អន្តរជាតិ
នយោបាយអន្តរជាតិ
លោក បៃឌិន ខិតកាន់តែកៀកជ័យជម្នះ តែលោក ត្រាំ ប្រកាសបន្តប្រយុទ្ធដល់ទីបំផុត
× បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន កំពុងខិតកាន់តែកៀកទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយកំពុងនាំមុខគូប្រជែង ដូណាល់ ត្រាំ ទាំងចំនួនប្រតិភូតំណាងអ្នកបោះឆ្នោត ទាំងចំនួនសន្លឹកឆ្នោតដែលកំពុងរាប់នៅរដ្ឋសំខាន់ៗ។ លោក ត្រាំ ដែលកំពុងចាញ់ប្រៀប បានប្រកាសបន្តប្រយុទ្ធដល់ទីបំផុត និងចាប់ផ្ដើមនីតិវិធីច្បាប់ទៅកាន់តុលាការកំពូលដើម្បីជំទាស់លទ្ធផលការបោះឆ្នោត។
គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា) លោក ចូ បៃឌិន មានចំនួនប្រតិភូចំនួន២៦៤នាក់ ដែលនៅសល់តែ៦នាក់ទៀត នឹងគ្រប់ចំនួន២៧០នាក់ដែលគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក។ នេះបើតាមលទ្ធផលដែលផ្សាយទីភ្នាក់ងារព័ត៌មាន AP ។ ចំណែលោក ដូណាល់ ត្រាំ ដែលត្រូវការការពារតំណែងប្រធានាធិបតីរបស់ខ្លួន កំពុងចាញ់ប្រៀប ដោយមានប្រតិភូចំនួន២១៤នាក់ ហើយកំពុងត្រូវលោក បៃឌិន នាំមុខនៅរដ្ឋដែលសន្លឹកឆ្នោត កំពុងត្រូវបានរាប់។
បច្ចុប្បន្ន លោក បៃឌិន នាំមុខនៅរដ្ឋ Pennsylvania (២០ប្រតិភូ), Georgia (១៦ប្រតិភូ) និង Nevada (៦ប្រតិភូ) ហើយសំឡេងរបស់លោក ក៏បន្តកើនឡើង ក្រោយសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ និងបោះមុនកំណត់ ត្រូវបានរាប់ជាបន្តបន្ទាប់។ លោក ត្រាំ នាំមុខនៅរដ្ឋ North Carolina (១៥ប្រតិភូ) និង Alaska (៣ប្រតិភូ) តែសំឡេងឆ្នោតរបស់លោក បៃឌិន កំពុងកើនឡើងទៅកៀកផងដែរ។
លើកលែងរដ្ឋ Alaska ចេញ ចំនួនសន្លឹកឆ្នោតនៅរដ្ឋផ្សេងទៀត ត្រូវបានរាប់សឹងអស់ទៅហើយ។ បើនិន្នាការនេះបន្តទៅមុខ លោក បៃឌិន ប្រាកដឈ្នះចំនួនប្រតិភូលើស២៧០ ហើយក្លាយជាប្រធានាធិបតីជាប់ឆ្នោតមិនខាន។
ខណៈកំពុងតាមពីក្រោយគូប្រកួត លោក ត្រាំ មិនសុខចិត្តឡើយ ហើយប្រកាសបន្តប្រយុទ្ធតាមផ្លូវច្បាប់នឹងអ្វីដែលលោកចាត់ទុកជាការលួចបន្លំ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញដោយសេតវិមាននៅថ្ងៃទី៦ ខែវិច្ឆិកា លោក ត្រាំ បញ្ជាក់ថា៖ «យើងនឹងបន្តដំណើរការនេះ (ការបោះឆ្នោត) តាមនីតិវិធីច្បាប់ទាំងអស់ដើម្បីធានាថា ប្រជាជនអាមេរិកមានទំនុកចិត្តលើរដ្ឋាភិបាលរបស់យើង។ ខ្ញុំមិនបោះបង់ការប្រយុទ្ធដើម្បីអ្នក និងជាតិយើងឡើយ។»
នៅលើ Twitter ឯណោះ លោក ត្រាំ បានប្រាប់ឲ្យលោក បៃឌិន កុំទាន់ប្រកាសជ័យជម្នះ។ លោកសរសេរថា៖ «ចូ បៃឌិន មិនគួរទាមទារឲ្យខុសឆ្គងការិយាល័យប្រធានាធិបតីឡើយ។ ខ្ញុំក៏អាចប្រកាសដូចនេះដែរ។ ដំណើរការច្បាប់កំពុងចាប់ផ្ដើមហើយ៕»
Tag:
អាមេរិក
ដូណាល់ ត្រាំ
ចូ បៃឌិន
បោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com