារព័ត៌មាន។ល។ អ្នកខ្លះទៀត បន្ថែមអត្ថន័យថា ដើម្បីអាចឲ្យគេហៅថា«អ្នកវិជ្ជាជីវៈអាជីព»បាន លុះត្រាតែអ្នកវិជ្ជាជីវៈអាជីពទាំងនោះ មានក្រមសីលធម៌ វិន័យ និងសីលធម៌ប្រកាន់ខ្ជាប់នៅក្នុងខ្លួនបន្ថែមទៀត។
សរុបសេចក្តីមក «អ្នកវិជ្ជាជីវៈអាជីព» ត្រូវមានគុណសម្បត្តិមួយចំនួន ដូចជា ចំណេះដឹង ជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវៈ។ មានតែចំណេះដឹងជំនាញ តែខ្វះក្រមសីលធម៌វិជ្ជាជីវៈ ក៏គេមិនអាចហៅ«អ្នកវិជ្ជាជីវៈអាជីព»បានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com