សម្តេច ហ៊ុន សែន ដាក់ខ្លួននៅដាច់ដោយឡែក ក្រោយជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីដែលមានកូវីដ-១៩
COVID-19
ជាតិ
សម្តេច ហ៊ុន សែន ដាក់ខ្លួននៅដាច់ដោយឡែក ក្រោយជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីដែលមានកូវីដ-១៩
04, Nov 2020 , 7:50 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា នេះ បានអះអាងថា សម្តេច និងសម្តេច ប៊ុន រ៉ានី ដែលជាភរិយា រួមទាំងអង្គរក្ស និងអ្នកបើកបរ សរុប១៨នាក់ តេស្តអវិជ្ជមានកូវីដ-១៩ នាការធ្វើតេស្កលើកដំបូង ហើយសម្តេចបន្តដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ក្រោយទទួលបានព័ត៌មានពីករណីរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ហុងគ្រី មានកូវីដ-១៩ ដែលបានតេស្តឃើញនៅប្រទេសថៃ មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចនៅកម្ពុជា។



អត្ថបទទាក់ទង


«ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ»។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាល។

ដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឱ្យសម្តេចរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ
ក៏មិនអាចជួបបានដែរ។ កត្តានេះ នឹងនាំឲ្យសម្តេចខកខានទៅដង្ហែព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលយាងនិវត្តពីប៉េកាំង និងដង្ហែព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏នឹងខកខានទៅចែកស្រូវពូជ ជូនពលរដ្ឋដែលគ្រោងរៀបចំនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ក៏ដូចជាទៅបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅសៀមរាបផងដែរ។

«សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេច ដោយបញ្ជាក់ថា សម្តេចនៅតែបំពេញការងារពីផ្ទះនាអំឡុងចត្តាឡីស័ក៕



© រក្សាសិទ្ធិដោយ thmeythmey.com