ជាតិ
សេដ្ឋកិច្ច
៩​ខែ កម្ពុជា​នាំ​កង់​ទៅ​ក្រៅប្រទេស​ជាង​១,៧​លាន​គ្រឿង ក្នុង​វិបត្តិ​កូ​វីដ​-១៩
05, Nov 2020 , 6:09 pm        
រូបភាព
រូបតំណាង។
រូបតំណាង។
​ភ្នំពេញ​៖ ៩​ខែ​នេះ កម្ពុជា​នាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរជាតិ បាន​រហូតដល់​ជាង​១,៧​លាន​គ្រឿង ដែល​រក​ចំណូល​ប្រមាណ​៣៨០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​របាយការណ៍​នាំចេញ​កង់​របស់​ក្រសួងពាណិជ្ជកម្ម ។​


​របាយការណ៍​នាំចេញ​កង់​ខាងលើ​ដែល​សារព័ត៌មាន​ថ្មីៗ ទទួលបាន​ពី​លោក ស៊ា​ង ថៃ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០២០  ដោយបាន​បញ្ជាក់ថា កង់​របស់​កម្ពុជា​ដែល​ប្រទេស​អាមេរិក អាល្លឺម៉ង់ និង​អង់គ្លេស​នាំចូល​នេះ គឺ​ស្មើនឹង​ប្រាក់ចំណូល​ជាង​២០០​លាន​ដុល្លារ​នៃ​ការនាំចេញ​កង់​សរុប ក្នុង​រយៈពេល​៩​ខែ​កន្លងមកនេះ​។ ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា កម្ពុជា​បាន​នាំទៅ​អាមេរិក​ជាង​៥៥​ម៉ឺន​គ្រឿង អាល្លឺម៉ង់​ជាង​៣៦​ម៉ឺន​គ្រឿង និង​អង់គ្លេស​ជិត​២៨​ម៉ឺន​គ្រឿង​។​
 
​ក្រៅពី​ទីផ្សារ​ប្រទេស​ធំៗ​ទាំង​៣​ខាងលើ  កម្ពុជា​ក៏បាន​នាំចេញ​កង់​ទៅ​២៣​ប្រទេស​ទៀត​។ ក្នុងនោះ​មាន​ប្រទេស​ប៊ែ​ល​ហ្សិ​ក នាំចូល​កង់​ពី​កម្ពុជា ជាង​១៥០​ម៉ឺន​គ្រឿង​, អូទ្រីស​ជាង​១០​ម៉ឺន​គ្រឿង​, ហូ​ឡង់​ជិត​៩,៥​ម៉ឺន​គ្រឿង​, ស្វី​ស​ជិត​៦,៥​ម៉ឺន​គ្រឿង​, កា​ដា​ណា​ជាង​២,២​ម៉ឺន​គ្រឿង​, ដា​ណឺ​ម៉ាក​ជាង​២​ម៉ឺន​គ្រឿង​, អូស្ត្រាលី មាន​ជាង​១​ម៉ឺន​គ្រឿង​។ រួមទាំង​ប្រទេស​ផ្សេងៗ​ទៀត ដូចជា​៖ បារាំង​, អ៊ីតាលី​, អេ​ស្ប៉ា​ញ​, ម៉ិ​ក​ស៊ិ​ក​, ប៉ូឡូញ​, ប្រេ​ស៊ី​ល​, ចិន​, ជប៉ុន​...​ជាដើម​។ 
 
​សូមជម្រាបថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង ជាទី​តាំង​ផលិត​និង​ដំឡើង​កង់​ធំ​បំផុត​របស់​កម្ពុជា សម្រាប់​នាំចេញ​៕

Tag:
 កង់​
© រក្សាសិទ្ធិដោយ thmeythmey.com